ក្រុងលីវើភូលៈ ក្រុម​ហង្ស​ក្រហម Liverpool បាន​និង​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏វិជ្ជមាន​មួយ​ក្នុង​ការទទួល​បាន​ឱកាស​ទៅ​ប្រកួត​បន្ត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ដែល​ពួកគេ​អាច​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Barcelona ឬ Man United បន្ទាប់ពី Liverpool បាន​យក​ឈ្នះ​ក្រុម Porto ២-០ នៅក្នុង​ជើង​ទី​ ១ ​វគ្គ​ ៨ ​ក្រុម​ចុង​ក្រោយ​នៅ​កីឡដ្ឋាន Anfield កាលពី​ថ្ងៃ​អង្គារ​។

បើ​​ទោះបី​ជា​ការប្រកួត​នៅក្នុង​វគ្គ​ ៨ ​ក្រុម​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​មាន​ប្រកួត​ប្រជែង​គ្នា​តានតឹង​ខ្លាំង ប៉ុន្តែ​សម្រាប់​ការប្រកួត​កាលពី​រាត្រី​ថ្ងៃ​អង្គារ​នោះ​កីឡាករ Naby Keita បាន​ស៊ុត​បញ្ចូល​ទី​ជួយ​ឲ្យ​ក្រុម Liverpool នាំមុខ ១-០ នៅ​ត្រឹម​នាទី​ទី​ ៥ ហើយ​នៅ​នាទី​ទី​ ២៦ ​ខ្សែប្រយុទ្ធ​របស់​ប្រេស៊ីល Roberto Firmino រកបាន​ ១ ​គ្រាប់​ទៀត​ធ្វើឲ្យ​លទ្ធផល​ជា​ផ្លូវការ​គឺ​ក្រុម Liverpool ឈ្នះ​ក្រុម Porto ២-០​។

គ្រូបង្វឹក​ក្រុម Liverpool លោក Jurgen Klopp បាន​និយាយ​ថា​៖ «​លទ្ធផល ២-០ ​នេះ​គឺ​ពិតជា​លទ្ធផល​ល្អ​មួយ​ដូច​ទៅ​នឹង​អ្វី​ដែល​ខ្ញុំ​បាន​រំពឹងទុក​តាំងពី​មុនពេល​ប្រកួត ហើយ​ឥឡូវ​នេះ​ខ្ញុំ​បាន​សម្រេច​ក្ដី​រំពឹង​របស់​ខ្ញុំ​ហើយ​។ នេះ​ជា​ការប្រកួត​ដ៏ល្អ​មួយ និង​មាន​ការគ្រប់គ្រង​ល្អ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ជោគជ័យ​ ១០០ ​ភាគរយ​ដោយ​ការរក​បាន​គ្រាប់​បាល់​ដ៏អស្ចារ្យ​ ២ ​គ្រាប់​នេះ​»​។

តាមរយៈ​ការយក​ឈ្នះ​ក្រុម Porto របស់​ព័រទុយហ្គាល់ ២-០ នៅក្នុង​ជើង​ទី​ ១ ​នេះ​បាន​ធ្វើឲ្យ​ក្រុម Liverpool មាន​អារម្មណ៍​កក់ក្ដៅ​បន្តិច​នៅក្នុង​ការប្រកួត​ជើង​ទី​ ២ ជាមួយ​ក្រុម Porto នៅ​ប្រទេស​ព័រទុយហ្គាល់​នា​ថ្ងៃទី​ ១៧ ខែ​មេសា​។

លោក Klopp បាន​និយាយ​ថា​៖ «​យើង​ត្រូវ​តែ​ទៅ​ទី​នោះ​ហើយ​យើង​ត្រូវតែ​ប្រយុទ្ធ​ទោះ​ជា​យើង​ដឹងថា ក្រុម Porto នឹង​វាយបក​យើង​វិញ​ក៏ដោយ ប៉ុន្តែ​នោះ​គឺជា​របៀប​ដែល​គេ​គួរតែ​ធ្វើ​នៅក្នុង​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នេះ​»​។

ក្រុម Liverpool ធ្លាប់​បាន​ផ្តួល​ក្រុម​យក្ស​របស់​ព័រទុយហ្គាល់​មួយ​នេះ ៥-០ នៅក្នុង​ការប្រកួត​ជើង​ទី​ ១ នៃ​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​កាលពី​រដូវកាល​មុន ហើយ​សម្រាប់​ការប្រកួត​លើក​នេះ គេ​បាន​មើលឃើញ​ថា​ទម្រង់​លេង​របស់​ក្រុម​លោក Sergio Conceicao មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ប៉ុន្តែ​នៅ​ប្រកួត​ជើង​ទី​ ២ ក្នុង​ទឹកដី​ខ្លួន​ក្រុម​នេះ​អាច​នឹង​លេង​បាន​ល្អ​ជាង​ពេល​នេះ​។

ខ្សែបម្រើ​ប្រយុទ្ធ​ Mohamed Salah បាន​បញ្ចប់​ការខកខាន​មិន​បាន​រក​គ្រាប់​បាល់​ក្នុង​ការប្រកួត​ ៨ ​លើក ខណៈ Liverpool បាន​វិល​ត្រឡប់​ទៅ​ស្ថិត​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League ក្រោយ​រូបគេ​រក​បាន​ ១ ​គ្រាប់​ជួយ​ឲ្យ Liverpool ឈ្នះ​ក្រុម Southampton ៣-១ កាលពី​ថ្ងៃ​សុក្រ​ហើយ​លោក Klopp ក៏​បាន​ចាប់​អារម្មណ៍​លើ​ទម្រង់​លេង​យ៉ាង​ល្អ​របស់ Jordan Henderson ផងដែរ​។

លោក Klopp បាន​និយាយ​ថា​៖ «Hendo គឺជា​កីឡាករ​ដ៏អស្ចារ្យ​ម្នាក់ ហើយ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​កីឡាករ​រូប​នេះ​អាច​បង្ហាញ​ការលេង​បាន​ល្អ​បែបនេះ​ម្ដង​ទៀត ហើយ​គាត់​ចូលចិត្ត​តួនាទី​នោះ ដូច្នេះ​វា​ជា​កំហុស​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​ដាក់​ឲ្យ​គាត់​លេង​ជា​កីឡាករ​បម្រុង​រយៈពេល​ ១ ​ឆ្នាំ​កន្លះ ប៉ុន្តែ​យើង​ត្រូវការ​គាត់​នៅ​ទីនោះ​»៕ SN