ក្រុងមេនឆេស្ទ័រ: លោក Ole Gunnar Solskjaer បាន​បញ្ជាក់​កាលពី​ចុង​សប្តាហ៍​ថ្មី​ថា ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង Anthony Martial និង​ខ្សែបម្រើ អន្តរជាតិ​អង់គ្លេស Jesse Lingard របស់​ក្លិប Manchester United នឹង​ត្រូវ​អវត្តមាន​រហូត​ដល់​រយៈពេល​ ៣ ​សប្តាហ៍​ដោយសារ​តែ​បញ្ហា​របួស ហើយ​និង​ត្រូវ​អវត្តមាន​សម្រាប់​ការប្រកួត​ ២ ​លើក​បន្ទាប់​របស់​ពួកគេ​នៅពេល​ជួប​ក្រុម Chelsea និង Liverpool​។

Lingard និង Martial បាន​រងរបួស​ដូចគ្នា​ក្នុង​តង់​ទី​ ១ ​នៅ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម Paris St Germain ក្នុង​ក្របខ័ណ្ឌ Champions League នា​កីឡដ្ឋាន Old Trafford កាលពី​ថ្ងៃ​អង្គារ​។ នៅ​មុនពេល​ការប្រកួត​ពាន FA Cup ​ជុំ​ទី​ ៥ ជាមួយ​នឹង​ក្រុម​ម្ចាស់​ការពារ​ជើងឯក Chelsea នៅ​រាត្រី​ថ្ងៃ​ចន្ទ​លោក Solskjaer បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖ «​ខ្ញុំ​គិត​ថា​ពួកគេ​នឹង​អវត្តមាន​សម្រាប់​រយៈពេល​ ២ ទៅ​ ៣ ​សប្តាហ៍​បើ​គិត​ចាប់​ពី​នេះ​ទៅ​»​។

បញ្ហា​របួស​នេះ​គឺជា​រឿង​ដ៏ខកចិត្ត​ដ៏​មួយ​សម្រាប់​ក្រុម Man United ដែល​បាន​ឈ្នះ​ការប្រកួត​ ១០ ​លើក​ក្នុង​ចំណោម​ការប្រកួត​ ១២ ​លើក​ក្រោម​ការដឹកនាំ​របស់​លោក​គ្រូបង្វឹក​បណ្តោះអាសន្ន Solskjaer ប៉ុន្តែ​ការរបួស​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​ខ្សែប្រយុទ្ធ Alexis Sanchez និង RomeluLukaku រក​ឲ្យ​ឃើញ​នូវ​ភាព​មុតស្រួច​របស់​ពួកគេ​ត្រឡប់​មក​វិញ​។

លោក Solskjaer បាន​បញ្ជាក់​ថា​របួស​របស់​កីឡាករ​ទាំង​ ២ ​ក៏​នឹង​បើក​ផ្លូវ​ឲ្យ​ខ្សែ​ប្រយុទ្ធ​វ័យក្មេង Angel Gomes និង​ Tahith Chong ដែល​កំពុងតែ​ខិតខំ​ព្យាយាម​ប្រជែង​យក​កៅអី​ក្នុង​ក្រុម​ជម្រើស​ដំបូង​នៅ​រដូវកាល​នេះ​ផង​ដែរ​។

គ្រូបង្វឹក​សញ្ជាតិ​ន័រវែស​រូប​នេះ​បាន​ប្រាប់​បន្ថែម​ទៀត​ថា​៖ «​វា​ជា​ឱកាស​មួយ​សម្រាប់​គ្រប់​គ្នា​ដែល​លេង មិន​ថា​កីឡាករ Alexis, Romelu ឬ Angel (Gomes) ឡើយ​»​។

Martial ជួប​បញ្ហា​ក្រលៀន​នៅ​ដើម​តង់​ក្នុង​ការប្រកួត​កាលពី​ថ្ងៃ​អង្គារ ប៉ុន្តែ​បាន​បន្ត​លេង​រហូត​ដល់​បញ្ចប់​តង់​ទី​ ១ ​។

ខ្សែបម្រើ​អន្តរជាតិ​អង់គ្លេស Lingard បាន​រងរបួស​សរសៃ​ពួរ​គន្លាក់ជើង​នៅ​ជិត​បញ្ចប់​ការប្រកួត​តង់​ទី​ ១៕ IS