ក្រុង​ឡុងដ៍៖ គ្រូ​បង្វឹក​លោក Jurgen Klopp បាន​ទទួល​ស្គាល់​ថា ​ក្រុម​ហង្សក្រហម​ Liverpool ស៊ាំ​នឹង​ការ​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង​លំបាក ខណៈ​លទ្ធផល​ស្មើ​គ្នា​ ១-១ ជាមួយ​ក្រុម Napoli បាន​ធ្វើ​ឲ្យ​ម្ចាស់​ជើងឯក​អឺរ៉ុប​នេះ​មាន​ភាព​ស្រពេច​ស្រពិល​ក្នុង​ការ​ឡើង​ទៅ​​វគ្គ​ ​១៦ ​ក្រុម​ចុង​ក្រោយ ​នៃ​ក្របខ័ណ្ឌ Champions League។​​

ក្រុម​របស់​លោក Jurgen Klopp ត្រូវ​តែ​គេច​ឲ្យ​ផុត​ពី​​បរាជ័យ​​នៅ​ក្រៅ​ទឹក​ដី​​ក្នុង​ពេល​ប្រកួត​នឹង​ក្រុម Salzburg នៅ​ថ្ងៃទី ​១០ ខែ​ធ្នូ​ ដើម្បី​មាន​ឱកាស​កក់​កៅអី​នៅ​វគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ​។​​

កីឡាករ​ Dries Mertens បាន​គំរាម​កំហែង​ដល់​ក្រុម Liverpool ​ឲ្យ​ស្គាល់​រសជាតិ​បរាជ័យ​ជា​លើក​ដំបូង​នៅ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ក្នុង​ក្របខ័ណ្ឌ Champions ឬក៏​ Premier League តាំង​ពី​ខែ​មេសា ​ឆ្នាំ ​២០១៧ ​ជាមួយ​ការ​រក​បាន​គ្រាប់​បាល់​បើក​ឆាក ​១ ​គ្រាប់​នៅ​តង់​ទី ​១ ​សម្រាប់​ក្រុម​ភ្ញៀវ​កាល​​​ពី​រាត្រី​ថ្ងៃ​ពុធ​។​

ប៉ុន្តែ​កីឡាករ​ Dejan Lovren បាន​តែត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ក្នុង​នាទី ​៦៥ ​ដើម្បី​ជួយ​ឲ្យ​ក្រុម​ Liverpool តាម​ស្មើ​នឹង​ក្រុម​ភ្ញៀវ​វិញ​​ និង​ដើម្បី​រក្សា​កំណត់ត្រា​របស់​ក្រុម​​នេះ ​សម្រាប់​ការ​មិន​ធ្លាប់​ចាញ់​ក្នុង​ទឹក​ដី​របស់​ខ្លួន​​តាំង​ពី​ឆ្នាំ ​២០១៧ ​នោះ​ផង​ដែរ​។

លោក Klopp បាន​និយាយ​ថា៖ «​យើង​តែងតែ​មាន​ផ្លូវ​ធ្វើ​ដំណើរ​ដ៏​លំបាក​ ខណៈ​យើង​ត្រូវ​តែ​​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​របស់​ក្រុម​ Salzburg​ ជា​បន្ត​ទៀត​។ ប្រសិន​បើ​យើង​ធ្វើ​បាន​សម្រេច​នៅ​រាត្រី​នេះ​ យើង​នឹង​មិន​ចាំបាច់​ព្យាយាម​តាម​ឈ្នះ​នៅ​ទី​នោះ​ទេ​ ហើយ​យើង​នឹង​ធ្វើ​​ឲ្យ​បាន​សម្រេច​ដូច​ពេល​នេះ​»។​​

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម Napoli ដេញ​តាម​ពី​ក្រោយ ​១ ​ពិន្ទុ ​នៃ​ក្រុម Liverpool ដែល​មាន ​១០ ​ពិន្ទុ ​​និង​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ពូល​ E ប៉ុន្តែ​ពួក​គេ​បាន​ឈរ​នៅ​លេខ ​២ ​ដែល​អាច​នឹង​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​យ៉ាង​ងាយ​ស្រួល​ដោយសារ​ពួក​គេ​ត្រូវ​ប៉ះ​នឹង​ក្រុម​ Genk ដែល​មិន​ធ្លាប់​ឈ្នះ​នៅ​ក្នុង​រយៈ​ពេល ២ ​សប្ដាហ៍​ទៀត​។​​​

លោក Carlo Ancelotti គ្រូ​បង្វឹក​ក្រុម Napoli បាន​និយាយ​ថា៖ «​វា​មិន​ងាយ​ស្រួល​ទេ​ក្នុង​ការ​ទទួល​បាន​លទ្ធផល​ស្មើ​គ្នា​នៅ​ទី​នេះ​។ យើង​បាន​រង​សម្ពាធ​យ៉ាង​ខ្លាំង​ និង​ចាប់​ផ្ដើម​ការពារ​យ៉ាង​តឹងតែង​បំផុត ​ប៉ុន្តែ​​យើង​នៅ​តែ​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​បាន​ដដែល​នៅ​កីឡដ្ឋាន​ Anfield នេះ​»។​

ក្លិប​អ៊ីតាលី​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ​ក្រុម Merseyside ក្នុង​ភាព​ច្របូក​ច្របល់​ដោយសារ​លោក Ancelotti ហាក់​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​ត្រូវ​គេ​បណ្ដេញ​ចេញ​ក្រោយ​ពី​បាន​ធ្លាក់​ចុះ​ចំណាត់​ថ្នាក់​​នៅ​ក្នុង​ក្របខ័ណ្ឌអ៊ីតាលី Serie A។​​

ប្រធាន​ក្លិប​ Napoli លោក De Laurentiis ក៏​បាន​គំរាម​លក់​ក្រុម​នេះ​ និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​កីឡាករ​ផង​ដែរ ​ក្រោយ​ពី​ពួក​គេ​មិន​ព្រម​ស្ដាប់​តាម​សម្ដី​គាត់​ដែល​បញ្ជា​ឲ្យ​ពួក​គេ​ទៅ​កាន់​ជំរំ​​ហ្វឹកហាត់​រយៈពេល ​១ ​សប្ដាហ៍ ​​កាល​ពី​ដើម​ខែ​នេះ​។​

ទោះ​យ៉ាង​ណា​ក្លិប​​នេះ ​គឺ​ជា​ក្រុម​តែ​មួយ​គត់​ដែល​បាន​ប្រកួត​ឈ្នះ​ម្ចាស់​ជើង​ឯក​អឺរ៉ុប​នៅ​រដូវកាល​នេះ​ និង​បាន​ក្លាយ​ជា​បន្លា​ក្នុង​កែវ​ភ្នែក​របស់​ក្រុម Liverpool ម្ដង​ទៀត​​៕ AFP/SN