ក្រុង​មីឡាន៖ គ្រូបង្វឹក​​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី លោក Roberto Mancini បាន​ដាស់​តឿន​ខ្សែ​ប្រយុទ្ធ Mario Balotelli ឲ្យ​ឆាប់​ភ្ញាក់​ខ្លួន​ឡើង​មុន​នឹង​អាជីព​បាល់​ទាត់​របស់​ខ្លួន​​ស្រោច​​​​ស្រង់​លែង​បាន បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ថា ​កុងត្រា​របស់​គេ​នឹង​ត្រូវ​ក្រុម Brescia ផ្ដាច់​មុន​កំណត់។​​​​

ការ​កំណត់​ជោគ​វាសនា​របស់ Balotelli ពី​សំណាក់​ក្រុម​នៅ​ប្រទេស​កំណើត​នេះ គឺ​ដោយសារ​តែ​កីឡាករ​​វ័យ ២៩ ​ឆ្នាំ​រូប​នេះ អវត្តមាន​ម្ដង​ហើយ​ម្ដង​ទៀត ក្នុង​ការ​ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម ហើយ​វា​ក៏​មិន​មែន​ជាលើក​ដំបូង​សម្រាប់​រូប​គេ​នោះ​ឡើយ ដែល​តែងតែ​មាន​បញ្ហា​រឿយៗ​ក្នុង​ក្រុម​ដែល​គេ​រួម​អាជីព​ជាមួយ​។​

និយាយ​ទៅ​កាន់​ទូរទស្សន៍​អ៊ីតាលី លោក Mancini បាន​ប្រាប់​ថា​៖ «​ខ្ញុំ​បាន​ប្រាប់​គេ​រាប់​ពាន់​ដង​មក​ហើយ​ថា កុំ​ឲ្យ​គេ​បំផ្លាញ​ទេពកោសល្យ​របស់​ខ្លួន។ ខ្ញុំ​ពេញ​ចិត្ត Balotelli ណាស់ តាំង​ពី​គេ​នៅ​ក្មេង​ម៉េ្លះ ហើយ​គេ​ធ្វើ​រឿង​អស្ចារ្យ​ច្រើន។ គេ​មាន​ទាំង​​កាយ​សម្បទា​​មាំទាំ ល្បឿន​លឿន បច្ចេកទេសល្អ ហើយ​ក្នុង​វ័យ​ជិត​ ៣០ ​ឆ្នាំ​ គេ​កំពុង​ស្ថិត​នៅ​ពាក់​កណ្ដាល​នៃ​អាជីព​របស់​ខ្លួន​។ ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​គេ​នឹង​ភ្ញាក់​ខ្លួន ហើយ​ធ្វើ​ការ​កែ​ប្រែ​»​។

លោក​ Mancini ​ធ្វើ​ការ​កោះ​ហៅ​កីឡាករ​ Balotelli ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ ពេល​បុរស​វ័យ ៥៥ ​ឆ្នាំ កាន់​តំណែង​ជា​គ្រូ​បង្វឹក ក្នុង​ខែ​ឧសភា ឆ្នាំ ​២០១៨ ហើយ​មូលហេតុ​ដែល​លោក​សម្រេច​ដូច​នេះ ព្រោះ​​លោក​​ទុក​ចិត្ត​ថ្វី​ជើង​របស់​អតីត​កីឡាករ​របស់​ក្រុម​ហង្សក្រហម​ Liverpool រូប​​នេះ ដោយសារ​ធ្លាប់​រួម​ការងារ​​ជាមួយ​គ្នា នៅ​ក្រុម​មេឃ​​ខៀវ​ Manchester City និង​ក្រុម​ពស់​ធំ Inter Milan​។​

Balotelli ដែល​បង្ហាញ​ខ្លួន​ជាមួយ​អ៊ីតាលី​បាន ៣៦ ​លើក ចូលរួម​ជាមួយ​ក្រុម Brescia កាល​ពី​ចុង​រដូវ​ក្ដៅ ដោយ​ការ​ចាក​ចេញ​ពី​ក្រុម​ Marseille ព្រោះ​តែ​សង្ឃឹម​ថា នឹង​ដណ្ដើម​បាន​កន្លែង​មួយ​ក្នុង​​ក្រុម​របស់​លោក Mancini ដែល​ត្រូវ​មាន​ភារកិច្ច​ធ្វើ​យុទ្ធនាការ​​ប្រកួត​ប្រជែង​នៅ​ឯ​ព្រឹត្តិការណ៍​ Euro 2020 ដែល​លើក​​ពេល​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​។

កីឡាករ​ Balotelli ទោះ​បី​រូប​គេ ជា​កីឡាករ​មួយ​រូប ដែល​តែង​តែ​មាន​បញ្ហា​ញឹកញាប់​ក៏​ដោយ ក៏​រូប​គេ​ត្រូវ​បាន​ចាត់​ទុក​ថា មាន​កម្រិត​លេង​លំដាប់​អន្តរជាតិ​ដែរ។ គេ​បង្ហាញ​ខ្លួន​លើក​ដំបូង​ជាមួយ​ក្លិប​អាជីព​​ Lumezzane នៅ​ក្របខ័ណ្ឌ Serie C ក្នុង​វ័យ ​១៦ ​ឆ្នាំ មុន​ពេល​ផ្លាស់​ទៅ​លេង​នៅ​ក្របខ័ណ្ឌ​កំពូល Serie A ដោយ​ចូលរួម​ជាមួយ​នឹង​ក្រុម Inter ក្នុង​ឆ្នាំ ​២០០៧ ដែល​នៅ​ទីនោះ គេ​បាន​រួម​ចំណែក​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ទាំង​ពាន​រង្វាន់​ទាំង​​ក្នុង​ស្រុក និង​ Champions League​។

ក្រៅ​ពី​ក្រុម​ប៉ុន្មាន​ខាង​លើ គេ​ក៏​ធ្លាប់​ពាក់​ឯក​សណ្ឋាន​របស់​ក្រុម AC Milan ២ ​ដង​ដែរ ក្នុង​នាម​ជា​កីឡាករ​ពេញ​សិទ្ធិ​ម្ដង និង​លក្ខខណ្ឌ​ខ្ចី​ជើង​ម្ដង​ ហើយ​សម្រាប់​ក្រុម​នៅ​បារាំង មុន​នឹង​ចូល​រួម​ជាមួយ​នឹង​ក្រុម Marseille គេ​គឺ​ជា​កីឡាករ​របស់​ក្រុម​ Nice​៕ AFP/VN