ក្រុងមីឡាន៖ ការរកបាន ២ គ្រាប់ របស់កីឡាករ Lautaro Martinez នៅតង់ទី ១ បានជួយឲ្យក្លិប Inter Milan ឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A ជាមួយជ័យជម្នះ ២-១ ទៅលើក្រុម SPAL កាលពីថ្ងៃអាទិត្យ ក្រោយពីម្ចាស់ជើងឯក Juventus បានប្រកួតស្មើគ្នាជាមួយក្រុម Sassuolo នៅក្នុងទឹកដីខ្លួនឯង។
គ្រូបង្វឹកក្លិប Juventus លោក Maurizio Sarri បានសម្ដែងការសោកស្ដាយក្រោយពីក្រុមរបស់គាត់បានធ្លាក់ចុះពិន្ទុជាលើកដំបូងនៅក្នុងរដូវកាលនេះក្នុងការប្រកួតនៅលើទឹកដីខ្លួនឯងថា៖ «យើងមិនបានប្រើក្បាលរបស់យើងនោះទេ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «យើងមានបញ្ហាដោយខ្លួនឯងព្រោះយើងមិនបានប្រើក្បាលនៅតង់ទី ១ ខណៈយើងមានឱកាសជាច្រើន»។
ខ្សែប្រយុទ្ធ Christiano Ronaldo បានស៊ុតបាល់បញ្ចូលទីបាន ១ គ្រាប់ ដើម្បីតាមស្មើគូប្រជែងខ្លួន ២-២ ប៉ុន្តែក្លិប Juventus បានរអិល ១ ពិន្ទុ តាមពីក្រោយក្រុម Inter របស់លោក Antonio Conte។
កីឡាករអាហ្សង់ទីន Martinez បានជួយឲ្យក្រុម Inter នាំមុខនៅនាទី ១៦ នៅកីឡដ្ឋាន San Siro របស់ខ្លួនបន្ទាប់មកបានតែតបាល់ចូលទី ១ គ្រាប់ទៀត ដើម្បីបង្គ្រប់ជាគ្រាប់បាល់ទី ៨ របស់ខ្លួនក្នុងការប្រកួតលីកនៅរដូវកាលនេះ។
ប៉ុន្តែកីឡាករ Mattia Valoti រកបាន ១ គ្រាប់ សម្រាប់ក្រុមភ្ញៀវ ប៉ុន្តែនៅតែមិនអាចជួយឲ្យក្រុម SPAL តាមស្មើម្ចាស់ផ្ទះជាហេតុធ្វើឲ្យពួកគេរងបរាជ័យ ៩ លើកក្នុងរដូវកាលនេះ និងឈរនៅលេខ ២ នៃតំបន់បាតតារាង។
លោក Conte បានដឹកនាំក្លិប Inter ដែលគ្រប់គ្រងដោយជនជាតិចិននេះ ទទួលបានជ័យជម្នះ ១២ លើក ក្នុងការប្រកួតលីក ១៤ លើកជាលើកដំបូង ហើយពួកគេបានឡើងទៅឈរលើកំពូលតារាងវិញ ក្រោយពីពួកគេបាត់បង់ចំណាត់ថ្នាក់នេះនៅពេលប្រកួតចាញ់ក្រុម Juventus ក្នុងលទ្ធផល ២-១ កាលពីថ្ងៃទី ៦ ខែតុលា៕ AFP/SN