ក្រុងឡុងដ៍: ក្រុម Liverpool បានវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញ និងឡើងឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ស្របពេល Manchester United បានឡើងទៅឈរលេខ ៤ កាលពីថ្ងៃសៅរ៍ ខណៈកីឡាបាល់ទាត់អង់គ្លេសបានផ្តល់ការគោរពដល់កីឡាករ Emiliano Sala ដែលបានទទួលមរណភាព។
គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី ១ ពីសំណាក់កីឡាករ Sadio Mane និង Georginio Wijnaldum រួមជាមួយនឹងគ្រាប់បាល់នៅនាទីទី ៤៨ របស់ខ្សែប្រយុទ្ធ Mohamed Salah បានជួយឲ្យក្រុម Liverpool ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុម Bournemouth នាកីឡដ្ឋាន Anfield។
ការដណ្តើមបានជ័យជម្នះមានន័យថា Liverpool ដែលបានស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ ដោយសារតែមានគ្រាប់បាល់តិចជាងនោះបានឡើងឈរពីលើក្រុម Manchester City ចំនួន ៣ ពិន្ទុដាច់នៅមុនពេលក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះប្រកួតជាមួយនឹង Chelsea លើទឹកដីខ្លួនឯងកាលពីយប់មិញ។ ស្របពេលជាមួយគ្នានេះការវិលទៅរកភាពខ្លាំងវិញរបស់ក្រុម Man United ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ole Gunnar Solskjaer បានបន្តតាមរយៈការយកឈ្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុម Fulham។
Liverpool បានបាត់បង់ពិន្ទុក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ២ លើកជាប់ៗគ្នាពេលជួបក្រុម Leicester និង West Ham ដែលនាំឲ្យមានការលើកឡើងថា ពួកគេកំពុងតែបាត់បង់ការស្រេកឃ្លានរបស់ខ្លួនក្នុងការបញ្ចប់ការរង់ចាំរយៈពេល ២៩ ឆ្នាំរបស់ក្លិបនេះដើម្បីក្លាយជាម្ចាស់ជើងឯកអង់គ្លេសម្តងទៀត។
ប៉ុន្តែ Mane បានបន្ធូរបន្ថយសម្ពាធនោះតាមរយៈការរកបានគ្រាប់បាល់បើកឆាកនៅដើមតង់នាកីឡដ្ឋាន Anfield។ Liverpool បានបន្ថែមការនាំមុខរបស់ពួកគេងតាមរយៈគ្រាប់បាល់បញ្ចូលទីរបស់ខ្សែបម្រើ Wijnaldum នៅនាទីទី ៣៤ នៅមុនពេលការស៊ុតបាល់កោងបញ្ចូលទីយ៉ាងល្អរបស់ Salah ដើម្បីបំពេញជ័យជម្នះរបស់ក្រុមខ្លួនតែម្តង។
លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ Liverpool បានឲ្យដឹងថា៖ «យើងបានដឹងថា យើងមិនរីករាយជាមួយនឹងទម្រង់លេងរបស់យើងឡើយក្នុងការប្រកួត ២ ឬ ៣ លើកចុងក្រោយ។ យើងចង់លេងកីឡាបាល់ទាត់ប្រកបដោយការជឿជាក់ដែលយើងចង់បង្ហាញ»។
ក្នុងទីក្រុងឡុងដ៍ឯណោះវិញខ្សែបម្រើ Paul Pogba បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ក្នុងនោះរាប់បញ្ចូលទាំងបាល់ពិន័យ ១១ ម៉ែត្រក្នុងតង់ទី ២ ផងដែរនៅចន្លោះគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Anthony Martial ខណៈ Man City បានកត់ត្រាជ័យជម្នះជាលើកទី ១០ ក្នុងចំណោមការប្រកួត ១១ លើកចាប់តាំងពីអតីតខ្សែប្រយុទ្ធលោក Solskjaer បានចូលកាន់តំណែងក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន។
Chelsea អាចដណ្តើមយកកៅអី ១ ក្នុងចំណោមកៅអីដែលឈ្នះសិទ្ធិទៅលេងក្នុងក្របខ័ណ្ឌ Champions League ពេលក្រុម Man City។
ប៉ុន្តែ Man United ដែលដេញតាមពីក្រោយក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ចំនួន ១១ ពិន្ទុនៅពេលដែលលោក Jose Mourinho ត្រូវបានបណ្តេញចេញកាលពីខែធ្នូនោះ បច្ចុប្បន្នវិលទៅកាន់ការប្រជែងវិញហើយ៕ IS