ក្រុង​មេន​ឆេស្ទ័រ: ក្លិប Manchester City កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការ​បំពេញ​ការ​ចុះហត្ថ​លេខា​ជា​មួយ​នឹង Jorginho ក្រោយ​ពី​យល់​ព្រម​លើ​តម្លៃខ្លួន​​ជា​បឋម​ចំនួន​៤៩​លាន​អឺ​រ៉ូ (ស្មើ​នឹង​៥៦,៦​លានដុល្លារ​អាមេរិក) ជា​មួយ​នឹងក្លិប​ Napoli សម្រាប់​ខ្សែ​បម្រើ​អន្តរ​ជាតិ​អ៊ី​តាលី​រូបនេះ​។

ក្រោយពី​ការ​ចរ​ចា​ផ្សេ​ង​ៗ​អស់​រយៈ​ពេល​​ជា​ច្រើន​សប្តាហ៍ ជា​មួយ​នឹង​ក្លិប Napoli ជុំ​វិញ​​ការ​ផ្ទេរ​កីឡាករ​ដើម​កំណើត​ប្រេស៊ីល​វ័យ​២៦​ឆ្នាំ​រូបនេះ ទី​បំផុត Man City បាន​ទទួល​ជោគ​ជ័យ​នៅ​សប្តាហ៍​នេះ ហើយ​បច្ចុប្បន្ន​ពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម​ថា ក្នុង​ការ​បំពេញ​ការ​ផ្ទេរ​នេះ ក្នុង​រយៈពេល​៣ ទៅ​៤​ថ្ងៃ​ទៀត​។

បណ្តាញ​សារ​ព័ត៌​មាន​ជាច្រើន​ក្នុង​ប្រទេស​ប្រេស៊ីល បាន​ចេញផ្សាយ​ថា Jorginho និង​ភ្នាក់​ងារ​តំណាង​របស់​គេ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ឡុងដ៍ កាល​ពី​ថ្ងៃ​ពុធ ខណៈ​ដែល​​កិច្ច​ប្រជុំ​បន្ថែម​ទៀត ត្រូវ​បាន​គ្រោង​​ក្នុង​ការ​ពិភាក្សា​​លើ​ប្រាក់​ឧប​ត្ថម្ភ​នា​នា ដែល​អាច​នឹង​មាន​ចំនួន​សរុប​ដល់​ទៅ​៦,៦​​លាន​​​ដុល្លារ​អាមេរិក​។

រូប​គេ​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចុះហត្ថលេខា​រយៈ​ពេល​៥​ឆ្នាំ នៅ​ឯ​កីឡដ្ឋាន Etihad និង​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​របស់ Man City​​៕ IS