ក្រុង​ឡុងដ៍៖ ក្រុម​ Liverpool បាន​បន្ថែម​គម្លាត​របស់​ខ្លួន​ដល់ ​១១ ​ពិន្ទុ ​ដោយ​​ឈរ​នៅ​លើ​កំពូល​តារាង​ក្របខ័ណ្ឌ Premier League ជា​មួយ​ជ័យជម្នះ​ ២-១ ទៅ​លើ​ក្លិប ​Brighton ខណៈ​ក្លិប Man City បាន ​១ ​ពិន្ទុ​ទៀត ​ក្រោយ​ប្រកួត​ស្មើ​ក្រុម Newcastle កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​។​​

ក្រុម​ Chelsea បាន​បាត់បង់​ឱកាស​ទទួល​បាន​ពិន្ទុ​ថែម​ទៀត ​ដើម្បី​តាម​​ពី​ក្រោយ​ក្រុម Man City ដែល​ឈរ​នៅ​លេខ ​២ ​បន្ទាប់​ពី Liverpool ខណៈ​ក្រុម​របស់​លោក Frank Lampard ទទួល​រង​បរាជ័យ​ក្នុង​ទឹក​ដី​ខ្លួន​ ១-០ ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម West Ham ខណៈ​ជ័យជម្នះ​របស់​ក្រុម Spurs ក្រោម​ការ​ដឹកនាំ​របស់​លោក Jose Mourinho បាន​មាន​​បន្ត​ទៀត​នៅ​ពេល​កីឡាករ​ Dele Alli រក​បាន ​២ ​គ្រាប់​ក្នុង​ជ័យជម្នះ​ ៣-២ ​ទៅ​លើ​ក្រុម Bournemouth។​

កីឡាករ​ Virgil van Dijk កំពុង​សង្ឃឹម​យក​ឈ្នះ​កីឡាករ​ Lionel Messi ក្នុង​ការ​ទទួល​បាន​ពាន​រង្វាន់​ស្បែក​ជើងមាស​ Ballon d''Or នៅ​ថ្ងៃ​ចន្ទ​នេះ ​ក្រោយ​ពី​រូប​គេ​បាន​តែត​បាល់​បញ្ចូល​ទី ​២ ​គ្រាប់ ​​ដែល​បញ្ចូន​ដោយ​កីឡាករ Trent Alexander-Arnold ដើម្បី​ជួយ​ឲ្យ​ក្រុម​ Liverpool នាំ​មុខ​គូ​ប្រជែង​ខ្លួន ​២-០ ក្នុង​នាទី ​២៥ ​​នៅ​កីឡដ្ឋាន​ Anfield​ មុន​ពេល​អ្នក​ចាំទី​ Alisson ទទួល​បាន​កាត​ក្រហម​នៅ​នាទី ​៧៦ ​មុន​ពេល​កីឡាករ​ Lewis Dunk រក​បាន ​១ ​គ្រាប់ ​សម្រាប់​ក្រុម​ភ្ញៀវ​ Brighton។​​​ ​

ទោះ​យ៉ាង​ណា​ ក្រុម​ដែល​នៅ​សល់​គ្នា ​១០ ​នាក់​នេះ ​ទទួល​បាន ​៣ ​ពិន្ទុ​ដ៏​សំខាន់ ​ដើម្បី​បន្ត​ដំណើរ​ឲ្យ​កាន់​តែ​ជិត​បាន​លើក​ពាន​លីក​ជា​លើក​ដំបូង​ក្នុង​ រយៈពេល ​៣០ ​ឆ្នាំ​មក​នេះ​។​

លោក Jurgen Klopp គ្រូ​បង្វឹក​ក្លិប​ Liverpool បាន​និយាយ​ពី​​រយៈពេល​​ប្រកួត​ចុង​ក្រោយ​​ថា៖ «​វា​មិន​ចាំ​បាច់​ទេ ​ប៉ុន្តែ​យើង​មាន​ឱកាស​មិន​គួរ​ឲ្យ​ជឿ​ទាល់​តែ​សោះ​»។​​​

គ្រូ​បង្វឹក​ក្លិប​ Liverpool រូប​នេះ​បាន​បន្ថែម​ថា៖ «​យើង​មាន​កាត​ក្រហម​សម្រាប់​ Alisson ហើយ​ Adrian បាន​ចូល​ជំនួស​​ដោយ​​សង្គ្រោះ​បាល់​យ៉ាង​ល្អ ​២ ​លើក​។ ក្មេង​ៗ​បាន​ប្រឹងប្រែង​មែនទែន​ដោយសារ​ពួក​គេ​ទាំង​អស់​គ្នា​ចង់​ឈ្នះ​»។​

នៅ​ពេល​ក្លិប Liverpool ទទួល​បាន​ជ័យ​ជម្នះ​ឆ្ពោះ​ទៅ​មុខ​ជា​បន្ត​បន្ទាប់​នោះ​ ក្លិប Man City បាន​របូត​ពិន្ទុ​​ជា​លើក​ដំបូង​នៅ​រដូវកាល​នេះ​​​ដែល​អាច​នឹង​បាត់​បង់​ខ្សែ​ក្រវាត់​របស់​ខ្លួន ​ក្រោយ​ពី​ពួក​គេ​ប្រកួត​ស្មើ​ក្រុម​ Newcastle ក្នុង​លទ្ធ​ផល ២-២។​

ក្រុម​របស់​លោក Pep Guardiola បាន​នាំ​មុខ ​១ ​គ្រាប់​នៅ​នាទី ​២២ ​ដែល​រក​បាន​ដោយ​កីឡាករ​ Raheem Sterling មុន​ពេល​កីឡាករ​ Jetro Willems ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​តាម​ស្មើ​វិញ​ ប៉ុន្តែ​កីឡាករ​ Kevin De Bruyne បាន​បន្ថែម ​១ ​គ្រាប់​ទៀត ​សម្រាប់​​ក្រុម​ភ្ញៀវ​ Man City ក្នុង​នាទី ​៨២ ​​មុន​ពេល​ក្រុម​ម្ចាស់​ផ្ទះ​​រក​បាន ​១ ​គ្រាប់​ទៀត ​ដែល​ជា​គ្រាប់​បាល់​​កីឡាករ​ Jonjo Shelvey នៅ​ក្នុង​នាទី ​៨៨​។​

លោក Guardiola គ្រូ​បង្វឹក​ក្លិប Man City បាន​និយាយ​ថា៖ «​យើង​បាន​ធ្វើ​ការងារ​ដូច​អ្វី​ដែល​យើង​បាន​ធ្វើ​កាល​ពី​ប៉ុន្មាន​រដូវកាល​ចុង​ក្រោយ​នេះ​។ យើង​បាន​ព្យាយាម​រក​ឲ្យ​បាន​ពិន្ទុ​ថែម​ទៀត ​ប៉ុន្តែ​វា​មិន​បាន​ជោគជ័យ​សោះ​»។​

ស្រប​ពេល​នោះ​ដែរ​ ក្លិប Tottenham បាន​ឡើង​ទៅ​ឈរ​នៅ​លេខ ​៥ ​តាម​ពី​ក្រោយ ​៦ ​ពិន្ទុ ​នៃ​ក្រុម​ Chelsea ដែល​ឈរ​នៅ​លេខ ​៤ ​មាន​ ២៦ ​ពិន្ទុ ​ក្រោយ​ពី​ពួក​គេ​បាន​ឈ្នះ​ក្រុម​ AFC Bournemouth ៣-២។​

លោក Mourinho គ្រូ​បង្វឹក​ក្លិប Spurs បាន​និយាយ​ជុំវិញ​ការ​រក​បាន​គ្រាប់​បាល់ ​២ ​គ្រាប់ ​របស់​កីឡាករ​ Alli ​ថា៖ «​ខ្ញុំ​គិត​ថា​ គាត់​លេង​បាន​ល្អ​ក្នុង​ការ​ប្រកួត​ជា​ច្រើន​តាំង​ពី​ខ្ញុំ​បាន​មក​ដល់​ទី​នេះ​»៕ AFP/SN