ក្រុង​ប៉ា​រីស: ក្រុម Manchester United ពិត​ជា​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ២ ​នៃក្រប​ខ័ណ្ឌ​អង់គ្លេស Premier League នៅ​រដូវ​កាល​នេះ​ពិត​ប្រាកដ​មែន ប៉ុន្តែ ក្លិប​នេះ ស្ថិត​នៅលើ​កំពូល​តារាង​​បើ​និយាយ​ពី​តម្លៃ​​​​សរុប​ទាំង​អស់​។ នេះ​បើយោង​ទៅ​តាម​​​របាយ​ការណ៍មួយ​​ពី​ក្រុម​ហ៊ុន​គណ​នី KPMG កាល​ពី​ថ្ងៃ​ពុធ​។

តម្លៃ​ជា​​រួម​របស់​ក្រុម​បិសាច​ក្រហម​មួយ​នេះ បាន​កើន​ឡើង​៥​ភាគ​រយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៧ ក្រោយ​ពី​មាន​តម្លៃ​ច្រើន​ជាង ​៣,២ ​ពាន់​លាន​អឺ​រ៉ូ (ស្មើ​នឹង​ ៣,៧៧​​ ពាន់​លាន​ដុល្លារ​អាមេរិក) ដើម្បី​ផ្តួល​​ក្លិប Real Madrid ដែល​មាន​តម្លៃ​២,៩​ពាន់​លាន​អឺ​រ៉ូ និង​ក្លិប FC Barcelona ដែល​មាន​តម្លៃ​​ជា​រួម ​២,៨​ ពាន់​លាន​​អឺ​រ៉ូ​។

លោក Jacques Boussuge ប្រធាន​ទីប្រឹក្សា​កីឡា​ក្នុង​ក្រុម​ហ៊ុន KPMG បាន​ឲ្យ​ដឹង​ថា៖ «យើង​​ធ្វើ​ការ​គណ​នា​ទៅ​លើ​ទ្រព្យ​​សម្បត្តិ​នៃ​ក្លិប​នីមួយ​ៗ ទៅ​លើ​ថា ពួក​គេ​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន តម្លៃ​នៃ​កីឡាករ ក៏ដូច​ជា​តម្លៃនៃ​ឈ្មោះ និង​កេរិ៍្ត​ឈ្មោះ ជាមួយ​នឹង​កិច្ច​សន្យា​ផ្សាយ​ពាណិជ្ជ​កម្ម​ និង​​កម្រិត​នៃ​ការ​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ​នៅ​លើ​បណ្តាញ​សង្គម ឬ​យ៉ាង​ណា​»​។

ក្នុង​ចំណោម​ក្លិប​​ចំនួន ​៣២​ នៅ​អឺ​រ៉ុប Bayern Munich បាន​​ស្ថិ​តក្នុង​ចំណាត់​ថ្នាក់​លេខ ​៤ ជាមួយនឹង​តម្លៃ​ ២,៥៥​ ពាន់​លាន​អឺ​រ៉ូ Juventus ស្ថិត​លេខ​រៀង​ទី ​៩ ក្នុង​តម្លៃ​ ១,៣ ​ពាន់​លាន​អឺ​រ៉ូ ស្រប​ពេល​ដែល Paris Saint-Germain ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ ​១១ ដោយ​មាន​តម្លៃ​សរុប​ ១,១៤​ ពាន់​លាន​អឺ​រ៉ូ​៕ IS