ក្រុង​ប៉ារីស​: កាល​ពី​ថ្ងៃ​ពុធ ក្នុង​ការ​ប្រកួត ដែល​ត្រូវ​បាន​​កំណត់កាល​បរិច្ឆេទ​ឡើង​វិញ ដោយ​សារ​​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា​ ជ័យ​ជម្នះ​របស់​ក្រុម​បិសាច​ក្រហម​ Manchester United ២-១ លើ​ក្រុម LASK ហើយ​ការ​ឈ្នះ​របស់​​ក្រុម​ពស់​ធំ Inter Milan លើ​ក្រុម Getafe ២-០ នាំ​ឲ្យ​ក្រុម​យក្ស​ទាំង ២ កក់​កៅ​អីសម្រាប់​វគ្គ ៨​ ក្រុម​ដូច​ៗ​គ្នា នៅ​​ក្រប​ខ័ណ្ឌ Europa League របស់​អឺរ៉ុប​។

នេះ​ជា​ការ​ប្រកួត​ជើង​ទី ២ សម្រាប់​ក្រុម​ Man United ដែលមាន​លទ្ធផល​ល្អ​តាំង​ពី​ជើង​ទី ១ ដោយ​ការនាំ​មុខ​ដល់​ទៅ ៥-០ កាល​ពី​ខែ​មីនា ដូច្នេះ សរុប​លទ្ធផល​ទាំង ២ ជើង​ គឺ ៧-១ ហើយ​នៅ​វគ្គបន្ទាប់ ក្រុម​របស់​ប្រទេស​អង់គ្លេស​មួយ​នេះ នឹង​ប្រឈម​ជាមួយ​ក្រុមទៅ​ពី​ដាណឺម៉ាក Copenhagen ដែល​បាន​ប្រកួត​ឈ្នះ​ក្រុម​ Istanbul Basaksehir របស់​ប្រទេស​តួកគី ទាំង ២ ​លើក ៣-១​។

ចំណែក​ក្រុម Inter របស់​លោក Antonio Conte ការ​ជួប​ជាមួយ Getafe ក្រុម​ទៅពី​ក្រប​ខ័ណ្ឌ La Liga របស់​ប្រទេស​​អេស្ប៉ាញ​នេះ គឺមាន​ការ​ប្រកួត​តែ ១​ ជើង​ប៉ុណ្ណោះ ដោយ​ធ្វើ​ឡើង​នៅ​ទឹក​ដី​កណ្ដាលនា​ប្រទេស​អាល្លឺម៉ង់ ដែល​ទទួល​បាន​សិទ្ធិ​រៀប​ចំ​ការ​ប្រកួត​​នៃ​ក្រប​ខ័ណ្ឌ​ទី​ ២ របស់​អឺរ៉ុបរដូវកាល​នេះ ចាប់ពី​វគ្គ ៨ ​ក្រុម​តទៅរហូត​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ។

ម្នាក់ ១ គ្រាប់​ពី​សំណាក់​កីឡាករ Romelu Lukaku នៅ​នាទីទី​៣៣ និង​កីឡាករ Christian Eriksen នាទីទី​៨៣ បាន​ធ្វើឲ្យ​​ក្រុម​ Inter ចាប់​ផ្ដើម​មាន​សង្ឃឹម​ថា​ នឹង​អាច​មាន​ពាន ១ ក្នុង​ដៃ​ នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​បញ្ចប់​រដូវ​កាល បាន​ត្រឹម​ចំណាត់​ថ្នាក់​ជើង​ឯក​រង​នៃ​ក្រប​ខ័ណ្ឌ Serie A អ៊ីតាលី​​ ដោយ​ចាញ់​ក្រុម​ជើង​ឯក​ Juventus តែ ១ ពិន្ទុ​។

ខ្សែ​ការ​ពារ Maguire (អាវ​ក្រហម) របស់​ក្រុម Man United លោត​តែត​បាល់ ដោយមាន​ការ​ជែង​ពី​កីឡាកររបស់ក្រុម​ LASK អំឡុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Europa League កាល​ពីយប់​មិញ​។

ក្នុង​វគ្គ ៨ ​ក្រុម ដែល​កែ​ប្រែ​រូប​មន្ត​ប្រកួត មកសល់​ត្រឹម ១​ ជើង ក្រុម​ដែល​ធ្លាប់​គ្រង​ពាន ៣​ ដង​ដែរ​នេះ នឹង​ត្រូវ​ប្រឈម​ជាមួយ​គូ​រវាងក្រុម​ Rangers និង Bayer Leverkusen ដែល​កាល​ពី​ជើង​ទី ១ ក្រុមរបស់ស្កុតឡេន ត្រូវក្រុម​អាល្លឺម៉ង់​ នាំ​មុខ ៣-១។

ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ អ្នក​ចាត់​ការ​របស់​ក្រុម Inter លោក Conte បាន​និយាយ​ទៅ​កាន់​ទូទស្សន៍ Sky Italia ថា​៖ «​យើង​ដឹង​ច្បាស់​ណាស់​ថា វា​មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ​សម្រាប់​ការ​ប្រកួត​នេះ។ ក្រុម Getafe ចាប់​ផ្ដើម​បាន​យ៉ាង​រឹង​មាំ។ ពួកគេ​ល្អ​ជាង​ពួក​យើង ដំបូង​ៗ តែ​យើង​ចាប់​ផ្ដើម​គ្រប់​គ្រង​បាល់​ម្ដង​បន្តិច​ៗ ហើយ​បញ្ជូន​បាល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​យ៉ាង​ល្អ​»​។

គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​វ័យ ៥១​ ឆ្នាំ បាន​បន្ត​ទៀត​​ថា​៖ «​ការ​បាន​ធ្វើ​ដំណើ​រទៅ​មុខបណ្ដើរ នៅ​អឺរ៉ុប ជា​ឱកាស​មួយ​ផង​ដែរ ក្នុង​ការ​ទទួល​បាន​បទ​ពិសោធន៍​។ ខ្ញុំ​រីក​រាយ​ជាមួយ​នឹង​ទម្រង់​លេង​របស់​កូន​ក្រុម​។ យើង​ធ្វើ​ការ​ស៊ុត​បញ្ចូល​ទី​ល្អ​ជាង​។ យើង​មាន​ឱកាស​យ៉ាង​ច្រើន ក្នុងការ​រក​គ្រាប់​បាល់​»​។

ជាមួយ​គ្នា​នេះ​ដែរ ការ​ប្រកួត​របស់​ ១​ គូ​ផ្សេង​ទៀត ឃើញ​ថា ក្រុម​នៃ​ប្រទេស​អ៊ុយ​ក្រែន Shakhtar Donetsk ក៏​បាន​កក់​កៅ​អី​ទៅ​វគ្គ ៨ ​ក្រុម​ដូច​គ្នា​ដែរ ក្រោយ​ឈ្នះ​ក្រុម​អាល្លឺម៉ង់ Wolfsburg ទាំង ២ ជើង ៥-១ ដោយ​ត្រូវ​ឡើង​ទៅ​រង់​ចាំ​ជួប​ក្រុម ដែល​ឈ្នះ​រវាង​ក្រុម Basel របស់​ស្វីស និង​ក្រុម​​​ Eintracht Frankfurt របស់​អាល្លឺម៉ង់​៕ AFP/VN