ក្រុងឡុងដ៍: កីឡាករ Jesse Lingard គឺជាកម្លាំងជម្រុញដ៏សំខាន់ ក្នុងការជួយឱ្យក្រុម West Ham United ទទួលបាននូវជ័យជម្នះដ៏រំភើប ក្នុងលទ្ធផល ៣-២ លើក្រុមម្ចាស់ផ្ទះ Wolverhampton Wanderers (Wolves) ដើម្បីរំកិលទៅកាន់ចំណាត់ថ្នាក់ទី៤ ក្នុងតារាងពិន្ទុនៃក្របខ័ណ្ឌ Premier League កាលពីថ្ងៃចន្ទ។
ទម្រង់លេងដ៏គួរស្ងើចរបស់ Lingard តាំងពីមកចូលរួមជាមួយក្រុមញញួរធំ ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុមបិសាចក្រហម Manchester United ក្នុងខែមករា ធ្វើឱ្យរូបគេទទួលបានការកោះហៅឱ្យចូលក្រុមជម្រើសជាតិអង់គ្លេសវិញ ដោយអ្នកចាត់ការ លោក Gareth Southgate កាលពីខែមុន។
ខ្សែបម្រើរូបនេះ បានស៊ុតបញ្ចូលទីគ្រាប់ទី ៦ ក្នុងចំណោមការបង្ហាញខ្លួន ៨ លើករបស់ខ្លួន ដើម្បីឱ្យក្រុមភ្ញៀវ West Ham នាំមុខ ត្រឹមតែ ៦ នាទីប៉ុណ្ណោះ ហើយក្រោយមក រួមចំណែកបញ្ជូនបាល់ឱ្យ Jarrod Bowen ស៊ុតគ្រាប់ទី ៣ បន្ទាប់ពីមានគ្រាប់ទី ២ ដែលបំប៉ោងសំណាញ់ទីដោយ Pablo Fornals។
កូនក្រុមរបស់លោក David Moyes មិនអាចការពារពីការនាំមុខ ៣ គ្រាប់របស់ខ្លួន ដោយបណ្ដោយឱ្យក្រុម Arsenal វាយបកតាមស្មើ ៣-៣ ក្នុងប្រកួត នៅកីឡដ្ឋាន London របស់ខ្លួន កាលពី ២ សប្ដាហ៍កន្លងទៅ ហើយពួកគេប៊ិះនឹងធ្វើឱ្យកំហុសដដែលនេះ កើតឡើងម្ដងទៀតទៅហើយ។
តែយ៉ាងណា ទោះ Wolves ព្យាយាមសម្រុក ដើម្បីរកគ្រាប់បាល់វិញ ក៏ពួកគេនៅអាចយក ៣ ពិន្ទុ ត្រឡប់ទៅផ្ទះវិញ បានដែរ ដោយសារក្រុមម្ចាស់ផ្ទះ ស៊ុតសងវិញបានតែ ២ គ្រាប់ប៉ុណ្ណោះ ដែលគ្រាប់ទី ១ ដោយ Leander Dendoncker និងគ្រាប់ទី ២ ដោយ Fabio Silva។
បន្ទាប់ពីដណ្ដើមបានជ័យជម្នះប្រផិតប្រផើយនេះ ធ្វើឱ្យក្រុម West Ham នាំមុខ ១ ពិន្ទុ លើក្រុមលេខ ៥ Chelsea ដែលមាន ៥១ ពិន្ទុ ក្រោយបញ្ចប់ការប្រកួត ៣២ ហ្គេម។
ក្រុមប្រជែងកៅអីសម្រាប់ទៅ Champions League រដូវកាលក្រោយ គឺ Tottenham និង Liverpool កំពុងតាមពីក្រោយ West Ham ៣ ពិន្ទុ៕ AFP/VN