ក្រុងគូឡាឡាំពួ: កីឡាករ​ប្រដាល់​ជើងចាស់ Manny Pacquiao បាន​វិល​ទៅ​រក​ភាព​ខ្លាំង​ដូច​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​វិញ ខណៈ​ដែល​រូបគេ​បាន​ផ្តួល​ម្ចាស់​ខ្សែ​ក្រវាត់ WBA គឺ​កីឡាករ Lucas Matthysse កាល​ពី​ថ្ងៃ​អាទិត្យ ម្សិលមិញ ខណៈ​ដែល​វា​ជា​ជ័យជម្នះ​តាមរយៈ​ការ​វាយ​ដៃគូ​ឲ្យ​សន្លប់​ជា​លើក​ទី ១ របស់​កីឡាករ​ហ្វីលីពីន​រូប​នេះ បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០០៩។

Pacquiao បាន​គ្រប់គ្រង​ស្ថានភាព​នៃ​ការប្រកួត​របស់គេ​ទាំងស្រុង ខណៈដែល​រូបគេ​បាន​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី ៦០ របស់​គេ​ក្នុង​អាជីព​ប្រកប​ដោយ​ផ្លែផ្កា​ចំនួន ២៣ ឆ្នាំ ដែល​បច្ចុប្បន្ន​អាច​នឹង​បន្ត​លើស​ពី​វ័យ ៤០ ឆ្នាំ​របស់​គេ​នៅ​ខែ​ធ្នូ។

Pacquiao បាន​វាយ​ឲ្យ​កីឡាករ​មាន​កណ្តាប់ដៃ​ធ្ងន់​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ដួល​នៅ​ទឹក​ទី ៣ តាមរយៈ​ការប្រើ​កណ្តាប់​ដៃ​ឆ្វេង​ដ៏​ល្អ​របស់​គេ​ចំ​គោល​ដៅ​យ៉ាង​ល្អ ដើម្បី​បង្កើត​ឲ្យ​មាន​ការ​អបអរ​យ៉ាង​ខ្លាំង​នៅ​លើ​សង្វៀន Axiata Arena ក្នុង​ទីក្រុង​គូឡាឡាំពួ។

Matthysse វ័យ ៣៥ ឆ្នាំ ដែលមាន​ភាពល្បីល្បាញ​ទៅលើ​កណ្តាប់ដៃ​ធ្ងន់​របស់គេ​នោះ មិន​អាច​ទប់​ទល់​ទៅ​នឹង​ល្បឿន​ដ៏​រហ័ស​របស់ Pacquiao បាន​ឡើយ ហើយ​រូប​គេ​បាន​ដួល​ម្តង​ទៀត នៅ​ក្នុង​ទឹក​ទី ៥។

នៅពេលដែល​កីឡាករ Pacquiao បាន​ប្រើ​ដៃ​ឆ្វេង​វាយ​ចំ​ចង្កា​យ៉ាង​ល្អ​ដើម្បី​ធ្វើ​ឲ្យ​កីឡាករ​អាហ្សង់ទីន​រូប​នេះ ដួល​ជា​លើក​ទី ៣ នៅ​ក្នុង​ទឹក​ទី ៧ លោក​អាជ្ញា​កណ្តាល Kenny Bayless បាន​បញ្ឈប់​ការ​ប្រកួត ដើម្បី​សង្គ្រោះ​រូបគេ​កុំ​ឲ្យ​រង​នូវ​ការ​វាយ​បន្ថែម​ទៀត។

Pacquiao ដែល​បានធ្វើ​ឲ្យ​កំណត់ត្រា​ឈ្នះ​របស់គេ​កើន​ដល់ ៦០ លើក ចាញ់ ៧ លើក និង​ស្មើ ២ លើក​នោះ បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ណាស់​ដែល​ខ្ញុំ​បាន​វាយ​ឲ្យ​រូប​គេ​ដួល​យ៉ាង​ឆាប់​រហ័ស​បែប​នេះ។ ខ្ញុំ​ពិតជា​ភ្ញាក់​ផ្អើល ដែល​ខ្ញុំ​បាន​វាយ​ឲ្យ Matthysse ដួល​នៅ​ទឹក​ទី ៣ ទី ៥ និង​ទឹក​ទី ៧»។

បុរស​ជា​សមាជិក​ព្រឹទ្ធសភា​របស់​ហ្វីលីពីន​រូបនេះ​បាន​ប្រាប់​បន្តថា៖ «វា​មាន​រយៈពេល​ជា​យូរ​មក​ហើយ​ចាប់​តាំង​ពី​ខ្ញុំ​បាន​វាយ​ឲ្យ​ដៃគូ​សន្លប់​បែប​នេះ។ ខ្ញុំ​បាន​ចាក​ចេញ​ពី​ការ​ចុះ​ខ្សោយ​កម្លាំង។ យើង​បាន​ធ្វើ​ការងារ​យ៉ាង​ល្អ​ក្នុង​ការ​ហ្វឹកហាត់។ យើង​មិន​បាន​វាយ​សម្រុក​ខ្លាំង​ឡើយ។ យើង​បាន​គ្រប់គ្រង​ល្បឿន​របស់​យើង និង​ខ្លួន​យើង​ផ្ទាល់»។

Pacquiao បាន​បន្ថែមទៀតថា៖ «ខ្ញុំ​មិនមែន​នៅ​ក្មេង​ទៀត​ឡើយ ហេតុនេះ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​គ្រូបង្វឹក និង​រាល់​សមាជិក​ក្រុម​ទាំង​អស់​របស់​ខ្ញុំ»៕