ក្រុង​ប៊ែរឡាំង​: រដូវ​កាល​នៃ​ក្រប​ខ័ណ្ឌ Bundesliga របស់​អាល្លឺម៉ង់ ដែល​ទើប​ចាប់​ផ្ដើម​បាន ១០ ​ថ្ងៃ​ប៉ុណ្ណោះ បាន​រក​ឃើញ​គ្រូ​បង្វឹក​រង​គ្រោះ​ទី២ បាត់​ហើយកាល​ពី​ថ្ងៃ​ចន្ទ ​ពេល​ដែល​ក្រុម Mainz 05 បាន​​បណ្ដេញ​លោក Achim Beierlorzer នៅ​ ១ ​ថ្ងៃ ក្រោយ​ក្រុម Schalke 04 បញ្ចប់​តំណែង​របស់​លោក​ David Wagner​។

ការ​សម្រេច​របស់​ក្រុម Mainz នេះ បាន​ធ្វើ​ឡើង ដើម្បី​សម្រាល​ស្ថានការណ៍​​ជ្រួល​ច្របល់ ដែល​ឃើញ​មាន​កីឡាករ​បដិសេធមិន​ទៅ​ហ្វឹក​ហាត់ ក្រោយ​ខ្សែ​ប្រយុទ្ធ Adam Szalai ត្រូវ​បាន​ពិន័យ និង​ត្រូវ​ប្រាប់​ឱ្យ​រក​ក្រុម​ថ្មី។ ហេតុការន៍​នោះ កើត​ឡើង​​​ក្រោយ​ប្រកួត​ចាញ់​ក្រុម​ឡើង​មក​ថ្មី VfB Stuttgart ៤-១ នៅ​ផ្ទះ​ខ្លួន​ឯងកាល​ពី​ថ្ងៃ​សៅរ៍​។

ក្រោយ​មាន​ការ​បណ្ដេញ​នេះ ខាង​ក្លិបបាន​ប្រាប់​ថា ជំនួយ​ការ​គ្រូបង្វឹក​លោក Jan-Moritz Lichte នឹង​ទទួល​តួនាទី​នេះ​បណ្ដោះ​អាសន្ន រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ថ្មី​បន្ថែម​ទៀតនា​ពេល​ក្រោយ។​

លោក Beierlorzer វ័យ ៥២​ ឆ្នាំ បាន​និយាយ​ថា​៖ «​ខ្ញុំ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​រប​ស់​ក្លិប​។ តែ​ទោះ​ជា​យ៉ាង​ណា ខ្ញុំ​សូម​ឱ្យ​ក្រុម Mainz 05 និង​កូន​ក្រុម​ទាំង​អស់​ជួប​នូវ​សំណាង​ល្អនា​ពេល​អនាគត​»​។

លោក Beierlorzer ដែល​បាន​មក​កាន់​តំណែង​នេះ តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ បាន​និយាយ​ថា គាត់​​យល់​ពី​សាមគ្គី​ភាព​របស់​កីឡាករ​ចំពោះ​មិត្ត​រួម​ក្រុម​របស់​ពួក​គេ Szalai តែ​ការ​បដិសេធមិន​ចូល​ហ្វឹក​ហាត់ គឺ​ជា​រឿង​ខុស​ទាំង​ស្រុង​។

ក្លិប​ដែល​ដេញ​គ្រូបង្វឹក​ដូច​គ្នា​ ទាំងក្រុម Mainz និង Schalke សុទ្ធ​តែ​ចាញ់​ នៅ​ ២​ ប្រកួត​បើក​ឆាក​ដំបូង​។ ក្រុម Schalke ​បាន​ចាញ់​ក្រុម​ Werder Bremen ៣-១ កាល​ពី​ថ្ងៃ​សៅរ៍ ក្រោយ​ពី​ត្រូវ​ក្រុម​ជើង​ឯក​ចាស់​ Bayern Munich សំពង​យ៉ាង​ដំណំ ៨-០ ក្នុង​ការ​ប្រកួត​ដំបូងនៃ​រដូវ​កាល​ថ្មី​៕ AFP/VN