ប៊ុយណូស៊ែ៖ អតីត​វីរបុរស​បាល់ទាត់​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន Diego Maradona វះ​កាត់​ឈាម​កក​ក្នុង​ខួរ​ក្បាល​​ដោយ​ជោគជ័យ​នៅ​​គ្លីនិក​ជំនាញ​ឯកជន​មួយ នា​ក្រុង​ប៊ុយណូស៊ែ កាល​ពី​ថ្ងៃ​អង្ការ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​គ្រូពេទ្យ​ផ្ទាល់​ខ្លួន​របស់​គាត់​។

លោក​គ្រូពេទ្យ Leopoldo Luque ​និយាយ​នៅ​ក្រៅ​គ្លី​និក​ឯកជន​នាក្រុង​ប៊ុយណូស៊ែ​ថា៖ «​យើង​សម្រេច​ជោគជ័យ​ទាំង​ស្រុង​ក្នុង​ការ​យក​ឈាម​កក​ហ្នឹង​ចេញ​។ Diego (Maradona) ស៊ូ​ជាមួយ​​ការ​វះកាត់​នេះ បាន​ល្អ​ណាស់​»​។

លោក​ Luque ​បន្ត​ថា​៖ «​វា​កំពុង​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​យ៉ាង​កៀក​ ដោយសារ​មាន​ការ​ហូរ​ឈាម​តិច​តួច​។ គាត់​នឹង​នៅ​តែ​ស្ថិត​ក្រោម​ការ​តាមដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​»​។

អតីត​​ជយលាភី World Cup ត្រូវ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ចន្ទ ក្នុង​ក្រុង La Plata កន្លែង​​ដែល​គាត់​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម Gimnasia របស់​លីគ​កំពូល​អាហ្សង់ទីន ដើម្បី​ត្រួត​ពិនិត្យ​សុខភាព ក្រោយ​មាន​អារម្មណ៍​មិន​សូវ​ស្រួល​។

ពេល​ស្គែន​ត្រួត​សុខភាព​នោះ ក៏​ឃើញ​ថា​ គាត់​មាន​ឈាម​កក​ក្នុង​ខួរ​ក្បាល ហើយ​កាល​ពី​ថ្ងៃ​អង្គារ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គ្លីនិក​ជំនាញ ដែល​នៅ​តំបន់​ភាគ​ខាង​ជើង​នៃ​រដ្ឋ​ធានី​។

នៅ​មុន​ហ្នឹង Maradona វ័យ​ ៦០ ​ឆ្នាំ មាន​​សុខភាព​ខ្សោយ​ដោយ​​ធ្លាប់​​គាំង​បេះដូង ២ ​ដង និង​មាន​រលាក​​ថ្លើម​ផង​ដែរ​។​

មាន​ក្រុម​អ្នក​គាំទ្រ នាំ​គ្នា​មក​ផ្ដល់​កម្លាំង​ចិត្ត​នៅ​​ក្រៅ​គ្លីនិក ដោយ​​កាន់​បដា ដែល​មាន​មុខ​របស់​លោក​ Maradona និង​សរសេរ​​ថា «​ស៊ូ​ៗ Diego​»​។

អ្នក​គាំ​ទ្រ ១ រូប Oscar Medina ប្រាប់ AFP ថា​៖ «​ខ្ញុំ​មក​ទីនេះ​ជាមួយ​ប្រពន្ធ​​ខ្ញុំ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​កីឡាករ​ល្អ​បំផុត​គ្រប់​ពេល​។ គាត់​មាន​បញ្ហា​សុខភាព​ជា​ថ្មី​ម្ដង​ទៀត តែ​គាត់​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ ដើម្បី​ជួយ​ឱ្យ​សុខភាព​​ល្អ​ប្រសើរ​ឡើង​វិញ ដោយ​មាន​ជំនួយ​ផ្នែក​កម្លាំង​ចិត្ត​ពី​គ្រប់​គ្នា​»​៕ AFP/VN