ឡុងដ៍៖ ក្រុម Manchester City ប្រកាស​ពី​ការ​ទិញ​បាន​ខ្សែ​ការពារ​កណ្តាល​​អន្តរជាតិ​ព័រទុយហ្គាល់ Ruben Dias ពី​ក្រុម Benfica ដោយ​មាន​កិច្ច​សន្យា​រយៈ​ពេល ៦ ​ឆ្នាំ កាល​ពី​ថ្ងៃ​អង្គារ ដោយ​សង្ឃឹម​ថា នឹង​អាច​ដោះ​ស្រាយ​បញ្ហា​ភាព​ខ្វះ​ចន្លោះ​តំបន់​ខាង​ក្រោម ដែល​​ក្រុម​​របស់​លោក Pep Guardiola ជួប​ជាង ១ ​ឆ្នាំ​កន្លង​មក​។

ក្រុម​នៅ​ព័រ​ទុយហ្គាល់ Benfica កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បញ្ជាក់​ថា ពួក​គេ​​ឈាន​ដល់​កិច្ច​ព្រមព្រៀង​លក់​កីឡាករ Dias ក្នុង​តម្លៃ ៦៨ ​លាន​អឺរ៉ូ ($​៧៩ ​លាន) បូក​រួម​នឹង​ប្រាក់​រង្វាន់ ៣,៦ ​លាន​អឺរ៉ូ (ប្រមាណ​ $៤ លាន​) បន្ថែម​ទៀត ហើយ​បាន​​ផ្ទេរ​យក​កីឡាករ Nicolas Otamendi ត្រឡប់​​វិញ​ ក្នុង​តម្លៃ​​ ១៥ ​លាន​អឺរ៉ូ (ប្រមាណ $១៧ ​លាន​)​។

ក្នុង​សេចក្ដី​ប្រកាស​របស់​ Man City កីឡាករ Dias ដែល​មាន​វត្តមាន​ជាមួយ​ក្រុម​ជម្រើស​ជាតិ ១៩ ​លើក ​ប្រាប់​ថា​៖ «​ការ​មាន​ឱកាស​ចូល​រួម​ជាមួយ​ក្លិប​​ដូច Manchester City គឺ​ជា​ឱកាស​ដ៏​វិសេស​វិសាល​បំផុត​សម្រាប់​ខ្ញុំ ហើយ​ជា​ក្លិប ១ ដែល​ពិបាក​នឹង​បដិសេធ​​សំណើ​ណាស់​»​។​

កីឡាករ​វ័យ ២៣ ​ឆ្នាំ បន្ត​​ថា​៖ «​ភាព​ជោគជ័យ​របស់​ពួក​គេ គឺ​ច្បាស់​ណាស់​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ឡើយ​។ ពួក​គេ ​គឺ​ជា​ក្រុម​លេច​ធ្លោ​ នៅ​ប្រទេស​អង់គ្លេស ក្នុង​រយៈពេល​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​ការ​លេង​ស្ទីល​បែប​ប្រយុទ្ធ ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា ស័ក្ដិសម​នឹង​ការ​លេង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​»​។

Dias នៅ​ប្រាប់​ទៀត​ថា​៖ «​វា​ពិត​ជា​មាន​ក្ដី​រំភើប​ខ្លាំង​ណាស់ ដែល​បាន​ក្លាយ​ចំណែក ១ ក្នុង​ក្រុម​លំដាប់​កំពូល​​បែប​នេះ និង​ដែល​បាន​លេង​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​កម្រិត​ពិភព​លោក ដូច​លោក​ Pep Guardiola ព្រោះ​គាត់​មាន​ប្រវត្តិល្អ​ខាង​អភិវឌ្ឍ​សមត្ថភាព​កីឡាករ​ក្មេងៗ​។ ខ្ញុំ​ជឿ​ថា ខ្ញុំ​អាច​រីក​ចម្រើន​នៅ​ទី​នេះ ដែល​ឆន្ទៈ​របស់​ក្លិប ស៊ី (ស្រប) ​គ្នា​ជាមួយ​​ខ្ញុំ ហើយ​​ខ្ញុំ​នឹង​ផ្ដល់​គ្រប់​យ៉ាង​ដែល​ខ្ញុំ​មាន ដើម្បី​ជួយ​ក្លិប​​ជោគជ័យ និង​ឈ្នះ​ពាន​រង្វាន់​ផ្សេង​ៗ​»​៕ AFP/VN