ឡុងដ៍៖ ក្រុមជើងឯកចាស់ Liverpool និងក្រុម Leicester City នៅតែបន្តនូវការចាប់ផ្ដើមជាមួយនឹងជ័យជម្នះទៀត កាលពីថ្ងៃអាទិត្យ សម្រាប់ការប្រកួតនៃក្របខ័ណ្ឌ Premier League រដូវកាលថ្មី ២០២០-២០២១ ក្រោយទាំង ២ ក្រុម ដណ្ដើមបាន ៣ ពិន្ទុ ដូចគ្នានៅសប្ដាហ៍ទី២ នេះ។
ខ្សែប្រយុទ្ធ Sadio Mane ស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯង ក្រោយការប្រកួតនៅកីឡដ្ឋាន Stamford Bridge ចាប់ផ្ដើមនៅវគ្គទី២ តែប៉ុន្មាននាទី ជួយឱ្យ Liverpool មានជ័យជម្នះ ២-០ លើក្រុមម្ចាស់ផ្ទះ Chelsea ដែលលេង ១ តង់ពេញជាមួយគ្នាតែ ១០ នាក់ ក្រោយខ្សែការពារ Andreas Christensen ត្រូវបណ្ដេញចេញនៅចុងវគ្គទី១។
អ្វីដែលសំខាន់គ្រាប់ទី២ របស់ Mane នៅនាទីទី៥៤ កើតឡើងដោយសារការបញ្ជូនបាល់ខុសបច្ចេកទេសរបស់អ្នកចាំទី Kepa Arrizabalaga របស់ Chelsea ដោយកំហុសនេះ បង្កើតនូវពាក្យចចាមអារ៉ាមថា ក្លិបនៅក្រុងឡុងដ៍ នឹងបង្កើនល្បឿនទិញយកអ្នកឈរយាមបង្គោលទីដៃទី១ របស់ក្រុមនៅបារាំង Rennes គឺ Edouard Mendy។
ក្រោយកូនក្រុមខ្លួនធ្វើបានយ៉ាងល្អ អ្នកចាត់ការក្រុម Liverpool លោក Juergen Klopp និយាយថា៖ «ក្រុមទាំងមូលលេងបានល្អអាចទទួលយកបាន។ គ្រប់គ្នាប្រឹងប្រែងយ៉ាងខ្លាំង។ យើងធ្វើបាន ហើយស័ក្ដិសមទទួលបាន ៣ ពិន្ទុ។ ខ្ញុំរីករាយមែនទែនចំពោះលទ្ធផលនេះ»។
ចំណែកគ្រូបង្វឹករបស់ក្រុម Chelsea លោក Frank Lampard និយាយថា៖ «ខ្ញុំរំពឹងថា ពួកយើងអាចប្រកួតប្រជែងជាមួយ Liverpool។ យើងបានប្រកួតប្រជែងជាមួយពួកគេនៅគ្រប់កម្មវិធីប្រកួតទាំងអស់ កាលពីឆ្នាំមុន។ តែខ្ញុំគិតថា អ្នកមិនអាចធ្វើការកាត់ក្ដីចំពោះការប្រកួត ដែលលេង ១ តង់ពេញ ត្រឹមគ្នា ១០ នាក់នោះឡើយ»។
លោក Lampard បន្តទៀតថា៖ «សម្រាប់ Kepa ច្បាស់ណាស់ពិតជាមានកំហុស។ ជាកំហុសដែលធ្វើឱ្យពួកយើងខាតបង់ ព្រោះបើមិនមានគ្រាប់បាល់ហ្នឹងទេ ការប្រកួតអាចនឹងផ្លាស់ប្ដូរ។ យ៉ាងណា ខ្ញុំពិតជាពេញចិត្តនឹងការគ្រប់គ្រងផ្លូវអារម្មណ៍ និងការរួមសហការគ្នារបស់កូនក្រុម ហើយខ្ញុំក៏ពេញចិត្តនឹងទម្រង់លេងរបស់កីឡាករ ១ ចំនួនផងដែរ។ មានកិច្ចការច្រើនទៀត ដែលកំពុងរង់ចាំពួកយើង»។
ក្រុមម្ចាស់ផ្ទះក៏ទទួលបានបាល់ពិន័យ ១១ ម៉ែត្រដែរ ក្រោយ Thiago Alcantara កីឡាករចំណូលថ្មីរបស់ Liverpool ប្រព្រឹត្តកំហុសចំពោះ Timo Werner ខ្សែប្រយុទ្ធថ្មីរបស់លោក Lampard តែគួរឱ្យស្ដាយ ការស៊ុតរបស់កីឡាករ Jorginho ត្រូវរារាំងដោយ អ្នកចាំទី Alisson Becker។
ពាក់ព័ន្ធនឹងការបណ្ដេញកីឡាករ Christensen វិញ ដំបូងឡើយអាជ្ញាកណ្ដាលលោក Paul Tierney បានផ្ដល់កាតលឿងទេ តែក្រោយពិនិត្យមើលវីដេអូជំនួយអាជ្ញាកណ្ដាល (VAR) រួច អាជ្ញាកណ្ដាលរូបនោះ ក៏ផ្លាស់ចិត្តលើកកាតក្រហមតែម្ដង។
ក្រុម Leicester ឡើងទៅឈរទីកំពូលតារាងលើក្រុម Liverpool, Arsenal និង Everton ជាមួយនឹងការមាន ៦ ពិន្ទុដូចគ្នា ក្រោយក្រុមរបស់លោក Brendan Rodgers អាចយកឈ្នះក្រុម Burnley នៅទឹកដីខ្លួនឯង ៤-២ ខណៈលទ្ធផលនេះ បានធ្វើឱ្យការប្រកួត ដែលចប់ទៅទាំង ៨ គូ សម្រាប់ក្របខ័ណ្ឌ Premier League នាសប្ដាហ៍ទី ២ នេះ មានការស៊ុតបញ្ចូលទីគ្នាទៅវិញទៅមកច្រើនរហូតដល់ទៅ ៣៩ គ្រាប់៕ AFP/VN