ក្រុង​ប៊ែរឡាំង៖ Robert Lewandowski ស៊ុត​បញ្ចូល​ទី​សរុប​បាន ១០ គ្រាប់​ហើយ នៅ​ក្របខ័ណ្ឌ​ Bundesliga ក្នុង​ចំណោម​ ៥ ​ប្រកួត​ដំបូង​នៅ​រដូវកាល​នេះ ជាមួយ​នឹង​ការ​ធ្វើ​បាន​ហ៊ែតទ្រីក (ស៊ុត​បាន ៣ គ្រាប់) នៅ​ពេល​ក្រុម​ Bayern Munich បំបាក់ ក្រុម Eintracht Frankfurt ៥-០ កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​​លទ្ធផល​នេះ ហាក់​ដូច​​បញ្ជូន​សារ​គំរាម​ដល់​គូ​ប្រជែង​របស់​ក្រុម​ជើងឯក​អឺរ៉ុប ដែល​ត្រូវ​ប៉ះ​គ្នា​នា​ពេល​បន្ទាប់​។​​​​​

កីឡាករ​ Lewandowski បាន​ប្រាប់​ទូរទស្សន៍​ Sky ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​បន្ត​ទម្រង់​ដ៏​ល្អ​នេះ បាន​រយៈពេល​យូរ​​ទៅ​មុខ​ទៀត​ ពោល​គឺ​យើង​គ្មាន​បញ្ហា​អ្វី​ទាំង​អស់ មិន​ថា​ជួប​ជាមួយ​ក្រុម​ណា​ក៏​ដោយ​។ យើង​រមែង​ចង់​បង្ហាញ​ការ​លេង​បាល់​ដ៏​ល្អ​បំផុត​របស់​យើង ហើយ​យើង​តែង​តែ​ចង់​មាន​ជ័យជម្នះ​ជានិច្ច​»​។

ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​ប៉ូឡូញ ទម្លុះ​សំណាញ់​បាន ៩ គ្រាប់ សម្រាប់​ការ​ចូល​លេង ៣ ​ប្រកួត​​ចុង​ក្រោយ​របស់​ខ្លួន ហើយ​ធ្វើ​បាន ៣ គ្រាប់​ទៀត​ រង្វង់​រយៈពេល ១ ម៉ោង ក្នុង​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Allianz Arena​។

ក្រុម​ការពារ​តំណែង​ជើងឯក Bayern ស៊ុត​បញ្ចូល​ទី​ក្រុម​គូ​ប្រជែង​សរុប ២២ ​គ្រាប់ ពោល​គឺ​ច្រើន​ជាង​ក្រុម​លេខ ១ RB Leipzig ដែល​នៅ​ឈរ​ទី​កំពូល​តារាង​លីគ​កំពូល​អាល្លឺម៉ង់​ដដែល ក្រោយ​ឈ្នះក្រុម Hertha Berlin ដែល​សល់​គ្នា ១០ ​នាក់ ២-១​។

គិត​ត្រឹម​សប្ដាហ៍​ទី​៥ នេះ ក្រុម Bayern តាម​ពី​ក្រោយ​ក្រុម​លេខ ១ ចំនួន ១ ពិន្ទុ ដោយ​មាន ១២ ពិន្ទុ ស្មើ​ក្រុម​លេខ ៣ Borussia Dortmund ដែល​ធ្វើ​ការ​ប្រកួត​បន្ទាប់ ហើយ​ឈ្នះ​​ក្រុម​ដែល​កំពុង​យ៉ាប់យ៊ឺន Schalke 04 ៣-០។

តែ​យ៉ាង​ណា​ អម​ជាមួយ​នឹង​ភាព​​រីករាយ​នៃ​ជ័យ​ជម្នះ​នេះ ក្រុម Bayern ក៏​មាន​ដំណឹង​អាក្រក់​ដូច​គ្នា​ដែរ នោះ​គឺ​​ខ្សែ​ការពារ​ឆ្វេង​ដ៏​រឹងមាំ​របស់​ក្រុម ​កីឡាករ​សញ្ជាតិ​កាណាដា​ Alphonso Davies ត្រូវ​សម្រាក​ព្យាបាល​រហូត​ដល់​ទៅ ៨ ​សប្ដាហ៍ ដោយសារ​របួស​ក​ជើង​ធ្ងន់ធ្ងរ​៕ AFP/VN