ឡុងដ៍៖ ក្រុម Manchester United ឡើងទៅជុំទី៤ នៃកម្មវិធី League Cup ក្រោយឈ្នះក្រុមម្ចាស់ផ្ទះ Luton ៣-០ រីឯអ្នកចាត់ការក្រុម West Ham United លោក David Moyes និងកីឡាករ ២ រូបរបស់លោកឆ្លងវីរុសកូរ៉ូណា មុនក្រុមខ្លួនមានជ័យជម្នះ ៥-១ លើក្រុមភ្ញៀវ Hull City ខណៈការឆ្លងរាលដាលជំងឺ កំពុងបង្កឲ្យមានភាពចលាចលកាលពីថ្ងៃអង្គារ។
លោក Moyes រួមនឹងខ្សែបម្រើ Josh Cullen និងខ្សែការពារ Issa Diop បានចាកចេញពីកីឡដ្ឋាន London ទាំងអស់គ្នា ក្រោយដឹងពីលទ្ធផលតេស្ត មុនការប្រកួតចាប់ផ្ដើម ហើយនឹងត្រូវនៅដាច់ដោយឡែក ខណៈទាំង ៣ នាក់ ត្រូវបានគេប្រាប់ថា អត់មានបង្ហាញនូវអាការអ្វីធ្ងន់ធ្ងរឡើយ។
មិនមែនក្រុម West Ham តែ ១ នោះទេ ដែលមានអ្នកឆ្លងជំងឺផ្លូវដង្ហើមថ្មីនេះ ព្រោះការធ្វើដំណើររបស់ក្រុម Tottenham Hotspur ទៅទឹកដីរបស់ក្រុម Leyton Orient ត្រូវបានរំសាយចោល ក្រោយក្រុមគូប្រជែងនៅលីកទី៤ មួយនេះ ផ្ទុះនូវការឆ្លងជំងឺកូវីដ ១៩។ តែការប្រកួតរបស់ក្រុមញញួរធំ ប្រព្រឹត្តទៅជាធម្មតា ទោះមានលទ្ធផលតេស្តវិជ្ជមាន ដោយជំនួយការគ្រូបង្វឹក លោក Alan Irvine ទទួលតួនាទីដឹកនាំក្រុមជំនួស។
លោក Irvine ប្រាប់ថា៖ «នៅម៉ោង ៨:០៦ យប់ ភ្លាមៗយើងបានដំណឹងពីគ្រូពេទ្យ និងប្រធានទទួលបន្ទុកថែទាំកាយសម្បទា ដែលប្រាប់ថា មានលទ្ធផលតេស្តវិជ្ជមាន ៣ ករណី មានគ្រូបង្វឹក និងកីឡាករ ២ នាក់។ យើងត្រូវបានទាក់ទងយ៉ាងលឿន ព្រោះយើងកំពុងនៅកន្លែងតែមួយជាមួយលោក Moyes ក្នុងកីឡដ្ឋាន»។
លោក Irvine បន្តថា៖ «យើងភ្ញាក់ផ្អើលនឹងដំណឹងនោះ។ យើងមានលទ្ធផលតេស្តច្រើនណាស់ ហើយអត់មានឃើញវិជ្ជមានច្រើនឡើយ។ ពួកយើងយកចិត្តទុកដាក់អនុវត្តយ៉ាងច្បាស់លាស់តាមគោលការណ៍សុខភាព តាំងពីចាប់ផ្ដើម»។
បើទោះអត់មានគ្រូបង្វឹកចាំឈរបញ្ជា តែ West Ham នៅតែឈ្នះ ដោយការស៊ុតបញ្ចូលទីដល់ទៅ ៥ គ្រាប់ ក្នុងនោះ ១ គ្រាប់ដោយ Robert Snodgrass ខណៈ ៤ គ្រាប់ទៀត ទម្លុះសំណាញ់ទីដោយ Sebastien Haller និង Andriy Yarmolenko ម្នាក់ ២ គ្រាប់ហើយក្រុមនៅក្រុងឡុងដ៍មួយនេះ នឹងត្រូវឡើងទៅចាំគូ ដែលឈ្នះរវាងក្រុម Fleetwood និង Everton នៅវគ្គ ១៦ ក្រុម។
ងាកទៅការប្រកួតរវាងក្រុម Man United និងក្រុមនៅលីកទី ២ Luton ដែលជាការជួបគ្នាលើកដំបូងតាំងពីឆ្នាំ ១៩៩២ ឃើញថា លោកគ្រូបង្វឹករបស់ក្រុមលោក Ole Gunnar Solskjaer ធ្វើការផ្លាស់ប្ដូរកីឡាករសំខាន់ៗ ១០ រូប ដោយក្នុងនោះផ្ដល់ឱកាសឱ្យអ្នកចាំទី Dean Henderson និងកីឡាករចំណូលថ្មី គឺខ្សែបម្រើ Donny Van De Beek លេងពេញទាំង ២ វគ្គតែម្ដង។
គ្រាប់បាល់ជ័យជម្នះទាំង ៣ គ្រាប់របស់ Man United បានមកដោយសារ Juan Mata (ប៉េណាល់ទី) នាទីទី៤៤ Marcus Rashford នាទីទី៨៨ និង Mason Greenwood នាទីទី៩០+២។
លោក Solskjaer ដែលក្រុមរបស់លោក នឹងត្រូវទៅជួបក្រុម Brighton ឬ Preston នៅវគ្គបន្ទាប់ និយាយថា៖ «ការឆ្លងទៅវគ្គបន្ត ជាជោគជ័យដ៏ធំ។ មានភាពវិជ្ជមានមួយចំនួន ក្នុងនោះអ្នកចាំទីបំពេញតួនាទីបានល្អ ហើយយើងស៊ុតបញ្ចូលទីបានជាមួយនឹងគ្រាប់បាល់យ៉ាងស្អាតៗ»៕ AFP/VN