ក្រុង​ឡុងដ៍: ក្រុម Manchester United នឹង​ឈាន​ទៅ​កាន់​ការប្រកួត FA Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ជា​មួយ​នឹង​ក្រុម Tottenham Hotspur នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​សម្លឹង​រក​ការ​រក្សា​ក្តី​សង្ឃឹម​​នៃ​កា​រឈ្នះ​ពាន ដើម្បី​សង្គ្រោះ​រដូវ​កាល​របស់​ពួក​គេ​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា Spurs ក៏​​កំពុង​តែ​ស្រេក​ឃ្លាន​ផងដែរ ខណៈ​ដែល​​ពួក​គេ​មាន​បំណង​ក្នុង​ការ​បញ្ចប់​ការ​រង់​ចាំ​រយៈ​​ពេល​១​ទស​វត្សរ៍​សម្រាប់​ការ​ឈ្នះ​ពាន​ ១ និង ​បង្ហាញពី​ការ​អភិ​វឌ្ឍ​ដ៏​រឹង​មាំ​​របស់​ពួក​គេ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Mauricio Pochettino​។

ក្រុម​របស់​លោក Jose Mourinho ទើប​តែ​បាន​ពង្រឹង​ទី​តាំង​​​លេខ​ ២ ​របស់​ខ្លួន​នៅ​លើ​​តារាង​នៃ​ក្រប​ខ័ណ្ឌ Premier League នៅ​​សប្តាហ៍​នេះ ប៉ុន្តែ​ការ​ប្រជែង​ពាន​ជាមួយ​នឹងក្រម​ម្ចាស់​ជើង​ឯក Manchester City មិន​អាច​កើត​ឡើង​ឡើយ ហើយ​ពួក​គេ​ក៏​បាន​ធ្លាក់​ចេញពី​ក្រប​ខ័ណ្ឌ Champions League ត្រឹម​វគ្គ​​ ១៦ ​ក្រុម​ចុងក្រោយ​ផងដែរ​។

ដើម្បី​បន្ថែម​ការ​ខក​ចិត្ត​ផ្សេង​ៗ​ទៅ​លើ​គ្រូបង្វឹក​រូប​នេះ ពាក្យ​ចរ​ចាម​អា​រ៉ាម​ផ្សេង​ៗ​ជុំ​វិញ​អនា​គត​របស់​ខ្សែ​បម្រើ​ដែល​មាន​តម្លៃខ្លួន​៨៩​លាន​ផោន (ស្មើ​នឹង ​១២៧​ លាន​ដុល្លារ​អាមេរិក) Paul Pogba ក៏​បាន​កើន​ឡើង​កាន់​តែ​​ខ្លាំង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ផង​ដែរ​។

លោក Jose Mourinho (ស្តាំ)​ គ្រូបង្វឹក​របស់​ក្រុម Man United ស្វាគមន៍​ជាមួយ​នឹង​លោក Mauricio Pochettino គ្រូបង្វឹក​របស់​ក្រុម Tottenham​។ AFP

ខណៈ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ចំនួន​លើស​ទៅនឹង​តម្រូវ​ការ​​ដោយ​លោក Mourinho នៅ​រដូវ​កាល​នេះ Pogba បាន​បង្ហាញពី​សមត្ថ​ភាព​របស់​ខ្លួន​តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​២​​គ្រាប់​ដើម្បី​ជួយ​ឲុយ​ក្រុម Man United បំពេញ​ការ​វាយ​បក​ដើម្បី​ផ្តួល​ក្រុម Man City ៣-២ ក្នុង​ការ​ប្រកួត​រវាង​​ក្រុម​ស្ថិត​ក្នុង​ទីក្រុង Manchester តែ​១​កាល​ពី​២​សប្តាហ៍មុន​។

រូប​គេ​បាន​បង្ហាញពី​ទម្រង់​លេង​ដ៏ល្អ​ម្តង​ទៀត​​សម្រាប់​លោក Mourinho ក្នុង​ពេល​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ ២-០ នៅ​លើ​ទឹកដីក្រុម Bournemouth កាល​ពី​ថ្ងៃ​ពុធ ប៉ុន្តែ មុន​នេះ​បន្តិច រូប​គេ​ក៏​បាន​រង​នូវ​ការ​រិះ​គន់​សម្រាប់​ការ​បង្ហាញពី​ទម្រង់​លេង​របស់​គេ​ក្នុង​ពេលក្រុម Man United បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម West Brom ដើម្បី​ផ្តល់​ពាន​ទៅ​ឲ្យ Man City កាល​ពី​ចុង​សប្តាហ៍មុន​ផងដែរ​។

ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​ ១១:១៥ យប់​៕ IS