ក្រុង​ប៉េកាំង៖ ម្ចាស់​មេ​ដាយមាស​អូឡាំពិក ២ ​សម័យ​កាល​របស់​ប្រទេស​ចិន កីឡាករ Lin Dan ដែល​ត្រូវ​បាន​គេ​អះអាង​ថា ជា​កីឡាករ​ដ៏​ឆ្នើម​ម្នាក់​ក្នុង​កំណត់ត្រា​កីឡា​វាយសី​នោះ បាន​ប្រកាស​ចូល​និវត្តន៍​ហើយ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ នៅ​ក្នុង​វ័យ ៣៦ ​ឆ្នាំ​។

មាន​ន័យ​ថា កីឡាករ Dan ដែល​ជា​ម្ចាស់​មេ​ដាយមាស​នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​ប៉េកាំង ឆ្នាំ ​២០០៨ និង​ឡុងដ៍​ឆ្នាំ ​២០១២ នឹង​មិន​បាន​ប្រកួត​ប្រជែង​​​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ​ឆ្នាំ​ ២០២០ ដែល​ត្រូវ​​លើក​ទៅ​ធ្វើ​នៅ​រដូវ​ក្តៅ​ក្រោយ​វិញ ដោយសារ​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា​នោះ​ទេ។

ចុង​បញ្ចប់​នៃ​អាជីព​ដ៏​រុង​រឿង​របស់​កីឡាករ Dan កើត​ឡើង​​តែ​ជាង ១ ​ឆ្នាំ​ប៉ុណ្ណោះ ក្រោយ​ការ​ចូល​និវត្តន៍​របស់​គូ​ប្រជែង​ដ៏​ខ្លាំង និង​ជា​មិត្តភក្តិ​ដ៏​ល្អ​របស់​គេ គឺ​កីឡាករ Lee Chong Wei របស់​ម៉ាឡេស៊ី​​។

កីឡាករ Dan ​ដែល​បញ្ចប់​​ដោយការ​ឈ្នះ​ជា​លក្ខណៈ​ឯកត្តជន ៦៦៦ ដង និង​មេដាយ​ជា​ច្រើន​នោះ គឺ​ជា​អ្នក​ខ្លាំង​ក្នុង​​កីឡា​នេះ ជាង ១ ​ទសវត្សរ៍​ហើយ ​ទើប​តែ​បាន​ថម​ថយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ដោយសារ​តែ​កម្លាំង​រាង​កាយ​​បាន​ធ្លាក់​ចុះ​។

«​គ្រួសារ​ គ្រូ​បង្វឹក មិត្ត​រួម​អាជីព និង​អ្នក​គាំទ្រ​ទាំង​អស់​របស់​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជាមួយ​ខ្ញុំ​ទាំង​ពេល​ខ្ញុំ​ឡើង​ដល់​កម្រិត​​កំពូល​ និង​ធ្លាក់​ទាប​បំផុត។ ខ្ញុំ​ប្រឹងប្រែង​ណាស់ ដើម្បី​ឈ្នះ ​ហើយ​ខ្ញុំ​លះបង់​គ្រប់​យ៉ាង​ ដើម្បី​កីឡា​ដែល​ខ្ញុំ​ស្រឡាញ់​នេះ​»​។ នេះ​ជា​អ្វី ដែល​ Dan សរសេរ​ផូស្ត​នៅ​លើ​គណនី Weibo ដែល​ជា​បណ្ដាញសង្គម​មាន​លក្ខណៈ​ដូច​នឹង​ Twitter​​។

ក្រៅ​ពី​មេដាយ​មាស​អូឡាំពិក​ទាំង​ ២ កីឡាករ Dan ក៏​ជា​ជើងឯក​ពិភព​លោក ៥ ​សម័យកាល​ និង​ជា​អតីត​អ្នក​មាន​ចំណាត់​​ថ្នាក់​លេខ​ ១ ពិភព​លោក​ដ៏​យូរ​ផង​ដែរ៕ AFP/VN