ក្រុង​ឡុងដ៍៖ ក្លិប​ Man City បាន​ឃ្លាត​ឆ្ងាយ​ពី​ក្លិប​ Liverpool ១ ​ជំហាន​ទៀត​នៅ​ក្របខ័ណ្ឌ Premier League ​ពី​ថ្ងៃ​សៅរ៍​ទោះ​ជា​ទទួល​បាន​ជ័យ​ជម្នះ​ទៅ​លើ​ក្រុម​​ Chelsea ក៏​ដោយ ​ខណៈ​លោក Jose Mourinho បាន​បញ្ចប់​បរាជ័យ​ក្រៅ​ទឹក​ដី​របស់​ក្លិប​ Tottenham ជា​លើក​ដំបូង​ក្នុង​ការ​ដឹកនាំ​របស់​គាត់​។​

ក្លិប​ Leicester បាន​ឈ្នះ​ក្រុម​ Brighton​ ​ដើម្បី​ឈរ​​នៅ​លេខ ​២ ​នៅ​ក្នុង​ក្របខ័ណ្ឌ​ Premier League ​​តាម​ពី​ក្រោយ​ក្រុម​របស់​លោក Jurgen Klopp ៨ ​ពិន្ទុ ​ប៉ុន្តែ​បាន​នាំ​មុខ​ក្លិប Man City ១ ​ពិន្ទុ​ ខណៈ​ក្លិប​ Arsenal បាន​ត្រឹម​ស្មើ​គ្នា​ជាមួយ​ក្រុម​ Southampton ២-២។​​​

ក្រុម​ Liverpool ​របស់​លោក Klopp បាន​​ឈ្នះ​ក្លិប Crystal Palace ២-១ ដើម្បី​បន្ត​ឈរ​នៅ​លើ​កំពូល​តារាង​ ​និង​នាំ​មុខ​ក្រុម​ Man City ដែល​ជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ​នេះ ​ដែល​បាន​ឈ្នះ​ក្រុម Chelsea ២-១​។​

ក្នុង​ការ​ប្រកួត​របស់​ក្លិប​​ Man City កីឡាករ​ N''Golo Kante រក​បាន ​១ ​គ្រាប់​បើក​ឆាក ​សម្រាប់​ក្រុម​ Chelsea នៅ​នាទី​ទី ​២១ ​​ប៉ុន្តែ​​កីឡាករ​ Kevin De Bruyne រក​បាន ​១ ​គ្រាប់ ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ Man City ​វិញ​នៅ​នាទី​ទី ​២៩ ​​មុន​ពេល​កីឡាករ Riyad Mahrez បន្ថែម ​១ ​គ្រាប់​ទៀត​ ដើម្បី​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ឈ្នះ​ ២-១​។​

លោក Pep Guardiola គ្រូ​បង្វឹក​ក្រុម Man City បាន​ប្រាប់​ Sky Sports ថា៖ «​វា​ជា​ការ​ប្រកួត​សំខាន់​មួយ​ជា​មួយ​ក្រុម​ល្អ​បំផុត​មួយ​។​ ក្លិប Chelsea មាន​ប្រវត្តិ​ខ្លាំង​រយៈពេល ​២០ ​ឆ្នាំ​មក​ហើយ​។ នៅ​ពេល​ពួក​គេ​សម្រុក​ទៅ​មុខ​ក្នុង​ឱកាស​ល្អ​នោះ​ យើង​រក​បាន​គ្រាប់​បាល់​តាមរយៈ​កីឡាករ​ Kevin De Bruyne ហើយ​​​យើង​​បាត់បង់​ឱកាស​ជា​ច្រើន​»។​

នៅ​ពេល​មុន​នោះ​ដែរ​ កីឡាករ​ Roberto Firmino បាន​ជួយ​ឲ្យ​ក្រុម​របស់​​លោក Klopp ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Crystal ក្រោយ​ពី​កីឡាករ​ Mane បាន​បើក​ឆាក ​១ ​គ្រាប់ ​នាំ​មុខ​ក្រុម​ម្ចាស់​ផ្ទះ​បន្ទាប់​មក​ពី​កីឡាករ Wilfried Zaha ​​រក​បាន ​១ ​គ្រាប់​វិញ ​ដើម្បី​លុប​ចោល​ការ​នាំ​មុខ​របស់​ក្រុម​ភ្ញៀវ​នោះ​វិញ​​។​​

ក្លិប​ Liverpool ម្ចាស់​ជើងឯក​អឺរ៉ុប​ដែល​​កំពុង​តាម​លើក​ពាន​ក្នុង​ស្រុក​ជា​លើក​ដំបូង​រយៈពេល ​៣០ ​ឆ្នាំ​​នោះ​បាន​ប្រកួត​ឈ្នះ ​១២ ​លើក​ក្នុង​ចំណោម ​១៣ ​លើក​នៃ​ក្របខ័ណ្ឌ​ Premier League នៅ​រដូវកាល​នេះ​ និង​មិន​ធ្លាប់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​លីក ​៣០ ​លើក​ចុង​ក្រោយ​នេះ​។

លោក Klopp បាន​និយាយ​ថា៖ «​យើង​មិន​នៅ​ទី​នោះ​ដើម្បី​បង្ហាញ​ថា យើង​បាន​បង្កើត​ភាព​អស្ចារ្យ​នៃ​បាល់​ទាត់​នោះ​ទេ ​ប៉ុន្តែ​វា​ជា​ការងារ​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​គ្មាន​បញ្ហា​ទេ​ចំពោះ​ទម្រង់​លេង​របស់​យើង​​នៅ​ថ្ងៃ​នេះ​។ អ្នក​គ្រាន់​តែ​ត្រូវ​ប្រាកដ​ច្បាស់​ថា​អ្នក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ​ដើម្បី​ប្រយុទ្ធ​សម្រាប់​លទ្ធផល​ល្អ​ ហើយ​យើង​​ធ្វើ​បាន​នៅ​ពេល​ចាប់​ផ្ដើម​នាទី​ដំបូង​»។​

ទន្ទឹម​នោះ​ដែរ​ កីឡាករ​ Son Heung-min, Lucas Moura និង​​ Harry Kane រក​បាន​ម្នាក់ ​១ ​គ្រាប់ ​​ជួយ​ឲ្យ​លោក Mourinho គ្រូ​បង្វឹក​ថ្មី​របស់​​ក្លិប Tottenham ​​ជោគជ័យ​លើក​ដំបូង​ក្នុង​ការ​ដឹកនាំ​របស់​គាត់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ​ក្រោយ​ពី​ដឹក​នាំ​ជំនួស​​​លោក Mauricio Pochettino​ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ថ្មីៗ​នេះ​។​

ជ័យជម្នះ​ក្នុង​ការ​ប្រកួត​លីក​ក្រៅ​ទឹក​ដី​ជា​លើក​ដំបូង​របស់​ក្លិប Spurs តាំង​ពី​ខែ​មករា​នេះ​នឹង​ធ្វើ​​​ឲ្យ​លោក Mourinho រួច​ផុត​​មន្ទិល​សង្ស័យ​ពី​​ក្រុម​អ្នក​គាំទ្រ​​ដែល​បាន​ក្រៀមក្រំ​ចិត្ត​ចំពោះ​លោក Pochettino ក្នុង​រយៈពេល​ជិត ​៦ ​ខែ ​ក្រោយ​ពី​បាន​ជួយ​ឲ្យ​ក្លិប​នេះ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជា​លើក​ដំបូង​នៃ​ក្របខ័ណ្ឌ Champions League។​

លោក Mourinho បាន​និយាយ​ថា៖ «​ជ័យជម្នះ​នេះ​​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​ព្រោះ​យើង​ខាន​បាន​ឃើញ​ស្នាម​ញញឹម​រយៈពេល ​១១ ​ខែ​មក​នេះ ​​ប៉ុន្តែ​​​សម្រេច​ហើយ​​»៕ AFP/SN