The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Man City បន្ត​ក្ដី​សង្ឃឹម​ក្នុង​ការ​លើក​ពាន​រង្វាន់​លីក​អង់គ្លេស​

Man City បន្ត​ក្ដី​សង្ឃឹម​ក្នុង​ការ​លើក​ពាន​រង្វាន់​លីក​អង់គ្លេស​

Content image - Phnom Penh Post
Jesus (ស្ដាំ) ព្យាយាម​គ្រប់​គ្រង​បាល់​ក្នុង​ការ​ប្រកួត​លីក​អង់​គ្លេស​ជា​មួយ​ក្រុម​ Burnley ​​កាល​ពី​រាត្រី​ថ្ងៃ​អង្គារ​។ រូបថត AFP

Man City បន្ត​ក្ដី​សង្ឃឹម​ក្នុង​ការ​លើក​ពាន​រង្វាន់​លីក​អង់គ្លេស​

ក្រុង​ឡុងដ៍៖ កីឡាករ Gabriel Jesus រក​បាន ​២ ​គ្រាប់​តែ​ម្នាក់​ឯង ​ខណៈ​​ក្រុម Man City បាន​បង្ហាញ​ពី​ការ​មិន​បោះបង់​ការ​លើក​ពាន​រង្វាន់​​ Premier League ជាមួយ​ជ័យ​ជម្នះ ​៤-១ ទៅ​លើ​ក្រុម​ Burnley ដើម្បី​បន្ថយ​គម្លាត​​រហូត​ដល់ ​៨ ​ពិន្ទុ ​ជាមួយ​ក្រុម Liverpool ដែល​កំពុង​​ឈរ​នៅ​លើ​កំពូល​តារាង។​

ក្រុម Man City របស់​លោក Pep Guardiola បាន​ប្រឹងប្រែង​ប្រកួត​ដើម្បី​រក្សា​ភាព​ជា​​ម្ចាស់​ជើងឯក​ពាន​រង្វាន់​​នេះ​ជា​ច្រើន​រដូវកាល​មក​នេះ​ ប៉ុន្តែ​វា​ហាក់​ដូច​ជា​រាង​យ៉ាប់​បន្តិច​ហើយ​ក្នុង​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន​ Turf Moor។​

កីឡាករ Jesus បាន​ព្យាយាម​បង្កើត​ឱកាស​ជា​ច្រើន ​ដើម្បី​រះ​ឡើង​នៅ​ក្នុង​ពេល​អវត្តមាន​របស់​កីឡាករ Sergio Aguero ដោយ​រក​បាន ​២ ​គ្រាប់​ដ៏​អស្ចារ្យ​នៅ​តង់​ទី ​១ ​​មុន​ពេល​ការ​ស៊ុត​បាល់​ពី​ចម្ងាយ​របស់​កីឡាករ Rodrigo និង​ Riyad Mahrez បាន​បន្ថែម​ម្នាក់ ​១ គ្រាប់ ​ដើម្បី​ជួយ​ឲ្យ​ក្រុម Man City បាន​វ៉ា​ក្រុម Leicester ​ឡើង​ទៅ​ឈរ​នៅ​លេខ ​២​ ជា​​បណ្ដោះ​អាសន្ន​សិន​។​​​

លោក Guardiola បាន​និយាយ​ពី​សារៈសំខាន់​របស់​កីឡាករ Jesus ជាមួយ​ការ​រំពឹង​ថា កីឡាករ Aguero ក៏​នឹង​អវត្តមាន​ក្នុង​ជំនួប​រវាង​ក្រុម​ Man City និង​Man Utd នៅ​ថ្ងៃ​សៅរ៍​ ដែរ​ថា៖ «​ខ្សែ​ប្រយុទ្ធ​ទាំង​ ​២ ​នាក់​នេះ ​គឺ​តែង​តែ​រក​បាន​គ្រាប់​បាល់​ ដូច្នេះ​ហើយ​យើង​ត្រូវ​ការ​ពួក​គេ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ការ​ប្រឹងប្រែង​ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​គាត់​តែង​តែ​មាន ​ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ដូច​​គាត់​ និង​ Aguero គឺ​លេង​ដើម្បី​រក​គ្រាប់​បាល់​ដែល​ជា​រឿង​សំខាន់​»​។​

ក្រោយ​ពី​ក្រុម Man City បាន​នាំ​មុខ ​៤ ​គ្រាប់ ​ហើយ​កីឡាករ Robbie Brady បាន​ទម្លាក់ ​១ ​គ្រាប់​វិញ​នៅ​ចុង​ម៉ោង​ប្រកួត ​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​ Burnley ដែល​បន្ត​ឈរ​នៅ​លេខ ​១១ ​នៃ​ក្របខ័ណ្ឌ Premier League ជា​ដដែល​។​

គ្រូ​បង្វឹក​ក្រុម Burnley លោក Sean Dyche បាន​និយាយ​ថា៖ «​ក្រុម Man City គឺ​ជា​ក្រុម​កំពូល​មួយ​ ហើយ​ពួក​គេ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​យប់​នេះ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​យើង​បាន​ដាក់​សម្ពាធ​លើ​ពួក​គេ​យ៉ាង​ខ្លាំង​​នៅ​តង់​ទី ​១ ​ប៉ុន្តែ​ពួក​គេ​បាន​បង្ហាញ​ទម្រង់​លេង​អស្ចារ្យ​នៅ​ក្នុង​តង់​ទី ​២​ ហើយ​យើង​មិន​អាច​តាម​ទាន់​​ពួក​គេ​បាន​ឡើយ​»។​​​

ក្រុម​ភ្ញៀវ​មាន​ឱកាស​គ្រប់គ្រង​បាល់​បាន​ច្រើន​តាំង​ពី​ដើម​ទី​រហូត​ដល់​ចុង​បញ្ចប់​នៃ​ការ​ប្រកួត​​ដោយ​ទទួល​បាន​ជោគជ័យ​តែ​ម្ដង​។​

លោក Guardiola បាន​និយាយ​ថា៖ «​យើង​បាន​លេង​ក្នុង​ការ​ប្រកួត​ដ៏​​ល្អ​មួយ ​ព្រោះ​យើង​គ្រប់គ្រង​បាន​ច្រើន​ ហើយ​យើង​មិន​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​ច្រើន​​នោះ​ទេ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ ​«​កម្រិត​​លេង​របស់​យើង ​គឺ​ល្អ​ណាស់​ក្នុង​ការ​ប្រកួត​ភាគ​ច្រើន​។ ខ្ញុំ​មិន​មាន​អារម្មណ៍​ថា យើង​លេង​អន់​នោះ​ទេ​ក្នុង​ការ​ប្រកួត​មួយ​ចំនួន​។ ជា​ទូទៅ​ខ្ញុំ​ហួស​ពី​​ពេញ​ចិត្ត​​ចំពោះ​កម្រិត​លេង​​នៃ​ក្រុម​របស់​ខ្ញុំ​»។​

ខ្សែ​បម្រើ​អេស្ប៉ាញ Rodrigo បាន​និយាយ​ថា ក្រុម Man City នឹង​ប្រឹង​បន្ត​ទៀត ​ដើម្បី​ឲ្យ​ពួក​គេ​តាម​ទាន់ ​និង​ទម្លាក់​ក្រុម Liverpool ដើម្បី​​បន្ត​គ្រង​តំណែង​ម្ចាស់​ជើងឯក​នេះ​​។​

កីឡាករ​រូប​នេះ​បាន​ប្រាប់ Amazon ថា៖ «​រហូត​ដល់​ចុង​បញ្ចប់​ទើប​យើង​ហ៊ាន​និយាយ​ថា យើង​នឹង​មិន​បោះបង់​អ្វី​មួយ​​ទេ​។ យើង​នឹង​បន្ត​ប្រយុទ្ធ​​ដល់​ទី​បញ្ចប់​»៕ AFP/SN

អត្ថបទគួរចាប់អារម្មណ៍