ក្រុង​ឡុងដ៍៖ ក្រុម Leicester City ហក់​ឡើង​ទៅ​លំដាប់​ទី២ ក្នុង​តារាង​ក្របខ័ណ្ឌ Premier League ដោយ​ការ​យក​ឈ្នះ​យ៉ាង​ត្រចះត្រចង់​លើ​ក្រុម​ម្ចាស់​ផ្ទះ Leeds United ៤-១ ខណៈ​ Fulham ទី​បំផុត​រក​ឃើញ​ជ័យ​ជម្នះ​លើក​ដំបូង​នៃ​រដូវ​កាល ក្រោយ​ឈ្នះ​ West Bromwich Albion ២-០ នៅ​ផ្ទះ​ខ្លួន​ឯង​កាល​ពី​ថ្ងៃ​ចន្ទ​។

ក្រុម​ Leicester របស់​លោក Brendan Rodgers ឥឡូវ​នេះ តាម​ក្រុម​លេខ ១ Liverpool តែ ១ ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់​ពី​ឈ្នះ ៥ ​ដង ក្នុង​ចំណោម ៧ ប្រកួត​នៃ​រដូវកាល​របស់​​ក្របខ័ណ្ឌ​កំពូល ដែល​នេះ​ជា​ការ​ទទួល​បាន​​លទ្ធផល​បែប​ហ្នឹង​លើក​ដំបូង ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ​។​​

ខ្សែ​បម្រើ ២ រូប​ គឺ Harvey Barnes និង Youri Tielemans ​ជួយ​ឱ្យ​ក្រុម​ភ្ញៀវ​នាំ​មុខ ២-០ មុន នៅ​វគ្គ​ទី១ សម្រាប់​ការ​ប្រកួត​នៅ​ឯ​កីឡដ្ឋាន Elland Road តែ Stuart Dallas កាត់​បន្ថយ​មក​ត្រឹម ១ គ្រាប់ មុន​នឹង​​ Jamie Vardy ធ្វើ​បាន​សម្រេច​គ្រាប់​ទី ៨ ​រដូវកាល​នេះ ឱ្យ​ក្រុម​នាំ​មុខ ២ គ្រាប់​វិញ។

ក្នុង​ម៉ោង​បន្ថែម​បង្គ្រប់ ពោល​គឺ​នាទីទី​៩០+១​​ Tielemans ដដែល មាន​ឱកាស​ស៊ុត​បាល់​ប៉េណាល់ទី​ ហើយ​ធ្វើ​បាន​សម្រេច​គ្រាប់​ទី​២ របស់​ខ្លួន ក្នុង​ប្រកួត​នេះ ក៏​ដូច​ជា​គ្រាប់​ជ័យ​ជម្នះ​ចុង​ក្រោយ​សម្រាប់​ក្រុម​ផង​ដែរ។

ក្រោយ​ពី​ខក​ចិត្ត​ចំពោះ​ការ​បាត់​កៅអី​សម្រាប់​ទៅ​លេង​នៅ Champions League រដូវកាល​​មុន ពេល​នេះ Leicester បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ពួក​គេ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រជែង​តំណែង​ក្រុម​កំពូល​ទាំង ៤ (Top4) ហើយ​បើ​ទោះ​បី​មើល​ទៅ​ជា​រឿង​ដែល​ពិបាក​នឹង​ទៅ​រួច​ តែ​ពួក​គេ​បាន​បំបាក់​ក្រុម​ខ្លាំង​ដូច Manchester City រួច​ហើយ ៥-២។​

គ្រូ​បង្វឹក​លោក Rodgers សរសើរ​ក្រុម​​ថា​៖ «​យើង​មាន​បច្ចេកទេស​លេង​ល្អ​មែន​ទែន​។ យើង​លេង​​ដោយ​គុណភាព ពេល​​មាន​ឱកាស​​ម្ដង​ៗ​។ ខ្ញុំ​គិត​ថា យើង​ធ្វើ​បាន​យ៉ាង​ល្អ​អស្ចារ្យ សម្រាប់​ក្រុម​ទាំង​មូល​តែ​ម្ដង​។ ក្រុម​នេះ មាន​ភាព​ប៉ិនប្រសប់​មិន​គួរ​ឱ្យ​ជឿ ដោយ​មាន​កីឡាករ​វ័យ​ក្មេង​ជា​ច្រើន ដែល​ពោរ​ពេញ​ដោយ​មហិច្ឆតា។ វា​ទើប​តែ​ដើម​រដូវ​ទេ ហើយ​ការ​ប្រកួត​ នៅ​វែង​ឆ្ងាយ​ទៀត តែ​យើង​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​»​។

ចំណែក​គ្រូ​បង្វឹក​ក្រុម Leeds លោក Marcelo Bielsa បាន និយាយ​​​ថា​៖ «​នៅ ៣០ ​នាទី​ដំបូង យើង​ការពារ​មិន​បាន​ល្អ​ហើយ​យើង​មិន​បាន​បង្ក​ភាព​គ្រោះ​ថ្នាក់​គ្រប់គ្រាន់​ចំពោះ​គូ​បដិបក្ខ​។ នោះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​មួយ ​របស់​គ្រូ​បង្វឹក​»​។​

សម្រាប់​ការ​ប្រកួត ១ គូ​ទៀត នៅ​ឯ​កីឡដ្ឋាន Craven Cottage ឯ​ណោះ​វិញ ក្រុម​ម្ចាស់​ផ្ទះ Fulham គេច​ផុត​ពី​ការ​ចាប់​ផ្ដើម​ដ៏​អាក្រក់​របស់​ខ្លួន​នៃ​រដូវកាល​មួយ​តាំង​ពី​ឆ្នាំ ​១៩៥១ មក ក្រោយ​អាច​ដណ្ដើម​បាន ៣ ពិន្ទុ​ពី​ក្រុម West Brom ដែល​លទ្ធផល​នេះ បាន​មក​ដោយសារ​គ្រាប់​បាល់​ម្នាក់ ១ គ្រាប់​​របស់​​កីឡាករ Bobby Decordova-Reid និង Ola Aina នៅ​វគ្គ​ទី​១​។

ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Scott Parker ល្មម​​បញ្ចប់​ការ​ប្រកួត ៦ ​លើក ដោយ​អត់​ឈ្នះ​សោះ​បាន​ហើយ ពោល​គឺ​ការ​អូស​បន្លាយ​ពេល​វេលាដ៏​ខ្មៅ​ងងឹត​ ក្នុង​នោះ​រួម​ទាំង​បរាជ័យ​ ៥ ​ដង​របស់​ខ្លួន​តាំង​ពី​បាន​ឡើង​ពី​លីគ​លំដាប់​ទី២ Championship រដូវកាល​មុន​។

ក្រុម Fulham ចាញ់​រហូត​ក្នុង​ចំណោម ៣ ប្រកួត​មុន​នេះ នៅ​ផ្ទះ​ខ្លួន​ឯង​តែ​ជ័យជម្នះ​លើក​ទី១ ​ជួយ​ឱ្យ​ក្រុម​នៅ​ភាគ​ខាង​ជើង​នៃ​ក្រុង​ឡុងដ៍​ ឡើង​ផុត​ពី​តំបន់​គ្រោះ​ថ្នាក់​ ដោយ​​ទម្លាក់​ West Brom មក​ជំនួស​វិញ​។

លោក Parker បាន​និយាយ​ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ​ថា​៖ «​យើង​ដឹង​ថា ប្រកួត​នេះ មាន​សារៈសំខាន់​យ៉ាង​ដូច​ម្ដេច​។ ខ្ញុំ​រីករាយ ដែល​យើង​ទទួល​បាន​លទ្ធផល​នេះ​។ យើង​លេង​បាន​ល្អ​ណាស់​។ បរាជ័យ​អាច​នឹង​កើត​មាន តែ​វា​មិន​អាច​ជាន់​ពន្លិច​ពួក​យើង​បាន​ឡើយ ហើយ​ការ​មាន​ជោគជ័យ បង្កើន​ទំនុក​ចិត្ត​​ដល់​ពួក​យើង​»​៕ AFP/VN