បារាំង: តារាឆ្នើមៗក្នុងក្របខ័ណ្ឌ Premier League ដែលរួមមាន Anthony Martial, Paul Pogba និង Benjamin Mendy នឹងត្រូវអវត្តមានក្នុងការប្រកួតដ៏សំខាន់របស់ក្រុមជម្រើសជាតិបារាំង ជាមួយនឹងក្រុមជម្រើសជាតិហូឡង់ ក្នុងយុទ្ធនាការ Nations League និងការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ដោយសារតែបញ្ហារបួស។ នេះបើយោងទៅតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់បារាំង កាលពីថ្ងៃចន្ទ។
កីឡាករទាំង ៣ បានធ្វើដំណើរទៅដល់ទីក្រុងប៉ារីស ដើម្បីត្រួតពិនិត្យ ប៉ុន្តែ ត្រូវបានបញ្ជាក់ថា មិនទាន់រឹងមាំគ្រប់គ្រាន់ឡើយក្នុងការបង្ហាញខ្លួនឲ្យក្រុមរបស់លោក Didier Deschamps ដែលនឹងឈ្នះកៅអីទៅកាន់ការប្រកួត Nations League ជុំផ្តាច់ព្រ័ត្រ តាមរយៈការផ្តួលក្រុមជម្រើសជាតិហូឡង់ នៅថ្ងៃសុក្រនេះ។
ខ្សែប្រយុទ្ធ Martial របស់ក្លិប Manchester United ដែលកំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អសម្រាប់ក្លិបរបស់គេ តាមរយៈការស៊ុតបាល់បញ្ចូលទី ៦ គ្រាប់ក្នុងការប្រកួត ៥ លើកចុងក្រោយនៃក្របខ័ណ្ឌ Premier League នោះ កំពុងតែមានបញ្ហារបួសក្រលៀន។
ខ្សែបម្រើ Pogba សមាជិកលើកពាន World Cup ដែលបានអវត្តមានក្នុងពេលក្រុម Man United ចាញ់ Manchester City កាលពីថ្ងៃអាទិត្យ ដោយសារតែរបួសនោះ មានបញ្ហាភ្លៅម្ខាង។
ខ្សែការពារស្លាបឆ្វេង Mendy របស់ Man City នឹងអវត្តមានការប្រកួតទាំង ២ លើក ក្រោយពីការពិនិត្យមួយក្នុងរដ្ឋធានីរបស់បារាំង បានបង្ហាញថា គេមានបញ្ហាត្រង់ជង្គង់របស់គេ។ ខ្សែប្រយុទ្ធ Alexandre Lacazette ធ្លាប់ត្រូវបានបញ្ចូលឲ្យជំនួសកន្លែងរបស់ Martial ប៉ុន្តែ តារាឆ្នើមរបស់ Arsenal រូបនេះមិនអាចចូលរួមជាមួយនឹងក្រុមជម្រើសជាតិរបស់ខ្លួនបានឡើយ។ កៅអីរបស់គេ ត្រូវបានផ្តល់ទៅឲ្យខ្សែប្រយុទ្ធ Alessane Plea របស់ក្លិប Borussia Moenchengladbach ក្រោយពីរូបគេរកបាន ៣ គ្រាប់ក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុម Werder Bremen ក្នុងក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃសៅរ៍។
Moussa Sissoko របស់ក្លិប Tottenham ទទួលកៅអីរបស់ Pogba ក្នុងក្រុមរបស់លោក Deschamps។ Sissoko មិនធ្លាប់បានបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិមួយសោះ បើគិតចាប់តាំងពីបារាំង បានយកឈ្នះលើក្រុមជម្រើសជាតិបេឡារុស កាលពីខែតុលា។
កីឡាករចំណូលថ្មី Ferland Mendy របស់ក្លិប Lyon ក៏ត្រូវបានកោះហៅឲ្យចូលក្នុងក្រុមកីឡាករទាំង ២៣ នាក់របស់បារាំងផងដែរ។ បារាំងនឹងធ្វើដំណើរទៅកាន់ទីក្រុង Rotterdam ដើម្បីជួបហូឡង់ នៅរាត្រីថ្ងៃសុក្រ នៅមុនពេលប្រកួតមិត្តភាពជាមួយនឹងអ៊ុយរូហ្គាយ នៅថ្ងៃអង្គារ នៅប៉ារីស៕