ក្រុងបាងកក: កីឡាករលំដាប់ទី៥ Anthony Ginting របស់ឥណ្ឌូនេស៊ី បានរងបរាជ័យដ៏មិននឹកស្មានដល់ ក្នុងការប្រកួតវាយសីកម្មវិធី Thailand Open នៅថ្ងៃព្រហស្បតិ៍ ដោយសារកីឡាករ Lee Cheuk-yiu របស់ហុងកុង ដែលបានឡើងទៅវគ្គ ៨ នាក់ចុងក្រោយ នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងជ័យជម្នះ ក្នុងលទ្ធផល ២ សិត ១ គឺ ២១-១៩, ១៣-២១ និង ២១-១២។
កីឡាករ Ginting គឺអត្តពលិកចុងក្រោយ ដែលជាក្ដីសង្ឃឹមរបស់ឥណ្ឌូនេស៊ី ក្រោយពីការធ្លាក់របស់ Jonatan Christie កាលពីថ្ងៃពុធម្សិលមិញ តែបើទោះជាអាចវាយបកយកឈ្នះនៅសិតទី ២ ក៏ដោយ ក៏កីឡាករវ័យ ២៤ ឆ្នាំ មិនអាចទម្លាក់គូបដិបក្ខ Lee ដែលមានចំណាត់ថ្នាក់ទី ២០ របស់ពិភលោក ឱ្យចេញពីកម្មវិធីនេះបានឡើយ។
ក្រោយការប្រកួតបញ្ចប់ទៅ Ginting បាននិយាយថា៖ «គេលេងបានល្អជាងខ្ញុំ។ នៅពេលខ្ញុំព្យាយាមវាយបកវិញ Lee ដឹងច្បាស់ណាស់។ គេឆ្លាត និងគ្រប់គ្រងស្ថានការណ៍បានល្អ»។
វាជាការចាញ់លើកទី២ របស់ Ginting ក្រោមថ្វីដៃរបស់ Lee ដែលបានផ្ដល់ភាពឈឺចាប់ឱ្យកីឡាករឥណ្ឌូនេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធី Hong Kong Open 2019។
កីឡាករ Lee បាននិយាយ បន្ទាប់ពីមានជ័យជម្នះនេះថា៖ «ខ្ញុំបានឈ្នះគាត់ ក្នុងកម្មវិធី Hong Kong Open នៅវគ្គផ្ដាច់ព្រ័ត្រ ដូច្នេះប្រហែលជាខ្ញុំមានប្រៀបជាងគេតិចតួច»។
ចំណែកគូប្រកួតរបស់ Lee នៅវគ្គបន្ទាប់ គឺកីឡាករ Viktor Axelsen របស់ដាណឺម៉ាក ដែលបានបន្តដំណើរទៅមុខរឿយៗ ដើម្បីឈ្នះពានបន្តបន្ទាប់គ្នា ជាមួយនឹងការមានជ័យជម្នះមិនឱ្យដៃលើកីឡាកររបស់ម្ចាស់ផ្ទះ Kunlavut Vitidsarn ក្នុងលទ្ធផល ២១-១១ និង ២១-១៣។
Thailand Open ជាកម្មវិធី ១ ក្នុងចំណោមព្រឹត្តិការណ៍ ៣ ដែលត្រូវរៀបចំ នៅក្រុងបាងកក បន្តបន្ទាប់គ្នា។ ការប្រកួតកម្មវិធីចុងក្រោយសម្រាប់កីឡាវាយសី នៅរាជធានីនៃប្រទេសថៃនេះ គឺ World Tour Finals៕ AFP/VN