ក្រុង​ព័រទីម៉ៅ៖ Lewis Hamilton បាន​បង្កើត​នូវ​ស្ថិតិ​ថ្មី​សម្រាប់​កីឡា​ប្រណាំង​រថយន្ត​អាជីព Formula One (F1) កាល​ពី​ថ្ងៃ​អាទិត្យ ពេល​រូប​គេ​ដណ្ដើម​បាន​ជ័យជម្នះ​ជា​លើក​ទី ៩២ នៅ​ឯ​កម្មវិធី Portuguese Grand Prix ដើម្បី​វ៉ា​ដាច់​​អតីត​អ្នក​ប្រណាំង​ដ៏​ឆ្នើម Michael Schumacher ក្នុង​បញ្ជី​កំណត់ត្រា​របស់​កីឡា​នេះ​។

ជ័យជម្នះ​នេះ​​ធ្វើ​ឱ្យ​អត្តពលិក​សញ្ជាតិ​អង់គ្លេស​​មាន​ចំនួន ១ ដង​លើស​កំណត់ត្រា​រយៈពេល ១៤ ​ឆ្នាំ ​របស់ Schumacher ដែល​ធ្លាប់​ទៅ​ឈរ​លើ​វេទិកា​អ្នក​លេខ ១ រហូត​ដល់​ទៅ ៩១ ​លើក ក្រោយ​ពី​ធ្វើ​​ការ​ប្រណាំង​ F1 ដែល​ពោរ​ពេញ​ដោយ​ការ​​ច្រាសច្រាល់​លើក​ដំបូង នៅ​ឯ​ទីលាន Algarve International Circuit នា​ប្រទេស​ព័រទុយហ្គាល់​​​។​

ក្រោយ​ឱប​គ្នា​យ៉ាង​យូរ​ជាមួយ​ឪពុក​របស់​ខ្លួន Anthony ដោយ​មាន​​ម្ដាយ​ចុង Linda ​នៅ​ក្បែរ​ដែល​បាន​មក​ធ្វើ​​សាក្សី​នូវ​ការ​សម្រេច​សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ ​ Hamilton បាន​និយាយ​លើក​តម្កើង​ក្រុម​ Mercedes របស់​ខ្លួន​ដោយ​បរិយាយ​យ៉ាង​ច្រើន​ មុន​នឹង​ឡើង​ទៅ​ឈរ​លើ​វេទិកា​ជយលាភី​ជាមួយ​មិត្ត​រួម​ក្រុម​ Valtteri Bottas​។

Hamilton ​និយាយ​ថា​៖ «​ខ្ញុំ​ជំពាក់​ក្រុម​នេះ និង​មនុស្ស​នៅ​ក្នុង​ក្រុម​នេះ​ច្រើន​ណាស់​។ សម្រាប់​លទ្ធផល​ការងារ​ដ៏​អស្ចារ្យ​​របស់​ពួក​គេ គឺ​ពួក​គេតែង​តែ​ជម្នះ​ឧបសគ្គ​ធំៗ​បាន​ជា​និច្ច​។ ​ពិត​ជា​កិត្តិយស​ណាស់ ដែល​បាន​ធ្វើ​ការ​ជាមួយ​ពួក​គេ​​ ព្រោះ​ថា​ការ​រួម​ការងារ​ជាមួយ​ពួក​គេ គឺ​កម្លាំង​​ជំរុញ​​ចិត្ត​ដ៏​ប្រសើរ​បំផុត​»​។

សម្រាប់​ការ​ប្រណាំង​ដែល​មាន​ទាំង​អស់ ៦៦ ជុំ​នេះ ម្ចាស់​ជើងឯក​ពិភព​លោក ៦ សម័យ​កាល Hamilton បាន​ទៅ​ដល់​ទី​ព្រ័ត្រ​មុន​កីឡាករ​ផ្សេងៗ​ជាមួយ​នឹង​ថិរវេលា ១:២៩:៥៦.៨២៨ ម៉ោង ពោល​គឺ​មុន​​មិត្ត​រួម​ក្រុម Bottas ចំនួន ២៥.៥៩២ វិនាទី និង​មុន​កីឡាករ​ Max Verstappen របស់​ក្រុម​គូ​ប្រជែង Red Bull ចំនួន ៣៤.៥០៨ វិនាទី​។

ក្រោយ​បញ្ចប់​ដំណាក់​កាល​ទី​១២ ក្នុង​ចំណោម​ការ​ប្រណាំង​ទាំង ១៧ លើក ​ប្រចាំ​រដូវកាល​នេះ Hamilton វ័យ ៣៥ ឆ្នាំ មាន​ពិន្ទុ​សរុប ២៥៦ ពិន្ទុ ឈរ​លើ​គេ​ក្នុង​តារាង ខណៈ​អ្នក​លេខ ២ Bottas មាន ១៧៩ ​ពិន្ទុ​ ហើយ​អ្នក​ឈរ​ទី ៣ Verstappen មាន ១៦២ ​ពិន្ទុ​។

បើ Hamilton ​ជា​ជើងឯក​ពិភព​លោក រដូវកាល​នេះ នោះ​រូប​គេ​នឹង​ស្មើ​​កំណត់ត្រា​ចំនួន ៧ ​ដង របស់ Schumacher មួយ​ទៀត ខណៈ​ជ័យជម្នះ​នេះ​បាន​បន្ថែម​តួលេខ​ក្នុង​បញ្ចី​កំណត់ត្រា​ដែល​មិន​ធ្លាប់​មាន​របស់​គេ ដោយ​គិត​ទាំង​ពេល​នេះ ដណ្ដើម​ទីតាំង​ជួរ​មុខ​ពេល​ចាប់​ផ្ដើម​បាន​ចំនួន ៩៧ លើក បញ្ចប់​ការ​ប្រណាំង​ដោយ​ការ​ឈរ​លើ​វេទិកា​ជយលាភី ១៦១ ដង និង​បញ្ចប់​ការ​ប្រណាំង​ដោយ​មាន​ពិន្ទុ​ ៤៥​ ទីលាន​បន្ត​បន្ទាប់​គ្នា​៕ AFP/VN