The Phnom Penh Post Search

Search form

Liverpool ដាក់​ក្តី​សង្ឃឹម​លើ Salah ពេល​ប៉ះ​ក្រុម Napoli

Content image - Phnom Penh Post
ខ្សែ​ប្រយុទ្ធ Mohamed Salah (ឆ្វេង) របស់ Liverpool និង​ខ្សែ​ការ​ពារ Raul Albiol របស់​ Napoli។ AFP

Liverpool ដាក់​ក្តី​សង្ឃឹម​លើ Salah ពេល​ប៉ះ​ក្រុម Napoli

ក្រុង​លី​វើ​ភូល: Liverpool ត្រូវតែ​ពឹងផ្អែក​ម្តងទៀត​ទៅ​លើ​ស្មារតី​ប្រកួត​នៅ​កីឡដ្ឋាន Anfield ដើម្បី​ធ្វើ​ឲ្យ​ក្រុម Napoli រង​បរាជ័យ​ជា​លើក​ទី ១ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League នៅ​រដូវ​កាល​នេះ ប្រសិន​បើ​ពួកគេ​ចង់​គេច​ឲ្យ​ផុត​ពី​ការ​ធ្លាក់​ចេញ​យ៉ាង​ខក​ចិត្ត​ត្រឹម​វគ្គ​ចែក​ពូល ក្នុង​រយៈពេល​ត្រឹម​តែ ៦ ខែ ចាប់​តាំង​ពី​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

ក្រុម​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ​អឺរ៉ុប ៥ សម័យកាល​មួយ​នេះ នឹង​ត្រូវតែ​ដណ្តើម​ឲ្យ​បាន​ជ័យជម្នះ​ដោយ​ការ​រក​ឲ្យ​បាន​គ្រាប់​បាល់​នាំមុខ ២ គ្រាប់ ប្រសិន​បើ​ពួកគេ​ដណ្តើម​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​របស់​ខ្លួន​ដោយ​សារ​តែ​ក្រុម Napoli ដណ្តើម​បាន​ជ័យជម្នះ ១-០ នៅ​ពេល​ក្រុម​ទាំង ២ បាន​ជួប​គ្នា​ជា​លើក​ចុង​ក្រោយ កាល​ពី​ខែ​កញ្ញា។

ប៉ុន្តែ ការដែល​ត្រូវ​ប្រឈមមុខ​នឹង​ការប្រកួត​កាត់សេចក្តី​បែបនេះ មិនមែន​ជា​រឿង​ថ្មី​សម្រាប់ Liverpool ឡើយ ហើយ​វា​នាំ​ឲ្យ​មាន​ការ​នឹក​ដល់​ការ​ចង​ចាំ​ស្រដៀង​គ្នា​មួយ នៅ​ពេល​ដែល​ពួកគេ​បាន​ធ្វើជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម Olympiakos ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ចែក​ពូល ជុំ​ចុង​ក្រោយ​ក្នុង​រដូវ​កាល​ឆ្នាំ ២០០៤-២០០៥។ ការ​ស៊ុត​បាល់​ពិន័យ Free-kick របស់​តារា​ឆ្នើម​ប្រេស៊ីល Rivaldo បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ត្រូវ​តែ​ស៊ុត​បាល់​បញ្ចូល​ទី​ឲ្យ​បាន ៣ គ្រាប់ ដែល​ពួកគេ​រក​បាន​ក្នុង​ការ​ប្រកួត​តង់​ទី ២ ខណៈ​ដែល​គ្រាប់​បាល់​ដ៏​ល្អ​របស់ Steven Gerrard បាន​ជួយ​ឲ្យ​ពួកគេ​ដណ្តើម​បាន​ជ័យ​ជម្នះ ៣-១ ក្នុង​រយៈពេល ៤ នាទី​ចុង​ក្រោយ។

ក្រោម​ជំនួយ​ដ៏​ធំ​ពី Gerrard ក្រុម​ហង្ស​ក្រហម​មួយ​នេះ បាន​បន្តធ្វើ​ដំណើរ​ទៅ​ឈ្នះ​ក្នុង​ការ​ប្រកួត​ពាន Champions League ជា​លើក​ចុង​ក្រោយ​របស់​ពួកគេ​នៅ​រដូវ​កាល​នោះ ជាមួយ​នឹង​ក្រុម​មួយ​ដែល​មិន​មាន​កីឡាករ​ឆ្នើមៗ​ច្រើន​ឡើយ ដែល​ផ្ទុយ​ពី​ក្រុម Liverpool បច្ចុប្បន្ន ដែល​មិន​ទាន់​ស្គាល់​ចាញ់​នៅ​ឡើយ​ទេ និង​កំពុង​ឈរ​លេខ ១ នៅ​លើ​កំពូល​តារាង ក្របខ័ណ្ឌ Premier League ក្រោយ​ពី​ការ​ប្រកួត ១៦ លើក។

ការឆ្លង​ផុត​ការ​ប្រជែង​ដ៏​ធំ​មួយ​នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ នឹងធ្វើ​ឲ្យ Liverpool ក្លាយ​ជា​ក្រុម​មាន​ក្តី​សង្ឃឹម​ច្រើន​ក្នុង​ការ​ឈ្នះ​​ពាន Champions League ក្នុង​ទីក្រុង​ម៉ាឌ្រីដ នា​ខែ​មិថុនា ឆ្នាំ​ក្រោយ។

ទោះបីជា​យ៉ាងណា ជាមួយនឹង​ការ​មាន​ភាពផ្ទុយ​គ្នា​ស្រឡះ​ទៅនឹង​ទម្រង់​លេង​ដ៏​រឹងមាំ​របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Premier League ក្រុម​របស់​លោក Jurgen Klopp បាន​រង​បរាជ័យ ៣ លើក​ក្នុង​ចំណោម​ការ​ប្រកួត​ក្របខ័ណ្ឌ​អឺរ៉ុប ៥ លើក​ចុង​ក្រោយ​របស់​ពួកគេ ក្នុង​ពូល C ដែល​ធ្វើ​ឲ្យ​ឱកាស​របស់​ពួកគេ​ក្នុង​ការ​ឈាន​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ស្ថិត​ក្នុង​ភាព​មិន​ច្បាស់។ ប៉ុន្តែ វា​មាន​នូវ​ភាព​ជឿជា​ក់​ដ៏​ធំ​មួយ​សម្រាប់​លោក Klopp ខណៈ​រាល់​ការ​បរាជ័យ​ទាំង ៣ លើក​សុទ្ធ​សឹង​បាន​កើត​ឡើង​នៅ​លើ​ទឹកដី​ក្រុង Napoli, Red Star Belgrade និង Paris Saint-Germain ស្រប​ពេល​ដែល Liverpool មិន​ស្គាល់​ចាញ់​សោះ​ពី​ការ​ប្រកួត​ក្របខ័ណ្ឌ ១៨ លើក​នៅ​កីឡដ្ឋាន Anfield។

យ៉ាងណាក៏ដោយ ការចាប់អារម្មណ៍ផ្សេងៗនឹង​ធ្លាក់​ទៅលើ Mohamed Salah ក្នុង​ការ​បង្កើត​ឲ្យ​មាន​ភាព​មុត​ស្រួច​ក្នុង​តំបន់​ប្រយុទ្ធ ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី ៣ គ្រាប់ ក្នុង​ពេល​ក្រុម​ខ្លួន​យក​ឈ្នះ​នៅ​លើ​ទឹកដី Bournemouth ៤-០ កាល​ពី​ថ្ងៃ​សៅរ៍៕

កម្មវិធី​ប្រកួត​នៅ​រាត្រី​នេះ
Galatasaray v Porto 12:55 អាធ្រាត្រ
Schalke v Lokomotiv 12:55 អាធ្រាត្រ
Barcelona v Spurs 3 ទៀបភ្លឺ
Club Brugge v Atl. Madrid 3 ទៀបភ្លឺ
Red Star v PSG 3 ទៀបភ្លឺ
Inter v PSV 3 ទៀបភ្លឺ
Liverpool v Napoli 3 ទៀបភ្លឺ
Monaco v Dortmund 3 ទៀបភ្លឺ

អត្ថបទគួរចាប់អារម្មណ៍