ក្រុង​វ៉ាស៊ីនតោនៈ កីឡាករ​វាយ​កូន​បាល់​ Lee Duck-hee បាន​ក្លាយ​ជា​កីឡាករ​គ​ថ្លង់​ជា​លើក​ដំបូង​ដែល​បាន​ឈ្នះ​ការ​ប្រកួត​សមាគម​វិជ្ជាជីវៈ​វាយ​កូន​បាល់ (ATP) ពី​ថ្ងៃ​ចន្ទ​ដោយ​បាន​ឈ្នះ​សិត​ជាប់ៗ​​គ្នា​ទៅ​លើ​កីឡាករ​ Henri Laaksonen ក្នុង​ទីក្រុង​ Winston-Salem រដ្ឋ​កាលីហ្វ័រនីញ៉ា​នៅ​សហរដ្ឋ​អាមេរិក​។​​​

កីឡាករ​កូរ៉េ​ខាង​ត្បូង​អាយុ​ ​២១ ​រូប​នេះ ​បាន​និយាយ​ក្រោយ​ពី​ការ​ប្រកួត​ឈ្នះ ២ ​សិត​​​​ ៧-៦ (៧/៤) និង ​៦-១ នេះ​ថា៖ «​មាន​មនុស្ស​​ជា​ច្រើន​បាន​សើច​ចំអក​ចំពោះ​​ពិការភាព​របស់​ខ្ញុំ​ ​ព្រោះ​​មាន​គេ​​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មិន​គួរ​លេង​កីឡា​នេះ​ទេ​​»។​

កីឡាករ​ Lee បាន​និយាយ​ថា៖ «​វា​ពិត​ជា​ពិបាក​មែន​ទែន ​ប៉ុន្តែ​មិត្តភក្តិ ​និង​គ្រួសារ​របស់​ខ្ញុំ​ជំរុញ​​ឲ្យ​ខ្ញុំ​ចូលរួម​ការ​ប្រកួត​​នេះ​ ហើយ​ខ្ញុំ​ចង់​បង្ហាញ​​គ្រប់​គ្នា​ឲ្យ​ឃើញ​ថា ខ្ញុំ​អាច​ធ្វើ​បាន​»។​​​

កីឡាករ​រូប​នេះ​​បាន​បន្ត​ថា៖ «​​ខ្ញុំ​សូម​ផ្ញើសារ​ទៅ​កាន់​មនុស្ស​ទូទៅ​ថា គេ​គួរ​តែ​លើក​ទឹក​ចិត្ត​ចំពោះ​ជន​ដែល​មាន​​ពិការភាព​ព្រោះ​ប្រសិន​បើ​អ្នក​ខិតខំ​ អ្នក​​​នឹង​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់​​»។​​

កីឡាករ​ Lee ដែល​ជាប់​ចំណាត់​ថ្នាក់​ទី ​២១២ ​ក្នុង​ពិភព​លោក​​នោះ ​ពេល​នេះ​​បាន​ជាប់​ចំណាត់​ថ្នាក់​ទី​១៥​ និង​​​បាន​ឈ្នះ​​ពាន​រង្វាន់​ ATP ដ៏​អស្ចារ្យ​បំផុត​របស់​រូប​គេ​ដោយ​​​ជាប់​ចំណាត់​​ថ្នាក់​ទី ​១៣០ ​ក្នុង​ពិភព​លោក​​នៅ​ឆ្នាំ ​២០១៧​។​​

កីឡាករ​រូប​នេះ​បាន​សារភាព​ថា ពិការភាព​​នេះ​​អាច​ធ្វើ​ឲ្យ​រូប​គេ​ជួប​បញ្ហា​​ខក​ចិត្ត​​ខ្លះៗ​នៅ​លើ​ទីលាន​​ប្រកួត ​ព្រោះ​រូប​គាត់​មិន​អាច​ឮ​ការ​ហៅ ​ឬ​ការ​ប្រាប់​ពី​ពិន្ទុ​ដោយ​ពឹង​តែ​លើ​ភាសា​កាយវិការ​តែ​ប៉ុណ្ណោះ​។​

នៅ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ពី​ការ​ប្រកួត​​កាល​ពី​ថ្ងៃ​ចន្ទ​នោះ​ គូដណ្ដឹង​របស់​គេ​បាន​ចូល​ទៅ​ក្នុង​ទីលាន ​ដើម្បី​ជួយ​បក​ប្រែ​ភាសា​កូរ៉េ​។​

វា​ជា​ការ​បញ្ចប់​នៃ​ការ​ប្រកួត​ពេញ​មួយ​ថ្ងៃ​សម្រាប់​កីឡាករ Lee ដោយ​​ទទួល​បាន ​២ ​ពិន្ទុ ​ពី​ជ័យ​ជម្នះ​នេះ​នៅ​ពេល​​ព្យុះ​ភ្លៀង​បាន​បក់​បោក​ឆ្លង​កាត់​កន្លែង​ប្រកួត​នោះ​។​​

នៅ​ពេល​រូប​គេ​និង​កីឡាករ​ស្វ៊ីស​ Laaksonen បាន​ត្រឡប់​ទៅ​ប្រកួត​វិញ​ក្រោយ​ពី​ផ្អាក​ការ​ប្រកួត​ប្រហែល ​៥ ​ម៉ោង ​ហើយ​កីឡាករ​រូប​នេះ​បាន​ទទួល​ជ័យ​ជម្នះ​ដែល​រូប​គេ​មិន​រំពឹង​ថា​នឹង​ទទួល​បាន​បែប​នេះ​​ទាល់​តែ​សោះ​​។​​

កីឡាករ Lee ដែល​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​ Challenger Tour ក្នុង​ក្របខ័ណ្ឌ​ ATP ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជិត ​៣ ​ឆ្នាំ​​​នេះ ​បាន​និយាយ​ថា៖ «​ខ្ញុំ​បាន​គិត​ថា ខ្ញុំ​ត្រូវ​តែ​លេង​ឲ្យ​បាន​ល្អ​បំផុត​ និង​ព្យាយាម​ផ្ដោត​លើ​ការ​ប្រកួត​នេះ ហើយ​ទី​បំផុត​​​ខ្ញុំ​បាន​ឈ្នះ​ការ​ប្រកួត​នេះ​មែន​»។​​

កីឡាករ​ Lee នឹង​ត្រូវ​ជួប​កីឡាករ​ប៉ូឡូញ​ជាប់​ចំណាត់​ថ្នាក់​ទី​៣​ Hubert Hurkacz ដែល​ជាប់​ចំណាត់​ថ្នាក់​ទី​៤០ ​ក្នុង​ពិភព​លោក​នៅ​ជុំ​ទី​២​។​​

កីឡាករ​គ​ថ្លង់​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​ខ្ញុំ​នឹង​ទៅ​ចូលរួម​ការ​ប្រកួត​ជាមួយ​ទម្រង់​លេង​ដដែល​នេះ​​ ហើយ​ខ្ញុំ​នឹង​ខំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​​ដើម្បី​បង្ហាញ​ឲ្យ​គេ​ឃើញ​អ្វី​នឹង​កើត​ឡើង​»៕ AFP/SN​