អង់គ្លេសៈ ខ្សែបម្រើ Phil Foden បាន​ជួយ​ឲ្យ​ក្រុម Manchester City ត្រឡប់​ទៅ​ឈរ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ​សៅរ៍ ខណៈ​ខ្សែបម្រើ​វ័យក្មេង​រូបនេះ​បាន​តែ​តបាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ជួយ​ឲ្យ​ក្រុម​នេះ​ឈ្នះ​ក្រុម Spur ១-០ ស្រប​ពេល​ក្រុម Brighton បាន​បង្កើន​ក្ដី​រំពឹង​រស់​របស់​ខ្លួន​ក្រោយ​ប្រកួត​ស្មើគ្នា ០-០ ជាមួយ​ក្រុម Wolves ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ​។

គិត​ត្រឹម​លទ្ធផល​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​នោះ​ក្រុម​របស់​លោក Pep Guardiola មាន​ ១ ​ពិន្ទុ​នាំមុខ​ក្រុម Liverpool ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​ ២ ​ក្របខ័ណ្ឌ Premier League ក្រោយពី​កីឡាករ Foden បាន​តែត​បញ្ចូល​ទី​នៅ​នាទី​ទី​ ៥ ​ធ្វើឲ្យ​ឈ្នះ​ក្រុម Spur ហើយ​ជ័យជម្នះ​ត្រឹម ១-០ នេះ វា​ក៏​ជា​ការសងសឹក​នឹង​ក្រុម Spur ដែល​បាន​ទម្លាក់​ក្រុម Man City នៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ផងដែរ​។

លោក Guardiola គ្រូបង្វឹក​ក្រុម Man City បាន​និយាយ​ថា​៖ «​បន្ទាប់ពី​បាន​ជួប​ភាពតានតឹង​ខ្លាំង​ក្នុង​ការប្រកួត​កាលពី​ថ្ងៃ​ពុធ​គឺ​យើង​អាច​នឹង​បាត់បង់​ពានរង្វាន់ Premier League នៅ​ថ្ងៃ​នេះ​។ ក្នុង​នាម​ជា​កីឡាករ​ម្នាក់​ខ្ញុំ​អាច​មិន​ធ្វើ​បាន​សម្រេច​ដូច​អ្វី​ដែល​ក្រុម​របស់​ខ្ញុំ​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ​នោះ​ទេ​»​។

ក្រុម Liverpool អាច​នឹង​ដណ្ដើម​តំបន់​កំពូល​វិញ បើ​ពួកគេ​ឈ្នះ​ក្រុម Cardiff នៅ​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប៉ុន្តែ​ក្រុម Man City បាន​ឈ្នះ​ការប្រកួត​លីក​ចំនួន​ ១០ ​លើក​ចុង​ក្រោយ​ដើម្បី​រក្សា​ជោគវាសនា​នៃ​ការលើក​ពាន​ក្នុង​ដៃ​របស់​ខ្លួន ព្រោះ​ម្ចាស់​ជើងឯក​នេះ​នឹង​ត្រូវ​ប្រកួតប្រជែង​ជាមួយ​ក្រុម​របស់​លោក Jurgen Klopp​។

លោក Guardiola បាន​បន្ថែម​ថា​៖ «​វា​សំខាន់​ណាស់​សម្រាប់​ការប្រកួត​នៃ​ក្របខ័ណ្ឌ Premier League ហើយ​យើង​ដឹង​ថា យើង​មិន​អាច​ធ្លាក់​ពិន្ទុ​នោះ​ទេ​។ វា​តឹងតែង​ខ្លាំង​ណាស់ ព្រោះ​ក្រុម Spur មាន​ឱកាស​ច្រើន​ជាង​កាលពី​ ២ ​ប្រកួត​មុន​»​។

លោក​បាន​បន្ត​ថា​៖ «​យើង​បាន​និង​កំពុង​លេង​សម្រាប់​ក្របខ័ណ្ឌ Premier League រាល់ពេល​ ៣ ​ថ្ងៃ​ម្ដង​សម្រាប់​រយៈពេល​ ១០ ​ខែ ហើយ​អ្នក​អាច​មាន​អារម្មណ៍​រងសម្ពាធ​បំផុត​។ ពាន​នេះ​កំពុង​ស្ថិត​នៅក្នុង​ដៃ​របស់​យើង​នៅ​ឡើយ ហើយ​យើង​នឹង​ពុះពារ​តស៊ូ​រហូត​ដល់​ទីបញ្ចប់​»​។

ជាមួយ​ការរួម​ចំណែក​ដ៏សំខាន់​របស់ Foden ក្នុង​ការបង្ហាញ​ខ្លួន​របស់​គេ​ជា​លើក​ទី​ ២ ​នេះ​លោក Guardiola ក៏បាន​អរគុណ​អ្នកចាំទី Ederson ដែល​បាន​សង្គ្រោះ​បាល់​យ៉ាង​ល្អ​ជា​បន្តបន្ទាប់ ខណៈ​ម្ចាស់​ជើងឯក​នេះ​បាន​បង្ហាញ​ការលេង​ដ៏អស្ចារ្យ​មួយ​នៅ​កីឡដ្ឋាន Etihad​។

លោក Guardiola បាន​សម្ដែង​ក្ដីកង្វល់​ចំពោះ​ខ្សែបម្រើ​សញ្ជាតិ​បែលហ្ស៊ិក Kevin De Bruyne ដែល​បាន​រងរបួស​ជាថ្មី​ម្ដង​ទៀត​នៅពេល​សម្រាក​ក្នុង​អំឡុងពេល​ប្រកួត​នេះ​។ De Bruyne ដែល​ទើប​នឹង​ជា​ពី​ការរងរបួស​ក្បាលជង្គង់​នោះ​ទំនង​ជា​មិន​បាន​ចូល​លេង​នៅក្នុង​ការប្រកួត​នៅ​ពាក់កណ្ដាល​សប្ដាហ៍​នេះ​នៅ​ទឹកដី​ក្រុម Man United ទេ​។

លោក Guardiola បាន​និយាយ​ថា​៖ «​យើង​នឹង​ឃើញ​នៅ​ថ្ងៃ​ស្អែក​នេះ ប៉ុន្តែ​ខ្ញុំ​គិតថា​ការប្រកួត​ក្រោយ​ទៀត គាត់​នឹង​មិន​បាន​ចូល​លេង​ទេ​»៕ SN