អូឡីវ៉ូស៖ អតីត​វីរបុរស​បាល់ទាត់​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន Diego Maradona កំពុង​វិវឌ្ឍ​ទៅ​រក​ភាព​ប្រសើរ​ឡើង​ៗ ក្រោយ​ធ្វើ​ការ​វះ​កាត់​យក​ឈាម​កក​ក្នុង​ខួរ​ក្បាល ហើយ​អាច​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​សប្ដាហ៍​នេះ។ នេះ​បើ​តាម​​គ្រូ​ពេទ្យ​ផ្ទាល់​ខ្លួន​របស់​គាត់​កាល​ពី​ថ្ងៃ​ចន្ទ​។​

លោក​ Maradona វ័យ ៦០ ​ឆ្នាំ ​ទទួល​ការ​វះ​កាត់​កាល​ពី​ថ្ងៃ​អង្គារ ​កន្លង​ទៅ ដើម្បី​យក​ឈាម​កក ដែល​នៅ​ចន្លោះ​ខួរ និង​លលាដ៍​ក្បាល​របស់​គាត់​។​

លោក​ដុកទ័រ Leopoldo Luque ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ «​លោក Diego (Maradona) កំពុង​មាន​អារម្មណ៍​ចង់​ចាកចេញ ហើយ​យើង​កំពុង​ពិចារណា​ឱ្យ​គាត់​ចេញ​ពី​ពេទ្យ ដែល​អាច​ថ្ងៃ​អង្គារ ឬ​ថ្ងៃ​ពុធ​។ ​ការ​វិវឌ្ឍ គឺ​ប្រសើរ​ណាស់​»​។​​

លោក Maradona ដែល​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ពី​អ្នក​ដទៃ កាល​ពី ២ ​សប្ដាហ៍​កន្លង​ទៅ ក្រោយ​អង្គរក្ស​របស់​គាត់​ម្នាក់​មាន​រោគ​សញ្ញា​នៃ​វីរុស​កូរ៉ូណា ចាប់​ផ្ដើម​មាន​អាការ​មិន​សូវ​ស្រួល​អំឡុង​ពេល​មាន​វត្តមាន​មួយ​ភ្លែត​នៅ​ថ្ងៃ​ទី ​៣០ ខែ​តុលា ក្នុង​ពិធី​គម្រប់​ខួប ៦០ ​ឆ្នាំ នៅ​ឯ​កីឡដ្ឋាន​របស់​ក្រុម Gimnasia y Esgrima ដែល​លោក​កំពុង​ដឹក​នាំ​ប្រកួត​ប្រជែង នៅ​ក្របខ័ណ្ឌ​កំពូល​អាហ្សង់ទីន។

គាត់​មើល​ទៅ​ទំនង​ជា​ពិបាក​ដើរ ដូច្នេះ​ទើប​​មិន​បាន​នៅ​មើល​កូន​ក្រុម​របស់​ខ្លួន​ប្រកួត​ឡើយ ហើយ​នៅ​ថ្ងៃ​ចន្ទ គាត់​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ នៅ​ក្រុង​ឡាប្លាតា ដោយ​មាន​អាការ​ខ្វះ​ឈាម និង​កង្វះ​ជាតិ​ទឹក​។

ការ​ធ្វើ​តេស្ត​ចំពោះ​រាង​កាយ​របស់​គាត់​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា មាន​ឈាម​កក​ ដែល​ក្រោយ​មក​គាត់​ត្រូវ​បញ្ជូន​ទៅ​កាន់​គ្លីនិក​ជំនាញ​ក្នុង​រដ្ឋធានី​។

លោក Maradona បាន​ល្អ-​ប្រសើរ​ច្រើន បើ​ទោះ​ជា​លោក​ Luque បាន​បង្ហើប​ឱ្យ​ដឹង​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ថា អ្នក​ជំងឺ​របស់​លោក​កំពុង​ទទួល​ការ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត និង​ទទួល​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​​ តែ​ការ​ព្យាបាល​បែប​ហ្នឹង​ចាប់​ផ្ដើម​បន្ថយ​ជាង​មុន​កាល​ពី​ថ្ងៃ​ចន្ទ​៕ AFP/VN