ភ្នំពេញ៖ ​កីឡាករ​ជើង​ថ្មី​ដែល​មាន​សមត្ថភាព​ក្នុង​កម្រិត ​B រួម​មាន ឡុង រ៉ាមី, ពុទ្ធ ម៉ាណូយ, ឃន គឹមហេង និង តុម ផេង ត្រូវ​បាន​អ្នក​គ្រប់គ្រង​កម្មវិធី Mas Fight Cambodia នៃ​សង្វៀន​ថោន​ផ្តល់​ឱកាស​ ដោយ​ដាក់​ឲ្យ​ពួក​គេ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ទម្ងន់ ​៥៧ ​គីឡូក្រាម នៅ​ថ្ងៃ​អាទិត្យ​នេះ ប៉ុន្តែ​ក៏​មាន​រៀបចំ​ការ​ប្រកួត​គូ​មិត្តភាព​លំដាប់​ខ្លាំង​ចំនួន ​៣ ​គូ ឲ្យ​ប្រកួត​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ​ផង​ដែរ។

ការ​ប្រកួត​​ដណ្តើម​ប្រាក់​រង្វាន់​ ៣,​៤ ​លាន​រៀល សម្រាប់​អ្នក​​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ គឺ​ជា​ក្តី​ប្រាថ្នា​របស់​កីឡាករ​ឆ្នើមៗ​មួយ​ចំនួន​ចង់​ឡើង​ប្រកួត​ ខណៈ​​​ការ​​ប្រកួត ​១៦ សប្តាហ៍​កន្លង​មក​នេះ មាន​ភាព​​ទាក់ទាញ​បំផុត ​ហើយ​តម្លៃ​ខ្លួន​ប្រកួត​របស់​កីឡាករ​ និង​ប្រាក់​រង្វាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ធ្វើ​ឲ្យ​កីឡាករ​ល្បីៗ​ស្រក់​ទឹក​មាត់​ចង់​ឡើង​ប្រកួត ​ដោយ​គ្មាន​សំចៃ​កម្លាំង​។​

លោក ​គឹម ស្រ៊ុនកុសល ​អ្នក​គ្រប់គ្រង​កម្មវិធី Mas Fight Cambodia ប្រាប់​​ថា​៖ ​«​នៅ​សប្តាហ៍​នេះ យើង​បាន​ផ្លាស់​ប្តូរ​ការ​ប្រកួត​ដោយ​សម្លឹង​ឃើញ​សមត្ថភាព​កីឡាករ​ជើង​ថ្មី ​ទម្ងន់​ស្រាល​ឆ្នើមៗ​នេះ​ គឺ​​វាយ​ទាក់ទាញ​មិន​ខ្លាច​គ្នា​ទេ​។ ​ម៉្យាង​ទៀត ​យើង​ចង់​ផ្តល់​ឱកាស​ឲ្យ​ពួក​គាត់ ​ឆ្ពោះ​ទៅ​គោលដៅ​ជា​ជើង​ខ្លាំង​ជំនាន់​ក្រោយ​»។​

លោក​បាន​​បន្ត​ថា​ ​ទោះ​ជា​យ៉ាង​ណា​យើង​មាន​គូ​ដែល​ល្អ​ផ្តាច់​ក្នុង​សប្តាហ៍​នេះ​ ដោយ​​យើង​សម្រិត​សម្រាំង​បាន​ល្អ​ក្នុង​នោះ​​​កីឡាករ​ សឿន​ ឆ្នើម ត្រូវ​​ប៉ះ​ ​សៅ ​វណ្ណា​ ក្នុង​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម រីឯ ​​រឿង ​សារិទ្ធ ​ជួប ​លាភ ​សំណាង​ ក្នុង​ទម្ងន់ ​៥៧ ​គីឡូក្រាម​ ហើយ ​ពេជ្រ ​ម្ទេសខ្មាំង ត្រូវ​ប្រកួត​ជាមួយ ​សេក ចៅ​ជូត ​ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម​ផង​ដែរ​ ដើម្បី​កាន់​តែ​មាន​ភាព​ទាក់ទាញ​។​

តាមរយៈ​អ្នក​គ្រប់គ្រង​ទិន្នន័យ​ប្រកួត​របស់​កីឡាករ​គឺ ​លោក ​ជួប ​វុត្ថា​ ដោយ​លោក​បាន​សម្ភាស ​និង​ជំរឿន​ មុន​ប្រកួត​នោះ​គឺ​​ ​ឡុង ​រ៉ាមី ​មាន​បទពិសោធ​ច្រើន​ជាង​គេ ដោយ​គេ​ធ្លាប់​ប្រកួត​ជាង ​៦០ ​ដង​ ​ចំណែក ​តុម ​ផេង​ មាន​បទពិសោធ​ត្រឹម​ជាង ​១០ ​លើក​ប៉ុណ្ណោះ​ ខណៈ​ ​ឃន ​គឹមហេង ​និង ​ពុទ្ធ ​ម៉ាណូយ​ មាន​បទពិសោធ​ឡើង​ប្រកួត​បាន​ប្រហាក់​ប្រហែល​គ្នា​ គឺ​ខ្ទង់ ​៣០ ​ដង។​

លោក​ ជួប​ វុត្ថា​ ដែល​ជា​អ្នក​អត្ថាធិប្បាយ​ផង​នោះ ​​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​គូ​ដណ្តើម​ប្រាក់​ចំនួន ​៣​,​៤ ​លាន​​រៀល ​សប្តាហ៍​ទី ​១៧ ​នេះ​ ផ្តល់​ឱកាស​ឲ្យ​កីឡាករ​ទម្ងន់​ស្រាល​មាន​​បទពិសោធ​​​នៅ​ខ្ចី​ឲ្យ​​ឡើង​ប្រកួត​​ម្តង​ ​ព្រោះ​កម្មវិធី​យើង​ចង់​ស្វែង​រក​ការ​ប្រកួត​ប្លែក ​ហើយ​សមត្ថភាព​របស់​ពួក​គាត់ ​ទោះ​បី​នៅ​តិច​តួច ​ប៉ុន្តែ​យើង​មើល​ពី​ក្បាច់​ប្រយុទ្ធ​វាយ​សម្រុក​ខ្លាំងៗ​ដូច​គ្នា​មិន​ងាយ​ដក​ថយ ​ហើយ​ល្អ​មើល​បំផុត»​។

យ៉ាង​ណា​ក្តី ​លោក ជួប វុត្ថា បាន​បន្ថែម​ថា ចំពោះ ពុទ្ធ ​ម៉ាណូយ​ និង ​ឡុង ​រ៉ាមី​ ដែល​មាន​​សមត្ថភាព​ប្រកួត​ល្អ​កម្រិត​មធ្យម​ គឺ​ធ្លាប់​ឡើង​ប្រកួត​ដល់​គូ​ឯក​រង​ហើយ ចំណែក ​ឃន ​គឹមហេង​ និង​ តុម ​ផេង​ ពិត​ជា​ថ្មី​ថ្មោង​ ឬ​កីឡាករ ​ដែល​គេ​ហៅ​ថា​ រលក​ក្រោយ​ត្រូវ​តែ​លើក​ទឹក​ចិត្ត និង​​ផ្តល់​ឱកាស​ឲ្យ​ជើង​ថ្មី ​ដែល​កំពុង​តែ​លេច​ធ្លោ​។​

ចំណែក​លោក​ ណន​ រិទ្ធ​ គ្រូ​បង្វឹក​ ពុទ្ធ​ ម៉ាណូយ​ បាន​និយាយ​ថា​៖ «​បើ​និយាយ​ពី​បទពិសោធ​របស់​កូន​សិស្ស​ខ្ញុំ​គឺ​វា​មធ្យម​ តែ​ក្នុង​ចំណោម​កីឡាករ​ទាំង​ ៣ នាក់ ដែល ម៉ាណូយ ត្រូវ​ចាប់​ឆ្នោត​ជួប​ម្នាក់​នៅ​ក្នុង​វគ្គ​ជម្រុះ​ ៣ ទឹក​នោះ គឺ​យើង​មាន​សង្ឃឹម​ឈ្នះ​ច្រើន​ ​ព្រោះ​ការ​ហ្វឹកហាត់​​បាន​ល្អ​។ យ៉ាង​ណា​ក៏​ដោយ ​បើ​ចា​ប់ប៉ះ ​ឡុង ​រ៉ាមី​ ក្នុង​វគ្គ​ជម្រុះ​ដំបូង​ក៏​អាច​មាន​ការ​លំបាក​ដែរ ​ចំណែក​ ២ នាក់​ទៀត​ មិន​ធ្លាប់​ដឹង​ពី​សមត្ថភាព​នៅ​ឡើយ​ តែ​ដូច​ជា​មិន​បារម្ភ​ខ្លាំង​នោះ​​ទេ​»​៕