ក្រុងប៊ុយណូស៊ែ៖ លោក Diego Maradona ដែលត្រូវបានគេចាត់ទុកថា ជាកីឡាករបាល់ទាត់ដ៏ឆ្នើមបំផុតក្នុងកំណត់ត្រានៃកីឡានេះ មុននឹងការញៀនគ្រឿងញៀន និងស្រា ដែលបំផ្លាញអាជីពរបស់គាត់បានស្លាប់ ក្នុងអាយុ ៦០ ឆ្នាំ កាលពីថ្ងៃពុធ នៅផ្ទះរបស់គាត់ នាប្រទេសអាហ្សង់ទីន ដោយសារគាំងបេះដូង។ នេះបើតាមការឱ្យដឹងពីមេធាវីរបស់គាត់។
ក្នុងនាមជាមនុស្សសំណព្វរបស់ប្រជាជននៃប្រទេសរបស់គាត់ ក្រោយបានរួមចំណែកយ៉ាងធំធេងជួយឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះ World Cup ឆ្នាំ ១៩៨៦ ហើយមនុស្សគ្រប់គ្នាស្រឡាញ់ពេញចិត្តនៅប្រទេសអ៊ីតាលី ព្រោះបានជួយឱ្យក្រុម Napoli លើកពានក្របខ័ណ្ឌ Serie A ២ ដង លោក Maradona គឺជាកីឡាករមានទេពកោសល្យពិសេសម្នាក់ ដែលងើបចេញពីការរស់នៅលើផ្លូវដ៏លំបាកនាក្រុងប៊ុយណូស៊ែ រហូតឈានដល់ចំណុចកំពូលនៃអាជីពរបស់គាត់។
លោក Maradona ថ្មីៗនេះ បានតស៊ូនឹងបញ្ហាសុខភាព ហើយវះកាត់យកឈាមកកក្នុងខួរក្បាល កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ។ គាត់មានអាការគាំងបេះដូង នៅផ្ទះរបស់គាត់ នៅក្រៅក្រុងប៊ុយណូស៊ែ នៅថ្ងៃពុធ។ នេះបើតាមការឱ្យដឹងពីសំណាក់មិត្តជិតដិតរបស់កីឡាករចូលនិវត្តន៍រូបនេះ ហើយការស្លាប់នេះ ត្រូវបានអះអាងដោយមេធាវីផ្ទាល់ខ្លួនរបស់គាត់។
នៅក្រុងប៊ុយណូស៊ែ មនុស្សម្នាចាប់ផ្ដើមចេញមកតាមដងផ្លូវ ដើម្បីសម្ដែងការកាន់ទុក្ខចំពោះកុលបុត្រជាទីស្រឡាញ់របស់ជាតិរូបនេះ ដោយការប្រមូលផ្ដុំគ្នា នៅក្រុងជិតខាង San Andres ជាកន្លែងដែលលោក Maradona រស់នៅ នៅក្រុង Boca ជាកន្លែងដែលអតីតអ្នកទាត់បាល់ រហស្សនាម «ខ្លាតឿ» ក្លាយជាកីឡាករ ១ រូប និងនៅក្បែរក្រុង La Plata ជាកន្លែងដែលគាត់ក្លាយជានាយកបច្ចេកទេសរបស់ក្រុម Gimnasia y Esgrima។
រដ្ឋាភិបាលអាហ្សង់ទីនបានប្រកាសធ្វើបុណ្យកាន់ទុក្ខរយៈពេល ៣ ថ្ងៃ ហើយជាមួយគ្នានេះ ប្រធានាធិបតី លោក Alberto Fernandez បានឱ្យដឹងក្នុងបណ្ដាញសង្គម Twitter ថា៖ «អ្នកបាននាំពួកយើងឱ្យដល់ចំណុចខ្ពស់បំផុតរបស់ពិភពលោក និងធ្វើឱ្យពួកយើងបាននូវក្ដីរីករាយយ៉ាងក្រៃលែង។ អ្នកជាបុគ្គលដ៏អស្ចារ្យបំផុតពិតមែន។ សូមអរគុណណា លោក Diego (Maradona) សម្រាប់ការនៅជាមួយពួកយើងរហូតមក។ ពួកយើងនឹងនឹកអ្នកពេញ ១ ជីវិត»។
ស្ថានីយរថភ្លើងក្រោមដី នាក្រុងប៊ុយណូស៊ែ បន្ទះក្ដារឌីជីថល ដែលតែងបញ្ចេញសារប្រាប់ដំណឹងពីរថភ្លើងត្រូវបានដាក់ជំនួសមកវិញដោយពាក្យជាភាសាអេស្ប៉ាញ «Gracias Diego» (អរគុណ Diego)។
នៅឯជាយក្រុង Villa Crespo បទចម្រៀងចំណងជើង «La Mano de Dios» (ដៃអាទិទេព) ដែលច្រៀងដោយ Rodrigo Bueno បន្លឺចេញពីវេរ៉ង់ដានៃគេហដ្ឋាននីមួយៗ ពោលគឺជាចម្រៀង ដែលសំដៅទៅដល់ការស៊ុតបញ្ចូលទីរបស់លោក Maradona ដោយប្រើដៃ ពេលប៉ះក្រុមអង់គ្លេស ក្នុងព្រឹត្តិការណ៍ World Cup 1986 នៅប្រទេសម៉ិកស៊ិក ហើយដោយសារហេតុការណ៍នេះ ទើបប្រជាជនអាហ្សង់ទីនបានលើកតម្កើងរូបលោកថាជា «El Dios» (ព្រះជាម្ចាស់) មករហូត។
ក្រោយគ្រាប់បាល់ដ៏ចម្រូងចម្រាសនោះ អ្វីដែលគ្រប់គ្នាស្រឡាំងកាំង គឺគ្រាប់ទី ២ របស់គាត់ក្នុងការប្រកួតនាពេលនោះ ដែលកើតឡើង ដោយសារគាត់អូសដាច់កីឡាកររបស់អង់គ្លេសស្ទើរ ១ ក្រុម ហើយទៅស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ ដោយនោះ បានបង្ហាញថា ការបណ្ដើរ និងគ្រប់គ្រងបាល់របស់គាត់ពិបាកនឹងរកពាក្យមកប្រៀបប្រដូចខ្លាំងណាស់៕ AFP/VN