ឡុងដ៍៖ ក្រុម​ Manchester City ត្រូវ​បង្ខំ​ទទួល​យក​លទ្ធផល ១-១ ជាមួយ​ Leeds United ពេល​ខ្សែ​ប្រយុទ្ធ Rodrigo ដាក់​ទោស​អ្នក​ចាំ​ទី Ederson ដែល​បាន​បង្កើត​​កំហុស ខណៈ​ការ​ចំណាយ​សន្ធឹក​សន្ធាប់​របស់​ក្រុម Chelsea ផ្ដើម​ចេញ​ផ្លែ​ផ្កា ក្រោយ​បំបាក់​ Crystal Palace ៤-០ អំឡុង​ការ​ប្រកួត​លីក​កំពូល​អង់គ្លេស​កាល​ពី​ថ្ងៃ​សៅរ៍​។

ខណៈ​ Chelsea ​ចាប់​ផ្ដើម​ប្រសើរ​ឡើង​ ហើយ Man City ​ស៊ូ ដើម្បី​រក​ឱ្យ​ឃើញ​នូវ​ទម្រង់​​ល្អ​ ខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez ឯ​ណោះ​ បាន​ជួយ​ឱ្យ​ក្រុម Everton ឡើង​ទៅ​ឈរ​ទី​កំពូល​តារាង​ក្របខ័ណ្ឌ​​ Premier League ​ជាមួយ​ការ​ស៊ុត ២ គ្រាប់ ក្នុង​ជ័យជម្នះ ៤-២ លើ ​Brighton​។

ក្រុម​មេឃ​ខៀវ ​រង​បរាជ័យ​យ៉ាង​អាម៉ាស់​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ ដោយសារ​ Leicester City ជាមួយ​​លទ្ធផល ៥-២ ហើយ​ក្រុម​របស់​លោក Pep Guardiola ដើម្បី​​ដោះ​ស្រាយ​បញ្ហា​តំបន់​ការពារ​បាន​​ចំណាយ​លុយ​យ៉ាង​ច្រើន​ទិញ​ Ruben Dias ​របស់​ក្រុម Benfica​។

ការ​ប្រកួត​នៅ​កីឡដ្ឋាន Elland Road ក្រុម​ភ្ញៀវ Man City នាំ​មុខ​មុន ដោយការ​ស៊ុត​ពី​ខ្សែ​ប្រយុទ្ធ Raheem Sterling នៅ​នាទីទី​១៧ តែ​មិន​អាច​​ទាញ​ផល​ពី​ការ​មាន​ប្រៀប​​ដ៏​លឿន​​នេះ ដោយ​ការ​បន្ថែម​គ្រាប់​បាល់​ឱ្យ​បាន​ច្រើន​ឡើយ ខណៈ ​Rodrigo ​ចំណេញ​ពី​កំហុស​​របស់​ Ederson ជាមួយ​ការ​បញ្ជូន​​បាល់​ចូល​ទី​នៅ​នាទីទី​៥៩ ធ្វើ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​​​​ Leeds តាម​ស្មើ​វិញ។

គ្រូ​បង្វឹក​​របស់​ក្រុម Man City លោក Pep ​និយាយ​ថា​៖ «​ការ​ប្រកួត​នោះ​ល្អ​។ ​ពេល​ក្រុម​ទាំង ២ លេង​បែប​ប្រយុទ្ធ វា​ជា​ការ​ប្រកួត​ល្អ​មើល​។ យើង​ធ្វើ​បាន​ល្អ​ជាង​នៅ ៣០ ​នាទី​នៃ​វគ្គ​ទី​១​។ សម្រាប់​ស្ថានភាព ដែល​យើង​ជួប​ក្រុម​របស់​ខ្ញុំ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទង្វើ​ដ៏​គួរ​ឱ្យ​សរសើរ​។ វា​មិន​មែន​ជា​រឿង​ស្រួល​ប៉ុន្មាន​ទេ​ ក្នុង​ការ​លេង​ទល់​ Leeds​។ ពួក​គេ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ តើ​ពួក​គេ​ល្អ​បែប​ណា​?​»​។

Man City ឈ្នះ​តែ​ម្ដង​គត់ ក្នុង​ចំណោម​ ៣ ​ប្រកួត​ដំបូង​នៅ​​លីក​កំពូល ហើយ​អាច​នឹង​មាន​គម្លាត​​ពិន្ទុ​ពី​ក្រុម​ជើងឯក​ចាស់ Liverpool កាន់​តែ​ឆ្ងាយ ​បើ​ក្រុម​របស់​​ Jurgen Klopp មាន​លទ្ធផល​ល្អ​នៅ​ប្រកួត​បន្ទាប់​។

ចំណែក​លោក​ Frank Lampard ​សុំ​ឱ្យ​គ្រប់​គ្នា​អត់​ធ្មត់​ ពេល ​Chelsea មិន​ទទួល​បាន​ផល​ពី​ការ​​ចំណាយ​​ដល់​ទៅ ២២០ ​លាន​​ផោន ($២៨៥ ​លាន) ហើយ​សម្ពាធ​លើ​ក្រុម​តោខៀវ​ចាប់​មាន​កាន់​តែ​ខ្លាំង​​ ក្រោយ​​បាន​លទ្ធផល​ដ៏​គួរ​ឲ្យ​ខក​ចិត្ត ៣-៣ ជាមួយ​​​ West Brom និង​ការ​ធ្លាក់​ចេញ​ពី League Cup ដោយសារ​ Tottenham Hotspur នៅ​សប្ដាហ៍​មុន។

តែ​ស្ថានការណ៍​ទំនង​ស្រាល​​ជាង​មុន​បន្តិច​ ក្រោយ​កីឡាករ​ចំណូល​​ថ្មី​ទាំង ៥ រូប​ រួម​មាន ​Edouard Mendy, Ben Chilwell, Thiago Silva, Kai Havertz និង Timo Werner បង្ហាញ​ខ្លួន​ជុំ​គ្នា​លើក​ដំបូង នៅ Premier League ហើយ​​រួម​ចំណែក​ជួយ​ឱ្យ​ក្រុម​ទទួល​បាន​លទ្ធផល​ល្អ ដោយ​ការ​បំបាក់​​ក្រុម​​ភ្ញៀវ Crystal ៤-០ នៅ​ប្រកួត​ទី៤ នេះ។

Chilwell រួម​ចំណែក​យ៉ាង​ធំ ដោយការ​ជួយ​រក​គ្រាប់​បាល់​នាំ​មុខ​​បាន​នៅ​នាទីទី​៥០ មុន​មាន​​គ្រាប់​​​​ទី​២ ដោយ​ Kurt Zouma នាទីទី​៦៦ ខណៈ​ Jorginho បន្ថែម​ ២ គ្រាប់ នាទីទី​​៧៨ និង ​៨២ ដែល​សុទ្ធ​តែ​បាល់​ពិន័យ ១១ ​ម៉ែត្រ​ទាំង​អស់។

រីឯ Everton ​រក​បាន ១២ ​ពិន្ទុ​ពេញ​នៅ ​៤ ​ប្រកួត​ដំបូង​នេះ ខណៈ​​ Rodriguez ចាប់​រះ​ម្ដង​ទៀត​ ក្រោម​ការ​ដឹកនាំ​គ្រូ​បង្វឹក​ចាស់ Carlo Ancelotti ហើយ​លើស​ពី​នេះ​ទៀត​ Dominic Calvert-Lewin ​​ឡើង​ជើង​ខ្លាំង ដោយ​ការ​រក​គ្រាប់​បាល់​បាន​ជា​និច្ច ខណៈ​ប្រកួត​នេះ​ក៏​បាន ១ គ្រាប់​ដែរ៕ AFP/VN​​