ក្រុង​ឡុងដ៍៖ កីឡាករ Sadio Mane និង​ Mohamed Salah បាន​ធានា​ឲ្យ​ក្លិប Liverpool បន្ត​រក្សា​ការ​ចាប់​ផ្ដើម​ល្អ ​១០០ ​ភាគរយ ​សម្រាប់​រដូវកាល​ Premier League ក្រោយ​ពី​បាន​យក​ឈ្នះ​ក្រុម Newcastle ៣-១ នៅ​កីឡដ្ឋាន Anfield កាល​ពី​ថ្ងៃ​សៅរ៍​ ប៉ុន្តែ​ក្រុម Man City បាន​ជួប​ការ​បរាជ័យ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត។

ក្រុម​ម្ចាស់​ជើង​ឯក​អឺរ៉ុប​ Liverpool ​មាន​ប្រវត្តិ​ចាប់​ផ្តើម​​យឺត ​ក្នុង​​​យុទ្ធនាការ​​របស់​ខ្លួន​ក្រោម​ការ​ដឹក​នាំ​របស់​លោក JurgenKlopp ជា​គ្រូ​បង្វឹក​ក្រុម ប៉ុន្តែ​សម្រាប់​រដូវកាល​ថ្មី​នេះ ពួក​​គេ​បាន​ឃើញ​ក្លិប​មួយ​នេះ​ ហាក់​ដូច​ជា​បាន​ចាប់​ផ្ដើម​ដោយ​នាំ​មុខ​ក្រុម​ផ្សេង​ទាំង​អស់​ ជាពិសេស​ក្រុម Man City ដែល​ជា​ដៃគូ​ប្រជែង​របស់​ខ្លួន។

បើ​ទោះ​បី​ជា Jetro Willems បាន​ជួយ​ឲ្យ​​ក្រុម Newcastle នាំ​មុខ​មុន នៅ​ត្រឹម​នាទីទី ​៧ ​ប៉ុន្តែ​ខ្សែ​បម្រើ​ប្រយុទ្ធ Mane វាយ​បក​បាន ​២ ​គ្រាប់​ ​​ក្នុង​នាទី​ទី ​២៨ ​និង ​៤០​ មុន​ពេល​ខ្សែ​ប្រយុទ្ធ Salah បន្ថែម ​១ ​គ្រាប់​ទៀត ​ក្នុង​នាទី​ទី ​៧២ ​ធ្វើ​ឲ្យ​ក្រុម Liverpool ឈ្នះ​ក្រុម Newcastle ៣-១។​

ផ្ទុយ​ពី​នេះ ក្រុម​ម្ចាស់​ជើង​ឯក Man City បាន​ចាញ់​ក្រុម​ចំណូល​ថ្មី Norwich City ៣-២ ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត ហើយ​លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ Man City មាន ​១០ ពិន្ទុ​ដដែល​ ជា​មួយ​ការ​ឈ្នះ ​៣ ស្មើ ​១ និង​ចាញ់ ​១ ​ប្រកួត ខណៈ Liverpool បន្ត​ឈរ​នៅ​កំពូល​តារាង មាន​រហូត​ដល់ ​១៥ ពិន្ទុ គឺ​ឈ្នះ​ទាំង ​៥ ​ប្រកួត​ជាប់​គ្នា។

រីឯ​ក្រុម Spurs បាន​លត់​ក្រុម Crytal Palace ៤-១ ដើម្បី​មាន ​៨ ពិន្ទុ ស្មើ​ Man United ដែល​បាន​យក​ឈ្នះ​ក្រុម Leicerster City ១-០ កាល​ពី​យប់​ថ្ងៃ​សៅរ៍​នោះ​ដែរ។

Liverpool ធ្វើ​បាន​ល្អ​តាំង​ពី​ប្រកួត​បើក​ឆាក​ក្នុង​​ទឹក​ដី​ខ្លួន​ឯង​ និង​បាន​បន្ត​ឈ្នះ​ជា​បន្ត​បន្ទាប់​​តាំង​ពី​ខែ​មីនា​មក ​រហូត​មាន​ប្រវត្តិ​ឈ្នះ ​១៤ ​លើក ​ក្នុង​ Premier League ហើយ Liverpool នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​ការពារ​​ម្ចាស់​ជើង​ឯក​អឺរ៉ុប​របស់​ខ្លួន ​ដោយ​ត្រូវ​​ទៅ​ប្រកួត​ក្រៅ​ទឹក​ដី​ជាមួយ​ Napoli ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​៕ AFP/SN