ក្រុង​ឡេសេស្ទ័រ​: ក្រុម Leicester City បាន​រំកិល​ឡើង​ទៅ​ឈរ​ទី​កំពូល​នៃ​តារាង​ពិន្ទុ​ក្រប​ខ័ណ្ឌ Premier League អង់គ្លេស ជាមួយ​នឹង​ការ​ផ្ដល់​ភាព​បរាជ័យ​មួយ​ទៀត​ដល់​ក្រុម​តោ​ខៀវ Chelsea ដោយការយក​​ឈ្នះ ២-០ កាល​ពី​យប់​ថ្ងៃ​អង្គារ ដែល​លទ្ធផល​នោះ​ បាន​ធ្វើ​ឱ្យលោក Frank Lampard ហត់​នឿយ​កាន់​តែ​ខ្លាំងឡើង​ៗ ក្នុង​ការ​រក្សា​តំណែង​របស់​ខ្លួន នៅ​ទឹក​ដី Stamford Bridge​។

ក្រុម​តោ​ខៀវពេល​នេះ មាន​ជ័យ​ជម្នះ​តែ​ ២​ ដង​ប៉ុណ្ណោះ ក្នុង​ចំណោម​ការ​ប្រកួត ៨ ​លើក​ចុង​ក្រោយនៅ​លីគ ហើយ​បាន​ធ្លាក់​ទៅ​ដល់​លេខ ៨ ដោយ​តាម​ពី​ក្រោយ​ក្រុម​នៅ​កំពូល​តារាង​ ៩​ ពិន្ទុ។ ក្រុម Chelsea រំពឹង​អាចកា្លយ​ជា​ក្រុម​ប្រជែងពានបាន ក្រោយ​ចំណាយ​ទឹក​ប្រាក់ ២០០ ​លាន​ផោន ($៣០០ លាន) ដើម្បី​ពង្រឹង​ក្រុម​ កាល​ពី​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​លើក​ទី១ នា​រដូវក្ដៅ​​កន្លង​ទៅ​។​​​

តែ​ជា​ក្រុម​ Leicester ដែល​កំពុង​លេច​​ស្ទុង​ៗ​ ក្នុង​បង្កើត​វីរបុរស​របស់​ខ្លួន​ឡើង​វិញ ដូ​ច​រដូវ​កាល ២០១៥-២០៦ ពេល​ពួកគេ​បាន​ធ្វើ​ឱ្យ​ពិភពបាល់​ទាត់​ស្រឡាំង​កាំង​ ដោយ​កា​រឈ្នះ​ពាន​​​ Premier League ខណៈ​គ្រាប់​បាល់​របស់​ Wilfried Ndidi និង James Maddison ម្នាក់ ១ គ្រាប់ នៅ​វគ្គ​ទី១ បាន​បង្ហាញ​ថា ពួកគេសមនឹង​ទទួល​បាន​ជ័យ​ជម្នះ​ពិត​មែន​។

ខ្សែ​បម្រើ Maddison បាន​និយាយ​ ក្រោយ​អាច​ជួយ​ក្រុម​ឱ្យ​ឈ្នះ​ថា​៖ «​វា​ជា​សញ្ញា​ល្អ ដែល​បាន​ឈរ​នៅ​ទី​កំពូល Premier League​។ វា​ជា​រឿង​ល្អ​មួយ​ផ្នែក​ផ្លូវ​អារម្មណ៍ ព្រោះ​ពួក​យើង​ពិត​ជា​ប្រឹង​ប្រែង​ខ្លាំង​ណាស់​។ វា​ជា​ការ​ទទួល​បាន​សមិទ្ធ​ផល​ដ៏​អស្ចារ្យ​ នាពាក់​កណ្ដាល​ផ្លូវ​នៃ​រដូវកាល​»។

ក្រុម​គូ​ប្រជែង​​ក្នុង​ក្រុង​តែ ១ Manchester City និង Manchester United មាន​ឱកាសទៅ​នៅ​ពី​លើ​ក្រុម​​ Leicester ប្រសិន​បើ​ពួក​គេ​អាច​យក​បាន ៣ ​ពិន្ទុ​ ពី​ការ​ប្រកួត​នៅ​យប់​ថ្ងៃ​ពុធ​។

តែ​ការ​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​ជាលើក​ទី២ ក្នុង​រយៈ​ពេល ៥ ​ឆ្នាំ នឹង​មិន​សូវ​មាន​ការ​ភ្ញាក់​ផ្អើលប៉ុន្មាន​ទេ បើ​ទោះ​មាន​គម្លាតផ្នែក​​ហិរញ្ញ​វត្ថុរវាង​ក្រុម Leicester និង​ក្រុម​នៅ​ទី​កំពូល​ទាំង​ ៦ នៃ​ក្រប​ខ័ណ្ឌ​ទី១ នេះ​ក៏​ដោយ​ ខណៈពួក​គេ​ បាន​ធ្វើ​ឱ្យ​ខ្លួន​ឯង​កា្លយ​ជា​កម្លាំង​មួយ ដែល​មិន​អាច​មើល​រំលង តាំង​ពី​លោក​ Brendan Rodgers ចូល​មក​ដឹក​នាំ​ កាល​ពី​ជិត ២​ ឆ្នាំ​កន្លង​ទៅ​។

ពាក់​ព័ន្ធ​នឹង​រឿង​នេះ Maddison បាន​បន្ត​ថា​៖ «អាច​​មាន​ក្រុម​ជា​ច្រើន ដែល​មាន​លទ្ធភាព​ចំណាយ​ប្រាក់​សន្ធឹក​សន្ធាប់​ជាង​ពួក​យើង ហើយ​នាំ​យក​កីឡាករ​បរទេស​ប្រកប​ដោយ​គុណ​ភាព​មក​រួម​ក្រុម និង​ផ្ដល់​ប្រាក់​ខែ​ខ្ពស់​ តែ​ឆន្ទៈ និង​សាមគ្គីភាព​ជា​ក្រុម​ នឹង​ធ្វើ​ឱ្យ​ពួក​យើង​ឡើង​កាន់​តែ​ខ្ពស់​»​។​​​

ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​វ័យ ២៤ ​ឆ្នាំ បន្ថែម​ថា​៖ «​យើង​មិន​អាច​ឡើង​ទី​ខ្ពស់ ដោយ​ចៃ​ដន្យ​នោះ​ឡើយ​។ យើង​មក​ដល់​ចំណុច​នេះ ដោយសារ​ពួក​យើង​ប្រឹង​ប្រែង​ខ្លាំង​ណាស់​។ មនុស្ស​ជាច្រើន​ ទំនង​នាំ​គ្នា​និយាយ​ពី​ Man United, Liverpool, Tottenham Hotspur ឬ​អ្វី​ក៏​ដោយ ឱ្យ​ពួក​គេ​និយាយ​ចុះ​។ យើង​នឹង​ធ្វើ​តែ​ការងាររបស់​យើង​ដោយ​មិន​ចេញ​មុខ​ ហើយ​សង្ឃឹម​ថា ដំណាច់​រដូវកាល យើង​នឹង​មាន​ឱកាស​នៅ​ទី​កំពូល​»​។​

ជាមួយ​គ្នា​នេះ លោក​ Rodgers ត្រូវ​បាន​រាយ​ការ​ណ៍​ថា គឺ​ជា​ម្នាក់​ក្នុង​ចំណោម​គោល​ដៅ ​នា​ពេល​ខាង​មុខ​របស់​ក្រុម Chelsea ដែល​ត្រូវ​យក​មក​ធ្វើ​តួនាទីជា​គ្រូ​បង្វឹក​ បើ​លោក​ Lampard ត្រូវ​បញ្ចប់​តំណែង ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​៕ AFP/VN