ក្រុង​ឡុងដ៍៖ មិត្ត​រួម​ក្រុម​ Andy Robertson ​នៅ​ក្លិប​​​ Liverpool បាន​​និយាយ​ថា​ ខ្សែ​ប្រយុទ្ធ​ Sadio Mane «​ទទួល​បាន​ការ​ប្រកួត​ក្នុង​កម្រិត​មួយ​ផ្សេង​ទៀត​» ​ដោយ​បោះ​ជំហាន​ចេញ​ពី​ស្រមោល​របស់​ខ្សែ​ប្រយុទ្ធ​ Mohamed​ Salah ក្លាយ​ជា​បុរស​ដ៏​សំខាន់​ម្នាក់​នៅ​កីឡដ្ឋាន​ Anfield។

ជម្រើស​ជាតិ​សេណេហ្គាល់​រូប​នេះ​បាន​ក្លាយ​ជា​តារា​បាល់​ទាត់​ជាមួយ​កីឡាករ Salah និង​ Roberto Firmino ជា​ផ្នែក​មួយ​នៃ​ការ​ឈរ​នៅ​ជួរ​ខ្សែ​ប្រយុទ្ធ​រួម​គ្នា​ទាំង ​៣ ​​របស់​ម្ចាស់​ជើងឯក​អឺរ៉ុប​មួយ​នេះ​។​

ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ កីឡាករ Mane កំពុង​នាំ​មុខ​​ទទួល​ខុស​ត្រូវ​របស់​ក្លិប Liverpool ខណៈ​គ្រាប់​បាល់​របស់​រូប​គេ​នៅ​កីឡដ្ឋាន​ Selhurst Park កាល​​ពី​ចុង​សប្ដាហ៍ ​គឺ​ជា​គ្រាប់​បាល់​ទី ​១២ ​នៃ​រដូវកាល​នេះ​ និង​ទី ​២៩ ​សម្រាប់​ក្លិប​នេះ​នៅ​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ​។​​

កីឡាករ​ Mane បាន​ធ្វើ​ឲ្យ​ខ្សែ​ការពារ​ខ្លាច​ញញើត​ចំពោះ​ល្បឿន​ ការ​រត់​ត្រង់​ និង​ជំនាញ​របស់​រូប​គេ​ ហើយ​ការ​រក​បាន​គ្រាប់​បាល់​របស់​រូប​គាត់​បាន​បន្ថយ​បន្ទុក​នៅ​លើ​ស្មា​របស់​កីឡាករ​ Salah។​​

ខ្សែ​ការពារ​ Robertson នៅ​​ក្លិប Liverpool បាន​សរសើរ​កីឡាករ​ Mane ក្រោយ​ពី​ការ​រក​បាន​គ្រាប់​បាល់​របស់​រូប​គាត់​ក្នុង​ជ័យ​ជម្នះ​ ២-១ ទៅ​លើ​ក្រុម​ Crystal Palace ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​ហង្ស​ក្រហម​នាំ​មុខ ​៨ ​ពិន្ទុ ​ទៅ​លើ​ក្រុម​ Leicester ដែល​ឈរ​នៅ​លេខ ​២ ​ក្នុង​ក្របខ័ណ្ឌ Premier League។​

នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​ កីឡាករ Mane ​​នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​ជាមួយ​ក្លិប Napoli ក្នុង​ក្របខ័ណ្ឌ​ Champions League ដោយ​ធានា​នាំ​​ជ័យជម្នះ​ឲ្យ​ក្រុម​ Liverpool ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​នេះ​។​​

កីឡាករ​ Robertson បាន​និយាយ​ថា៖ «​គាត់​ជា​កីឡាករ​អស្ចារ្យ​​​ម្នាក់​សូម្បី​តែ​ពេល​ខ្ញុំ​មក​ដល់​ទី​នេះ គាត់​ក៏​អស្ចារ្យ​ដែរ​ ​ប៉ុន្តែ​​គ្រាន់​តែ​មិន​ទាន់​អស្ចារ្យ​ដូច​ពេល​នេះ​ទេ​ពាក់​ព័ន្ធ​នឹង​ការ​រក​បាន​គ្រាប់​បាល់​​»។​

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «​ឥឡូវ​នេះ​គ្រប់​ពេល​ដែល​គាត់​ស្ថិត​នៅ​ចំពោះ​​មុខ​នៃ​ការ​រក​​​​​គ្រាប់​បាល់​​​ អ្នក​មិន​​គិត​ថា គាត់​នឹង​ធ្វើ​ឲ្យ​ខក​ខាន​ឡើយ​ដូច​ជា​ការ​ប្រកួត​ជាមួយ​ក្លិប Palace អ៊ីចឹង​ គឺ​គាត់​​បាន​បង្កើត​ភាព​អស្ចារ្យ​នៅ​តង់​ទី ​២ ​​ធ្វើ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​គាត់​មែន​ទែន​»​។

កីឡាករ​ Robertson បាន​បន្ថែម​ថា៖ «​កីឡាករ​​ផ្សេង​ទៀត​ស្ថិត​នៅ​លើ​ទីលាន​ប្រកួត​ដែរ​ ប៉ុន្តែ​វា​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​គាត់​ ហើយ​គាត់​ទទួល​បាន​ការ​ប្រកួត​ក្នុង​កម្រិត​មួយ​ផ្សេង​ពី​អ្នក​ទាំង​នោះ​»។​​

គួរ​រំឭក​ថា កីឡាករ​ Mane បាន​ចូលរួម​នឹង​ក្រុម Liverpool ​នៅ​ឆ្នាំ ​២០១៦ ​ក្នុង​តម្លៃ​ខ្លួន​ ៣៤ ​លាន​​ផោន​​ប្រហែល ​៤៤​ លាន​​ដុល្លារ​ ​គឺ​រយៈពេល ​១ ​ឆ្នាំ​​មុន ​ពេល​កីឡាករ​ Salah ទៅ​​ដល់​​ទីនោះ ​ប៉ុន្តែ​កីឡាករ​អេហ្ស៊ីប​រូប​នេះ​បាន​ក្លាយ​ជា​កីឡាករ​អស្ចារ្យ​ភ្លាមៗ​នៅ​កីឡដ្ឋាន​ Anfield ដោយ​រក​បាន ​៤៤ ​គ្រាប់ ​ក្នុង​ការ​ប្រកួត​ទាំង​អស់​នៅ​ក្នុង​រដូវកាល​ប្រកួត​គួរ​កត់​សម្គាល់​មួយ​នៅ​ឆ្នាំ ​២០១៧​-២០១៨​។​

កាល​ពី​រដូវកាល​មុន​ កីឡាករ​ទាំង ​២ ​នេះ ​បាន​ទទួល​ពាន​រង្វាន់​ស្បែក​ជើង​មាស​រួម​គ្នា​នៃ​ក្របខ័ណ្ឌ Premier League ជាមួយ​កីឡាករ​ Pierre-Emerick Aubameyang នៅ​ក្លិប Arsenal ដោយសារ​ខ្សែ​ប្រយុទ្ធ​ទាំង ​៣ ​រូប​នេះ ​រក​បាន ​២២ ​គ្រាប់​ដូច​គ្នា​។​

ហើយ​កីឡាករ​ Salah បាន​ជួយ​​មិត្ត​​រួម​ក្រុម​​របស់​ខ្លួន​សម្រាប់​​​កីឡាករ​អាហ្វ្រិក​រូប​នេះ​ទទួល​បាន​ពាន​រង្វាន់​​ប្រចាំ​​ឆ្នាំ​ក្នុង​រយៈ​ពេល ​២ ​រដូវកាល​ កន្លង​មក​នេះ​ផង​ដែរ​។

កីឡាករ​ទាំង ​២ ​រូប​នេះ ​បាន​ជាប់​ឈ្មោះ​ម្ដង​ទៀត​ទទួល​បាន​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​នេះ​ ហើយ​កីឡាករ​ Mane ដែល​បាន​ជួយ​ឲ្យ​ជម្រើស​ជាតិ​​របស់​សេណេហ្គាល់​បាន​មាន​ឱកាស​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​​ក្នុង​ព្រឹត្តិការណ៍​អាហ្វ្រិក​ Cup of Nations នៅ​ឆ្នាំ ​២០១៩ ​នេះ​ ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​ឆ្នើមមួយ​រូប​ដែល​​ទទួល​បាន​ពាន​រង្វាន់​ស្បែក​ជើងមាស​​ Ballon d''Or ផង​ដែរ​៕ AFP/SN