ប៉ារីស៖ Diogo Jota ស៊ុត ៣ គ្រាប់​យ៉ាង​អស្ចារ្យ​ក្នុង​ជ័យជម្នះ​ដែល​ក្រុម Liverpool ​បំបាក់​​ម្ចាស់​ផ្ទះ Atalanta ៥-០ អំឡុង​ការ​ប្រកួត​នៅ Champions League កាល​ពី​យប់​ថ្ងៃ​អង្គារ ស្រប​ពេល​ដែល​ម្ចាស់​ជើងឯក​ចាស់ Bayern Munich ទម្លុះ​សំណាញ់​ទី​ដល់​ទៅ ៦ គ្រាប់។

ខ្សែ​ប្រយុទ្ធ​ Jota មក​ចូលរួម​ជាមួយ Liverpool ដោយ​​ចេញ​ពី Wolverhampton Wanderers ក្នុង​ខែ​កញ្ញា ហើយ​ប្រើ​ពេល​បន្តិច​ប៉ុណ្ណោះ ដើម្បី​​បាន​ជោគជ័យ​ជាមួយ​ក្រុម​ថ្មី ដោយ​ការ​រក​បាន​ ៧ គ្រាប់ ក្នុង​ចំណោម​ការ​ចូល​លេង​ ៥ ​ប្រកួត​ដំបូង។​

ការ​ប្រកួត​ទល់​នឹង​ក្រុម Atalanta ដែល​រដូវកាល​មុន ​ឡើង​ដល់​វគ្គ ៨ ក្រុម​ Jota ត្រូវ​បាន​​បញ្ចូល​ឈ្មោះ​ក្នុង​ចំណោម​ ១១ នាក់​ដំបូង នៅ​តំណែង​របស់ Roberto Firmino ហើយ​​ត្រឹម ១៦ នាទី​ប៉ុណ្ណោះ បាន​ទម្លុះ​សំណាញ់​ទី​ឱ្យ​ក្រុម​​នាំ​មុខ​។​

មុន​ចប់​វគ្គ​ទី ១ ប្រមាណ ១៣ ​នាទី កីឡាករ​វ័យ ២៣ ឆ្នាំ បន្ថែម​ការ​នាំ​មុខ​ ១ គ្រាប់​ទៀត មុន​នឹង​ធ្វើ​បាន​ហ៊ែតទ្រីក (ស៊ុត ៣ ​គ្រាប់) នៅ​វគ្គ​ទី២ ដែល​កើត​ឡើង បន្ទាប់​ពី​ការ​ស៊ុត​បញ្ចូល​ទី​ម្នាក់ ១ គ្រាប់​​របស់​ដៃ​គូ​ប្រយុទ្ធ​ស្លាប​ឆ្វេង​ស្ដាំ​គឺ Mohamed Salah និង Sadio Mane។

Jota និយាយ​ប្រាប់​ទូរទស្សន៍ BT Sport ថា​៖ «​ខ្ញុំ​កំពុង​លេង​ឱ្យ​ក្រុម​ដ៏​ល្អ​បំផុត​ ក្នុង​អាជីព​របស់​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​ថា តើ​វា​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត​នៃ​អាជីព​របស់​ខ្ញុំ​ឬ​យ៉ាង​ណា​នោះ​ទេ តែ​នៅ​ចំពោះ​មុខ នា​ពេល​នេះ ការ​ស៊ុត​បញ្ចូល​ទី គឺ​ជា​វិធី​លេង​បាល់​ទាត់​របស់​ខ្ញុំ​»​។​

ដោយ​ដណ្ដើម​បាន ៩ ពិន្ទុ​ពេញ ក្នុង​ចំណោម​​ប្រកួត​ទាំង ៣ លើក Liverpool ធ្វើ​ដំណើរ​យ៉ាង​រលូន ដោយ​ឈរ​លេខ ១ ក្នុង​ពូល D ជាមួយ​នឹង​ការ​​នាំមុខ ៥ ​ពិន្ទុ លើ​ Ajax និង Atalanta ដែល​មាន​ពិន្ទុ​ស្មើ​គ្នា។

ជាមួយ​គ្នា​នេះ ក្រុម​ជើងឯក​ចាស់ Bayern ឥឡូវ​នេះ បាន​បន្លាយ​កំណត់ត្រា​ការ​ឈ្នះ​រហូត​ដល់ ១៤ ​ដង ​ជាប់​ៗ​គ្នា នៅ Champions League នេះ ក្រោយ​ធ្វើ​ដំណើរ​ទៅ​លត់​ម្ចាស់​ផ្ទះ Salzburg ៦-២ សម្រាប់​​ការ​ប្រកួត​នៅ​​អូទ្រីស​។

ខ្សែ​ប្រយុទ្ធ​ Mergim Berisha ជួយ​ឱ្យ​ Salzburg នាំ​មុខ​មុន​ត្រឹម ៤ ​នាទី​ប៉ុណ្ណោះ តែ​ត្រូវ​ក្រុម​ភ្ញៀវ​តាម​ស្មើ​ ដោយ​​ការ​ស៊ុត​បាល់​ពិន័យ ១១ ​ម៉ែត្រ បាន​សម្រេច​របស់​ខ្សែ​ប្រយុទ្ធ Robert Lewandowski ហើយ​មុន​ចប់​វគ្គ​ទី១ Rasmus Kristensen ធ្វើ​​ចូល​ទី​ខ្លួន​ឯង ​ឱ្យ​ Bayern ត្រឡប់​មក​នាំ​មុខ​បណ្ដោះ​អាសន្ន​វិញ ២-១​។

វគ្គ​ទី២ ​Masaya Okugawa ជួយម្ចាស់​ផ្ទះ​​ស្មើ​វិញ តែ Jerome Boateng តែត​ឱ្យ​​ Bayern នាំ​មុខ​ម្ដង​ទៀត ហើយ Leroy Sane បន្ថែម​គ្រាប់​ទី៤ ខណៈ​ Lewandowski រក​ឃើញ​​គ្រាប់​ទី២ ដោយ​ក្បាល មុន Lucas Hernandez បង្ហើយ​​គ្រាប់​ទី៦ ចុង​ក្រោយ​។

Boateng បាន​និយាយ​ប្រាប់​ទូរទស្សន៍ Sky ​ខ្លី​ៗ​ថា​៖ «​យើង​មិន​ដែល​បោះបង់​ឡើយ ពោល​គឺ​ចំពោះ​អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​យើង​ចលាចល ឬ​រញ៉េរញ៉ៃ»​។

ក្រុម Bayern កំពុង​ឈរ​នៅ​លេខ ១ ជាមួយ​នឹង ៩ ​ពិន្ទុ ក្នុង​ពូល A ដោយ​នាំ​មុខ​ដាច់ ៥ ពិន្ទុ​លើ​ក្រុម​នៅ​លេខ ២ Atletico Madrid៕ AFP/VN