ក្រុងចូហាននីស​ប៊ឺក: ខ្សែ​បម្រើស្លាប​ Riyad Mahrez របស់​ក្រុម​មេឃខៀវ Manchester City បាន​រួម​ចំណែក​ស៊ុត​បាន ១ គ្រាប់​ដែរ ពេល​ក្រុម​ជម្រើសជាតិ​​អាល់ហ្សេរី ប្រកួត​ស្មើ​ជាមួយ​ហ្ស៊ីមបាវ៉េ ២-២ កាល​ពី​ថ្ងៃ​ចន្ទ ហើយ​លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​ជើង​ឯក​ចាស់​ ក្លាយ​ជា​ប្រទេស​ទី ៣ ដែល​កក់​កៅ​អី​ ១ សម្រាប់​ព្រឹត្តិការណ៍​ Africa Cup of Nations 2021។

ក្រុម​កាមេរ៉ូន ជាប់​ជាស្វ័យ​ប្រវត្តិ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កម្ម​វិធី​នេះ ខណៈ​ក្រុម​សេណេហ្គាល់ ធានា​បាន​នូវ​កន្លែង ១ ដែរ កាល​ពី​ថ្ងៃ​អាទិត្យ ជាមួយ​នឹង​ជ័យ​ជម្នះ​លើ​ក្រុម​ហ្គីណេប៊ីស្សូ ដោយសារ​ ១ គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម Sadio Mane ដែល​ប្រកប​អាជីព​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool​។

សម្រាប់​ការ​ប្រកួត​នេះ កីឡាករ Andy Delort និង​ប្រធាន​ក្រុម Mahrez បានរួម​គ្នា​ស៊ុត​បញ្ចូល​ទី​ម្នាក់ ១ គ្រាប់ ដោយ​មាន​គម្លាតតែ ៤​ នាទី ឱ្យ​ក្រុម​ដែ​ល​មាន​រហស្សនាម «Desert Foxes» (ចចក​វាល​ខ្សាច់) នាំ​មុខ ២-០ បណ្ដោះ​អាសន្ន មុន​នឹង​ Knowledge Musona និង​ Prince Dube របស់​ក្រុម​គូ​បដិបក្ខ ធ្វើ​បាន​សម្រេច​ម្នាក់ ១ គ្រាប់​ដូច​គ្នា​ជួយឱ្យ​ស្មើ ២-២​ វិញ ហើយ​វា​ជា​លទ្ធផល​ផ្លូវការ​តែម្ដង​។

ដូច្នេះ​លទ្ធផល​ត្រឹម ១ ពិន្ទុ​នេះ ក៏​គ្រប់​គ្រាន់​ឱ្យ​ក្រុម​អេហ្ស៊ីប ដែល​ធ្លាប់​ឈ្នះ​ពាន​ប្រចាំ​ទ្វីបអាហ្វ្រិក​នេះ បាន ២​ ដង​ អាច​ទៅ​បង្ហាញ​មុខ​នៅ​វគ្គ​ចែក​ពូល​ ក្នុង​ឆ្នាំ ២០២១ បាន​ហើយ បើ​ទោះ​នៅ​សល់​ប្រកួត​វគ្គ​ជម្រុះ​នេះ ២​ លើក​ទៀត​ក៏ដោយ ព្រោះ​ថា​ពេល​នេះ កំពុង​នៅ​លេខ ១ ក្នុង​ពូល H ក្រោយ​បញ្ចប់​ប្រកួត​ទី ៤ នេះ ដោយមាន ១០​ ពិន្ទុ។

នេះ​មាន​ន័យ​ថា បើ​ទោះ​ចាញ់ ២ ប្រកួត​ចុង​ក្រោយ ក៏​អេហ្ស៊ីប យ៉ាង​ហោច​ណាស់ បញ្ចប់​នៅ​ចំណាត់​ថ្នាក់​ទី ២ ដែរ ដោយ​សារ​​ក្រុម​លេខ ២ ហ្ស៊ីមបាវ៉េ មាន​តែ​ ៥ ពិន្ទុ​ ខណៈ​ក្រុម​លេខ ៣ បុតស្វាណា និង​ក្រុម​បាត​តារាងហ្សំប៊ី មាន ៤ ពិន្ទុ និង ៣ ពិន្ទុ​៕ AFP/VN