ក្រុង​ប៉ារីសៈ នាយក​កីឡា​នៅ​ក្លិប​ Paris Saint-Germain (PSG) លោក Leonardo បាន រិះគន់​លោក​ Zinedine ​Zidane ​ចំពោះ​ការ​រំខាន​ពី​គ្រូ​បង្វឹក​ក្លិប​ Real Madrid​ រូប​នេះ​ ដែល​និយាយ​អំពី​ការ​ចង់​បាន​កីឡាករ​ Kylian ​Mbappe​។

​កីឡាករ​ Mbappe ​អាយុ ​២០ ​ឆ្នាំ​ ត្រូវ​បាន​គេ​ចរ​ចា​​ជា​ប្រចាំ​ដោយ​ចង់​ឲ្យ​រូប​គេ​ចាក​ចេញ​ពី​ក្លិប​ PSG​ជា​ទី​ដែល​រូប​គាត់​បាន​ល្បី​ឈ្មោះ​តាំង​ពី​បាន​មក​ដល់​​នៅ​ឆ្នាំ​ ២០១៧​។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ​គឺ​ជា​គោល​ដៅ​ចង់​បាន​របស់​​ក្លិប​ Real Madrid ហើយ​លោក Zidane បាន​និយាយ​ពី​ថ្ងៃ​អង្គារ​ថា​ វា​ជា​ក្តី​សុបិន្ត​របស់​កីឡាករ​ Mbappe ​ក្នុង​ការ​លេង​នៅ​ក្លិប​ដ៏​ធំ​មួយ​នៅ​ក្រប​ខ័ណ្ឌ LaLiga ​ប្រទេស​ អេស្ប៉ាញ​។​

លោក Leonardo បាន​រិះ​គន់​លោក Zidane ក្រោយ​ពី​ក្រុម PSG បាន​ឈ្នះ​​ក្រុម Club Brugge ១-០ ក្នុង​ក្រប​ខ័ណ្ឌ​ Champions League កាល​ពី​ថ្ងៃ​ពុធ​ដោយ​និយាយ​ថា តារា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​គួរ​តែ​ត្រូវ​បាន​បំភ្លេច​ចោល​។​​

នាយក​កីឡា​រូប​នេះ​បាន​និយាយ​ថា៖ «​វាជា​ការ​រំខាន​បន្តិច​ ហើយ​ម្យ៉ាង​ទៀត​​នេះ​មិន​មែន​ជា​ពេល​វេលា​ដែល​ត្រូវ​​និយាយ​ពី​រឿង​នេះ​ទេ​។​ គាត់​នៅ​ជាប់​កុង​ត្រា​រយៈ​ពេល​ ២ ​ឆ្នាំ​កន្លះ​ ជា​មួយ​យើង​។​ វា​ដល់​ពេល​ដែល​ត្រូវ​ឈប់​ជជែក​ពី​​អ្វីៗ​ទាំង​អស់​នេះ​ហើយ​»​។

លោក​ Leonardo​ បាន​ចោទ​ប្រកាន់​គូប្រជែង​របស់​ក្លិប​ PSG មួយ​នេះ​ថា​មាន​ការ​ច្រណែន​ ហើយ​គាត់​បាន​អំពាវ​នាវ​ឱ្យ​បញ្ចប់​ក្ដី​​រំពឹង​ទុក​ជុំវិញ​អនា​គត​របស់​កីឡាករ​ Mbappe ។

កីឡាករ​ Mbappe រក​បាន​គ្រាប់​បាល់​៩​គ្រាប់​ក្នុង​១១​ប្រកួត​នៅ​ក្នុង​រដូវ​កាល​នេះ​ និង​​ជាប់​កុង​ត្រា​នៅ​ទី​ក្រុង​ប៉ារីស​រហូត​ដល់​ឆ្នាំ​២០២២​។

ជ័យ​ជម្នះ​របស់​ក្លិប PSG ទៅ​លើក្លិប​ Club Brugge នេះ​គឺ​ជា​ជ័យ​ជម្នះ​លើក​ទី​ ៤​​ និង​បាន​ធ្វើ​ឲ្យ​ពួក​គេ​កៅ​អី​សម្រាប់​វគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ​ នៃ​ក្រប​ខ័ណ្ឌ Champions League ផង​ដែរ​៕ AFP/SN ​