ក្រុង Auxerre​: ក្រុម Lyon បាន​យក​ឈ្នះ​ក្រុម​ Paris Saint-Germain (PSG) ៤-៣ ក្នុង​វគ្គ​ប៉េណាល់​ទី​កាត់​ក្ដី ដើម្បី​លើក​ពាន French Cup ផ្នែក​នារី ជា​កំណត់​ត្រា​លើក​ទី​ ៩ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ដែល​មិន​ដល់​ ៣ សប្ដាហ៍​ មុន​ការ​ប្រកួត​ប្រជែង​ក្រប​ខ័ណ្ឌ Champions League វគ្គ ៨​ ក្រុម​ចុង​ក្រោយ​ ចាប់​ផ្ដើម។

Lyon ដែល​ជាក្រុមម្ចាស់​ជើង​ឯក​ចាស់​នៅតំបន់​អឺរ៉ុប បាន​បញ្ចប់​លទ្ធផល ០-០ ក្នុង​ការ​ប្រកួត នៅ​​ម៉ោង​ធម្មតា មុន​ពេល​អ្នក​ចាំ​ទី Sarah Bouhaddi ក្លាយ​ជា​វី​រ​នារី ដោយ​ការ​សង្គ្រោះ​បាល់​ពី​ការ​ស៊ុតរបស់​កីឡាការិនី Lea Khelifi​។

ក្រោយ​ជួយ​ក្រុម​ឲ្យ​លើក​ពានរង្វាន់​​នេះ កីឡាការិនី Bouhaddi បាន​និយាយ​ប្រាប់ទូរទស្សន៍​នៅ​បារាំង​ថា​៖ «​វា​ជា​ការ​ប្រកួត​ដ៏​លំបាក​មួយ ក្រោយ​កើត​មាន​វិបត្តិសុខភាព។ មិន​មែន​តែ​ក្រុម​យើង​ទេ តែ​ក្រុម​គូ​ប្រជែង​ក៏​ដូច​គ្នា​។ ខ្ញុំ​បាន​ហ្វឹក​យ៉ាង​ខ្លាំង ក្នុង​ការ​សង្គ្រោះ​បាល់​ប៉េណាល់​ទី ហើយ​ទី​បំផុត វា​ក៏​បាន​ផល​មែន នៅ​យប់​នេះ ដែល​វាជា​សមិទ្ធ​ផល​ដ៏​ល្អ​បំផុត​»​។​

យ៉ាង​ណា សម្រាប់​ការ​ប្រកួត​នេះ ក៏ត្រូវ​បាន​ផ្អាក ១០​នាទី​ដែរ នៅ​វគ្គ​ទី​ ១ ដោយសារ​ភ្លៀង និង​ខ្យល់​ខ្លាំង​បណ្ដាលឲ្យ​ដាច់​ភ្លើង ក្នុង​កីឡដ្ឋាន ដែលមាន​អ្នក​គាំទ្រចំនួន​ប្រមាណ ៥ ០០០​ នាក់ នា​ក្រុង Auxerre​ នេះ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ប្រជែង​ក្នុង​ស្រុក​នេះ ក្រុម​ទាំង​នារី ២ នេះ នឹង​បន្ត​ដំណើរ​ទៅ​ធ្វើ​យុទ្ធនាការ​នៅ​ Champions League វគ្គ ៨​ ក្រុម​ចុង​ក្រោយ ដែល​នឹង​រៀប​ចំនៅ​ប្រទេស​អេស្ប៉ាញ ដោយ​ក្រុម​​ Lyon ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ Bayern Munich របស់​អាល្លឺម៉ង់ នៅ​ថ្ងៃ​ទី​ ២២ ខែ​សីហា នាក្រុង​ប៊ីលបាវ ខណៈ​ក្រុម PSG ប្រកួត​ជាមួយក្រុម​ទៅ​ពីអង់គ្លេស​ Arsenal នៅ​ក្រុង San Sebastian នៅ​ថ្ងៃ​ជាមួយ​គ្នា​។ ​​ ក្រុម​របស់​បារាំង​ទាំង​នេះ អា​ច​ជួប​គ្នា​ម្ដង​ទៀត ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​៕ AFP/VN