ឡុងដ៍៖ ក្រុម​ Liverpool បាន​វាយ​បក​យក​ឈ្នះ​ក្រុម​កំពុង​យ៉ាប់ Sheffield United ២-១ ហើយ​ឡើង​ទៅ​នៅ​ទី​កំពូល​ជាមួយ​ក្រុម​រួម​ក្រុង Everton ក្នុង​តារាង​ក្របខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ក្រុម Manchester City បាត់​អស់​ ២ ពិន្ទុ ដោយសារ​ស្មើ​ជាមួយ​ West Ham United ១-១​។​

ក្រុម​របស់​​លោក Jurgen Klopp ដែល​គ្មាន​វត្តមាន​របស់​ខ្សែ​ការពារ​ដ៏​រឹង Virgil van Dijk នោះ ឥឡូវ​នេះ ​មិន​ចាញ់​រហូត​ដល់ ៦-២​ប្រកួត​ហើយ នៅ Premier League ក្នុង​ផ្ទះ​ខ្លួន​ឯង តែ​សម្រាប់​ប្រកួត​នេះ ត្រូវ​ធ្វើការ​រាង​ធ្ងន់​គួរ​សម ក្រោយ​ក្រុម​ភ្ញៀវ​​ធ្វើ​ការ​នាំ​មុខ​មុន ដោយ​សារ​ការ​ស៊ុត​បាល់​ពិន័យ​ ១១ ម៉ែត្រ​ បាន​សម្រេច​របស់​កីឡាករ Sander Berge​ តាំង​ពី​ដើម​វគ្គ​ទី១​។

៤ នាទី មុន​សម្រាក ១៥ ​នាទី Roberto Firmino ជួយ​ឱ្យ​​ម្ចាស់​ផ្ទះ​ស្មើ​វិញ ខណៈ​វគ្គ​ទី ២ ប្រមាណ​ជា ១០ នាទី​ជាង Mohamed Salah មាន​ឱកាស​ទម្លុះ​សំណាញ់​ទី​ឲ្យ​ក្រុម​នាំ​មុខ​វិញ​ដែរ តែ​ត្រូវ​អាជ្ញា​កណ្ដាល​បដិសេធ ដោយសារ​កីឡាករ​អេហ្ស៊ីប ស្ថិត​ក្នុង​ជំហរ offside។ នៅ​នាទីទី​៦៤ កីឡាករ​ចំណូល​ថ្មី Diogo Jota ​បំប៉ោង​សំណាញ់​ទី​ឱ្យ​ក្រុម Liverpool នាំ​មុខ ២-១ ខណៈ​លទ្ធផល​ហ្នឹង​បន្ត​ដល់​ចប់​ការ​ប្រកួត​ផ្លូវ​ការ​តែ​ម្ដង​។

ជ័យជម្នះ​នៅ​ទឹក​ដី​ Anfield នា​សប្ដាហ៍​ទី​៦ នេះ មាន​ន័យ​ថា ក្រុម​ជើងឯក​ចាស់​មាន ១៣ ពិន្ទុ ស្មើ​ជាមួយ​ក្រុម​គូប្រជែង​ Everton ដែល​នៅ​តែ​ឈរ​ទី១ ក្នុង​តារាង ដោយសារ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​ជាមួយ​នឹង​ការ​​ប្រកួត​តិច​ជាង ១ លើក​​។

អ្នក​ចាត់​ការ​របស់​ក្រុម​ហង្ស​ក្រហម លោក Klopp បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​មាន​ការ​ភ្ញាក់​ផ្អើល​អ្វី​ទាំង​អស់ ពោល​គឺ អ្នក​តែង​តែ​ធ្វើ​ការ​ធ្ងន់​ជានិច្ច​រាល់​ពេល​ប៉ះ​ក្រុម Sheffield United។ វា​មិន​មែន​ស្រួល​​ឡើយ ក្នុង​ការ​ទទួល​គ្រូ​បង្វឹក ដូច​​លោក Chris Wilder​»​។

បុរស​សញ្ជាតិ​អាល្លឺម៉ង់ បន្ត​ថា​៖ «​ការ​ផ្ដល់​បាល់​ប៉េណាល់ទី​នោះ មិន​ទំនង​សោះ​។ ក្នុង​រដូវ​កាល ១ វា​តែងកើត​​រឿង​រ៉ាវ​ប្លែកៗ​គ្នា​ជានិច្ច​ ក្នុង​នោះ​យើង​​ប្រាកដ​ជា​ជួប​រឿង​អយុត្តិធម៌​ម្ដង​ហើយ​ត្រូវ​តែ​ជួប​វា​ទៀត​។ ខ្ញុំ​ពេញ​ចិត្ត​ការ​ប្រកួត​នេះ ដោយសារ​​អាច​ទាញ​បាន​ផល​យ៉ាង​ល្អ​ពី​កីឡាករ​ផ្សេងៗ​ក្នុង​ក្រុម​ទាំង​អស់​។ យើង​អាច​ឈ្នះ​ការ​ប្រកួត​ងាយ​ជាង​នេះ នៅ​ពេល​កីឡាករ​ទាំង​អស់ ស្គាល់​ទីតាំង​ខ្លួន​ឯង​បាន​ល្អ​»​។

ចំណែក​ឯការ​ប្រកួត​រវាង​ក្រុម West Ham និង City នៅ​ឯ​កីឡដ្ឋាន London Stadium ​បញ្ចប់​ទៅ ​ត្រឹម​ចែក ១ ពិន្ទុ​ដូច​គ្នា ដោយ​លទ្ធផល​នេះ បាន​ផ្ដល់​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​របស់​​លោក Pep Guardiola (Pep) ដែល​ដណ្ដើម​បាន​តែ ៥ ពិន្ទុ​ប៉ុណ្ណោះ ពី​ការ​ប្រកួត​ ៤ ​លើក​កន្លង​ទៅ។

ក្រុម City ដែល​រងគ្រោះ​ដោយសារ​កីឡាករ​របួស​ច្រើន រួម​មាន Fernandinho, Aymeric Laporte, Nathan Ake និង Gabriel Jesus ជា​ដើម​នោះ មាន​ការ​គ្រប់គ្រង​បាល់​ល្អ​ជាង តែ​មិន​អាច​ធ្វើ​អ្វី​ក្រុម​ម្ចាស់​ផ្ទះ​បាន។ ក្រុម West Ham នាំ​មុខ​មុន នៅ​នាទីទី ​១៨ ដោយ​​ Michail Antonio ហើយ Phil Foden ជួយ​ឱ្យ​ City ស្មើ​វិញ នៅ​នាទីទី​៥១​។​

ក្រុម City ពេល​នេះ​ ធ្លាក់​ទៅ​ដល់​លេខ ១២ ក្នុង​តារាង​លីគ​កំពូល​របស់​ប្រទេស​អង់គ្លេស ដោយ​មាន ៨ ពិន្ទុ ក្នុង​ចំណោម​ការ​ប្រកួត ៥ លើក​របស់​ខ្លួន​ ហើយ​មើល​ទៅ នេះ​ប្រហែល​ជា​រដូវ​កាល​ ដែល​ងាយ​នឹង​រងគ្រោះ​ជាង​រដូវកាល​ណាៗ​ទាំង​អស់ គិត​តាំង​ពី​លោក​ Pep ចូល​មក​ធ្វើ​តួនាទី​ដំបូង​ក្នុង​ឆ្នាំ ​២០១៦​៕ AFP/VN