ក្រុង​ឡុងដ៍៖ ក្រុម​ Manchester City កាល​ពី​ថ្ងៃ​ពុធ បាន​ប្រកាស​ឲ្យ​ដឹង​នូវ​​ការ​ទិញ​យក​កីឡាករ​ Nathan Ake ពី​ក្រុម​រួម​លីក Bournemouth ជាមួយ​នឹង​កិច្ច​សន្យា​រយៈពេល ៥ ​ឆ្នាំ​ ដែល​នេះ​ជា​ការ​នាំចូល​សមាជិក​ថ្មី​ទី ២ មក​កាន់​ទឹក​ដី Etihad ក្នុង​អំឡុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ដំណើរការ​នា​រដូវក្ដៅ​នេះ​។

ក្រុម​របស់​លោក Pep Guardiola (Pep) ដែល​របូត​តំណែង​ជើងឯក​ក្របខ័ណ្ឌ Premier League ​រដូវ​កាល​នេះ បាន​ព្រមព្រៀង​ចំណាយ​ប្រាក់ ៤០ ​លាន​ផោន ($​៥២ ​លាន​) សម្រាប់​តម្លៃ​នៃ​ការ​ចុះ​ហត្ថ​លេខាយក​ខ្សែ​ការពារ​កណ្ដាល​សញ្ជាតិ​ហូឡង់​រូប​នេះ ហើយ​​អាច​នឹង​ឡើង​ដល់​ជិត $​៥៤ ​លាន នា​​ថ្ងៃ​​មុខ​ តាម​លក្ខន្តិកៈ​ក្នុង​កិច្ច​សន្យា​របស់​ក្រុម​ទាំង ២​។

ការ​ផ្ទេរ​យក​កីឡាករ Ake នេះ កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ក្លិប​យក្ស​​​ ​១ ​នេះ ​ប្រកាស​​ពី​ការ​នាំ​ចូល​ខ្សែ​បម្រើ​ស្លាប​របស់​ជម្រើស​​​ជាតិ​អេស្ប៉ាញ​​​អាយុ​ក្រោម ២១ ​ឆ្នាំ Ferran Torres ពី​ក្រុម Valencia ជា​ផ្លូវ​ការ​ ដោយ​​មាន​​កុង​ត្រា ៥ ​ឆ្នាំ​ដូច​គ្នា ជាមួយ​​នឹង​តម្លៃ​ជា​បឋម ២០ ​លាន​ផោន (២៧ លាន​ដុល្លារ​)​។

ក្រោយ​មាន​កិច្ច​ព្រមព្រៀង​នេះ កីឡាករ Ake វ័យ ២៥ ​ឆ្នាំ ឲ្យ​ដឹង​តាមរយៈ​វេបសាយ​របស់​ក្លិប Man City ថា​៖ «​Man City គឺ​ជា​ក្រុម​ល្អ​បំផុត​នៅ​អង់គ្លេស​នាទសវត្សរ៍​ចុង​ក្រោយ​នេះ​។ ការ​​ធ្វើ​ដំណើរ​​មក​កាន់​ទី​នេះ ជា​ក្ដី​សុបិន​របស់​ខ្ញុំ។

នេះ​ជា​ក្រុម ដែល​ពេញ​ទៅ​ដោយ​កីឡាករ​កម្រិត​ពិភព​លោក​។ គ្រប់​កន្លែង ដែល​សម្លឹង​មើល​មក​ក្រុម​នេះ គេ​នឹង​ឃើញ​ក្រុម​ដែល​មាន​សុទ្ធ​តែ​អ្នក​លេង​ល្បី​ៗ ជាមួយ​នឹង​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​លំដាប់​​អន្តរជាតិ​​»​។

លោក​ Txiki Begiristain នាយក​បាល់ទាត់​ក្លិប Man City បាន​និយាយ​ពាក់ព័ន្ធ​នឹង​កីឡាករ​ថ្មី​រូប​នេះ​ថា​៖ «​កីឡាករ Ake ជា​ខ្សែ​ការពារ​ដ៏​មាន​គុណភាព។​ គេ​ជា​កីឡាករ​​ជួរ​មុខ​ក្នុង​គ្រា​ដែល​គេ​នៅ​ជាមួយ​ក្រុម Bournemouth ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ដែល​យើង​សម្រេច​បាន​ ក្នុង​ការ​នាំ​យក​រូប​គេ​មក​កាន់​ក្លិប​។ គេ​រឹង​មាំ និងលឿន ហើយ​យើង​ដឹង​ថា គេ​ជា​កីឡាករ​ឆ្លាត និង​ប្រកប​ដោយ​បច្ចេក​ទេស ដែល​វាចាំ​បាច់​ណាស់​សម្រាប់​លោក Pep ក្នុងការយកមក​ពង្រឹង​ក្រុម​»​៕ AFP/VN