ឌូសសែលដុប៖ កីឡាករ​ Romelu Lukaku ស៊ុត​បញ្ចូល​ទី ១ គ្រាប់ ពេល​ក្រុម​ Inter Milan របស់​អ៊ីតាលី​ឈ្នះ​ក្រុម Bayer Leverkusen ២-១ អំឡុង​ការ​ប្រកួត​ក្របខ័ណ្ឌ Europa League វគ្គ ៨ ​ក្រុម កាល​ពី​ថ្ងៃ​ចន្ទ នៅ​ឯ​ក្រុង​ឌូសសែលដុប​ (Dusseldorf) ​ឆ្លង​ទៅ​វគ្គ​ពាក់​ ១/២ ​នៃ​ការ​ប្រកួត ដែល​ត្រូវ​បាន​បំប្រួញ​ឲ្យ​ខ្លី​ជាង​មុន និង​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន​ទទេ​ស្អាត​នា​ប្រទេស​អាល្លឺម៉ង់​។

សម្រាប់​ការ​ប្រកួត​នេះ ក្រុម Inter ដែល​ជា​អតីត​ម្ចាស់​ពាន​កម្រិត​ទី ២ របស់​តំបន់​អឺរ៉ុប​នេះ ចំនួន ៣ ​សម័យ​កាល​ មាន​គ្រាប់​បាល់​នាំ​មុខ​ ដោយ​ខ្សែ​បម្រើ​ Nicolo Barella នៅ​នាទីទី​១៥ មុន​នឹង​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក Lukaku បន្ថែម​គ្រាប់​ទី២ នៅ ៦ ​នាទី​បន្ទាប់​។​​

រីឯ​ខាង​ក្រុម​ម្ចាស់​ប្រទេស Leverkusen ក៏​បាន​កីឡាករ Kai Havertz ​ជួយ​កាត់​បន្ថយ​ការ​នាំ​មុខ​នោះ​ដែរ នៅ​នាទីទី ​២៥ តែ​គួរ​ឲ្យ​ស្ដាយ​ លទ្ធផល ២-១ នេះ បន្ត​រហូត​ដល់​សំឡេង​កញ្ចែ​ចុង​ក្រោយ​បន្លឺ​ឡើង ដែល​បញ្ជាក់​ថា ក្រុម​របស់ Inter របស់​លោក Antonio Conte គឺ​ជា​ក្រុម​មាន​សិទ្ធិ​​ទៅ​វគ្គ​បន្ត ដោយ​ចាំ​ជួប​គូ​រវាងក្រុម​អ៊ុយក្រែន Shakhtar Donetsk និង​ក្រុម​​ Basel របស់​ស្វ៊ីស​។

ពាក់ព័ន្ធ​នឹង​កីឡាករ Lukaku ដែល​ពេល​នេះ ​​ក្លាយ​ជា​កីឡាករ​ដំបូង​គេ អាច​ស៊ុត​បញ្ចូល​ទី​បាន ៩ ​ប្រកួត​ជាប់​ៗ​គ្នា នៅ Europa League និង​រក​​បាន ២៩ ​គ្រាប់ នៅ​គ្រប់​ការ​ប្រកួត​ទាំង​អស់ នា​រដូវកាល​នេះ​ លោក​ Conte ​និយាយថា ​បើ​គ្មាន​ការ​គាំទ្រ​ពី​មិត្តរួម​ក្រុម​ទេ រូប​គេ​ក៏​មិន​អាច​សម្រេច​បាន​ដូច​នេះ​ឡើយ​។

គ្រូ​បង្វឹក​​សញ្ជាតិ​អ៊ីតាលី​វ័យ ៥១ ​ឆ្នាំ ​និយាយ​លាយ​ជាមួយ​សំណើច​ទៅ​កាន់​ទូរទស្សន៍​ Sky Italia ថា​៖ «​វាជា​រឿង​ពិបាក ក្នុង​ការ​និយាយ​ពី​ទម្រង់​លេង​របស់​កីឡាករ​តែ ១ ​រូប ​ពេល​អ្នក​មាន​ក្រុម ​១ ដែល​មាន​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​។ Lukaku ​មាន​រដូវកាល​ដ៏​ស្រស់​បំព្រង​ដោយ​បាន​ការ​គាំទ្រ​ពី​ក្រុម​ ដែល​​កីឡាករ​នៅ​គ្រប់​តំណែង​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​​របស់​ពួក​គេ​ដែរ​។ យ៉ាង​ណា ខ្ញុំ​ចូលរួម​ត្រេកអរ​ជាមួយ​គេ​ផង​ ដោយសារ​គេ​ស័ក្ដិសម​ទទួល​ការ​សរសើរ តែ​គេ​ត្រូវ​តែ​អរគុណ​ក្រុម​ ដែល​ជួយ​ឲ្យ​គេ​បញ្ចេញ​សមត្ថភាព​ផ្ទាល់​ខ្លួន​»​។

ចំណែក​ការ​ប្រកួត ១ គូ​ទៀត ដែល​ធ្វើ​ឡើង​នៅ​ម៉ោង​ដំណាល​គ្នា​នា​ក្រុង​កូឡូញ (Cologne) ឯ​ណោះ​វិញ ក្រុម​ទៅ​ពី​អង់គ្លេស​ Manchester United ក៏​បាន​ឆ្លង​ទៅ​វគ្គ ១/២ ដូច​គ្នា​ដែរ គ្រាន់​តែ​ថា ទម្រាំ​បាន​ជ័យជម្នះ​លើ​​ក្រុម​ FC Copenhagen របស់​ប្រទេស​ដាណឺម៉ាក ​បាន ត្រូវ​ពឹង​លើ​គ្រាប់​បាល់​ប៉េណាល់​ទី​របស់​ខ្សែ​បម្រើ Bruno Fernandes ក្នុង​ម៉ោង​បន្ថែម​ពិសេស ១៥ ​នាទី ២ ​ដង​។

ក្រុម​ Man United ដែល​គ្រប់​គ្នា​គិត​ថា នឹង​​មាន​ប្រៀប​ជាង​ហើយ​ក៏​មិន​ពិបាក​ប៉ុន្មាន​ក្នុង​ការ​យក​ឈ្នះ​នោះ នៅ​ម៉ោង​ធម្មតា ៩០ ​នាទី មិន​អាច​ទម្លុះ​សំណាញ់​​ទី​បាន សូម្បី ១ គ្រាប់ ហើយ​មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​ត្រូវ​ក្រុម​គូ​ប្រជែង​គ្រប​នៅ​ដើម​វគ្គ​ទី​ ១ ​ទៀត​​​​ផង។

ដោយសារ​លទ្ធផល ០-០ ការ​ប្រកួត​ត្រូវ​ថែម​ម៉ោង​ពិសេស ហើយ​បើ​ក្រុម​ទាំង​ ២ ​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​ទៀត នោះ​នឹង​កាត់​ក្ដី​ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​ តែ​ខាង​ក្រុម​​​ Man United មិន​ចាំបាច់​រង់ចាំ​ដល់​វគ្គ​នេះ​ឡើយ ក្រោយ​ខ្សែ​ការពារ​របស់​ក្រុម Copenhagen កីឡាករ Andreas Bjelland បង្ក​កំហុស​ចំពោះ​កីឡាករ Anthony Martial ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​បាល់​ពិន័យ ១១ ​ម៉ែត្រ នៅ​នាទីទី​ ៩៣ ខណៈ​​កីឡាករ Fernandes ធ្វើ​បាន​យ៉ាង​ល្អ​ជួយ​ឲ្យ​ក្រុម​របស់​លោក Ole Gunnar Solskjaer ឡើង​ទៅ​​វគ្គ ១/២ ដែល​នឹង​ត្រូវ​ប៉ះ​ក្រុម​រួម​លីក Wolverhampton Wanderers ឬ​ក៏​ក្រុម Sevilla របស់​អេស្ប៉ាញ​៕ AFP/VN​​