ក្រុង​ឡុងដ៍៖ ក្រុម​បិសាច​ក្រហម Manchester United រក្សា​ចំណាត់​ថ្នាក់​ទី ១ ក្នុង​តារាង​ក្របខ័ណ្ឌ Premier League អង់គ្លេស​បាន​ដដែល​ ក្រោយ​អ្នក​ចាំទី​ Alisson Becker របស់​ក្រុម​ Liverpool បាន​ធ្វើ​ឱ្យ​ក្រុម​ទាំង​ ២ ព្រម​ទទួល​យក​លទ្ធផល ០-០ ខណៈ​ក្រុម​មេឃខៀវ Manchester City ហក់​ឡើង​ទៅ​លំដាប់​ទី​ ២ ជាមួយ​នឹង​ជ័យជម្នះ​ដ៏​ត្រចះ​ត្រចង់​ ៤-០ លើ​ក្រុម​ Crystal Palace កាល​ពី​ថ្ងៃ​អាទិត្យ​។

ក្រុម​ Man United របស់​លោក Ole Gunnar Solskjaer បើ​ទោះ​ជា​ក្រុម​ភ្ញៀវ​ក៏​ពិតមែន តែ​មាន​ឱកាស​ល្អៗ​ច្រើន​ជាង សម្រាប់​​ការ​ប្រកួត​ស្ងាត់​ជ្រងំ​ដ៏​ចម្លែក​​នេះ រវាង​ក្រុម​គូ​ប្រជែង​ស្លាប់​រស់​ ២ នៃ​កីឡាបាល់​ទាត់​របស់​ប្រទេស​អង់គ្លេស​។​​

អ្នក​ចាំទី​ Alisson បាន​ជួយ​ស្រោចស្រង់​ក្រុម​ម្ចាស់​ផ្ទះ​ពី​ការ​ស៊ុត​ដ៏​ល្អ​ពី​ខ្សែ​បម្រើ​ ២ ​រូប ​របស់​ក្រុម​ភ្ញៀវ គឺ​ Bruno Fernandes និង Paul Pogba នៅ​វគ្គ​ទី២ តែ​ទាំង ២ ក្រុម គ្មាន​ក្រុម​ណា​សម​នឹង​ទទួល​ជ័យជម្នះ​នោះ​ឡើយ​។

ឥឡូវ​នេះ ក្រុម Man United នាំ​មុខ ២ ពិន្ទុ​ដាច់​លើ​ក្រុម​លេខ ២ Man City ដែល​មាន ៣៥ ពិន្ទុ ​ស្មើ​ក្រុម​លេខ ៣​​ Leicester City តែ​ក្រុម​របស់​លោក Pep Guardiola នៅ​សល់​ ១ ​ប្រកួត​ក្នុង​ដៃ​។ ក្រុម​ជើង​ឯក​ចាស់​ Liverpool ធ្លាក់​ទៅ​លេខ ៤ ដោយ​មាន​ ៣៤ ​ពិន្ទុ​។

គិត​តាំង​ពី​អតីត​អ្នក​ចាត់​ការ​ឆ្នើម​លោក Alex Ferguson ចូល​និវត្តន៍​ក្នុង​ឆ្នាំ ​២០១៣ ក្រុម​បិសាច​ក្រហម ឡើង​មក​ឈរ​ទី​កំពូល​តារាង​លីគ​ជា​លើក​ដំបូង បន្ទាប់​ពី​​ចូល​ឆ្នាំ​ថ្មី​ ដោយសារ​ឈ្នះ​ដល់​ទៅ​ ៩ ​លើក ក្នុង​ចំណោម​ការ​ប្រកួត​ ដែល​មិន​ចាញ់​សោះ ១២ ​លើក​ចុង​ក្រោយ​របស់​ខ្លួន។​​

ការ​ចាកចេញ​ពី​ទឹក​ដី Anfield ដោយ​មាន​ពិន្ទុ គឺ​ជា​លទ្ធផល​​រឹងមាំ​មួយ ខណៈ​ពួក​គេ​ប្រឹងប្រែង​ឱ្យ​បាន​ឈ្នះ​ពាន​ជា​លើក​ដំបូង ក្នុង​រយៈពេល ៨ ​ឆ្នាំ តែ​ក្រុម​​ Man United ទំនង​ជា​មាន​អារម្មណ៍​ថា វា​ជា​ការ​ខ្ជះខ្ជាយ​ឱកាស​ក្នុង​ការ​ដាក់​សម្ពាធ​លើ​ក្រុម​ Liverpool ដែល​កំពុង​ញាំញី​ដោយ​របួស និង​ធ្លាក់​ទម្រង់​លេង​។

គ្រូបង្វឹក​របស់​ក្រុម Man United លោក Solskjaer បាន​និយាយ​ថា​៖ «​វា​គឺ​ជា​លទ្ធផល​ល្អ លុះត្រា​ណា​តែ​យើង​ឈ្នះ​ការ​ប្រកួត​បន្ទាប់​។ វា​ជា​ឱកាស​ល្អ ដែល​យើង​បាន​បណ្ដោយ​​ឱ្យ​បាត់បង់​ជាមួយ​នឹង​ចង្វាក់​ពេល​វេលា​ល្អៗ​ជា​ច្រើន ហើយ​ម្យ៉ាង​ទៀត យើង​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ផង​»​។

អ្នក​ចាត់​ការ​សញ្ជាតិ​ន័រវែស បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា យើង​ប្រសើរ​ឡើង​ៗ​ អំឡុង​ពេល​ប្រកួត ហើយ​នៅ​ចុង​បញ្ចប់​​ ​កើត​មាន​ចង្វាក់​ល្អ​ៗ ដែល​​យើង​គួរ​តែ​ឈ្នះ។ យើង​បង្កើត​បាន​ឱកាស​ធំ​ៗ ចំនួន ២ ​លើក តែ​អ្នក​ចាំ​ទី​រារាំង​បាន​យ៉ាង​អស្ចារ្យ​»​។

នេះ​ក៏​ជា​លើក​ដំបូង​ផង​ដែរ​ ដែល​ក្រុម​គូ​សត្រូវ​ចាស់​ទាំង ២ មាន​មុខ​ប្រជែង​ពាន​លីគ​កំពូល​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ ​២០០៩៕ AFP/VN