ភ្នំពេញ៖ ​សង្វៀន​ប្រដាល់​ដែល​ទើប​តែ​បើក​ក្រោយ​គេ​ដែល​នាំ​មក​នូវ​ការ​ប្រដាល់​ប្លែក​ក្នុង​ច្បាប់​ផ្តាច់​មុខ​ពី ​Mas ​Fight​ ជា​ប្រភេទ​កីឡា​ប្រកួត​តែ​មួយ​ទឹក​មាន​រយៈពេល ​៩ ​នាទី​នេះ ​មាន​ប្រភព​មក​ពី​ក្រុង​ហុងកុង​ត្រូវ​បាន​ទូរទស្សន៍​ថោន​រៀបចំ​ប្រកួត​រយៈពេល ​១០ ​សប្តាហ៍​កន្លង​មក​ហើយ ​មាន​លក្ខណៈ​ទាក់ទាញ​លេច​ធ្លោ​ជាង​សង្វៀន​មួយ​ចំនួន​ ខណៈ​ដែល​សប្តាហ៍​នេះ​ប្រជុំ​ដោយ​គូ​មិត្តភាព​អន្តរជាតិ​ចំនួន ​៥ ​គូ ​និង​បន្ថែម​គូ​គុន​ខ្មែរ​មិត្តភាព​ចំនួន ​៣ ​គូ ​សុទ្ធ​តែ​ជម្រើស​កីឡាករ​លំដាប់​ល្អ​ៗ​។​

ការ​ប្រកួត ​Mas ​Fight ​នៅ​សង្វៀន​ថោន​ដែល​គ្មាន​ចៅក្រម​កាត់​ក្តី​បាន​បង្ហាញ​ឲ្យ​អ្នក​ទស្សនា​ឃើញ​ថា​កីឡាករ​ណា​មាន​សមត្ថភាព​ល្អ​ និង​ខ្លាំង ​គឺ​ឈ្នះ​ដោយ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ក្នុង​នាទី​ណា​ក៏​បាន​ដោយ​វាយ​មិន​សម្រាក​ចំនួន ​៩ ​នាទី​។​

ទោះ​ជា​យ៉ាង​ណា​ មន្ត្រី​បច្ចេកទេស​រៀបចំ​ត្រូវ​យក​ចេញ​ពី​ប្រដាល់​គុន​ខ្មែរ​ទាំង​ស្រុង​ហើយ​ការ​ប្រកួត​ទាំង​ស្រុង​ស្ថិត​ក្រោម​សហព័ន្ធ​គុន​ខ្មែរ​តែ​មួយ​នោះ​ក៏​បាន​បង្ហាញ​អ្នក​ប្រដាល់​មួយ​ចំនួន​ដែល​ពេញ​ចិត្ត​នឹង​ចូលរួម​ប្រកួត​ដោយ​មិន​បារម្ភ​ពី​ចៅក្រម​ដាក់​ពិន្ទុ​លម្អៀង​នោះ​ឡើយ​។

លោក ​ស្រ៊ុន ​កុសល ​នាយក​គ្រប់គ្រង​កម្មវិធី​ប្រចាំ​សង្វៀន​ថោន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ ​«យើង​ទើប​តែ​រៀបចំ​បាន​ចំនួន ​១០ ​សប្តាហ៍ ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​មហាជន​ហើយ​នៅ​សប្តាហ៍​នេះ ​ប្រជុំ​ដោយ​កីឡាករ​ដែល​ខ្លាំង​នៅ​កម្ពុជា​ដូច​ជា ​ឡុង ​សុភី​, ព្រុំ​សំណាង​, ម៉ឺន​ មេឃា​, អេលីត​ ភត្តី​អេលីត​ វិចិត្រ​ ប៉ះ​ជាមួយ​កីឡាករ​មក​ពី​ប្រទេស ​ចិន​ នូវែលសេឡង់​ និង​​ប្រទេស ​ថៃ​។​

ទោះ​ជា​លទ្ធផល​បាន​គាប់​ប្រសើរ​ក្នុង​ការ​ប្រកួត ​១០ ​សប្តាហ៍​កន្លង​មក​ លោក​ កុសល ​បាន​អះអាង​ថា​៖ ​«​មិន​ចង់​ប្រកួត​ប្រជែង​ជាមួយ​សង្វៀន​ណា​នោះ​ទេ ​ហើយ​ក្នុង​នាម​ខ្លួន​ខ្ញុំ​ផ្ទាល់​ចង់​សហការ​គ្នា​ក្នុង​លក្ខណៈ​ខ្មែរ​តែ​មួយ ​និង​មិន​ត្រូវ​ប្រកួត​ប្រជែង​គ្នា​គ្មាន​តម្លាភាព​នោះ​ឡើយ ​និយាយ​ទៅ​យើង​ប្រឹងប្រែង​ដើម្បី​រីក​ចម្រើន​ទាំង​អស់​គ្នា​»​។​

ឡុង​ សុភី ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែល​ធ្លាប់​ឈ្នះ​ខ្សែ​វាត់​ក្នុង​ស្រុក​ចំនួន​ ៧ ​ស្ថាប័ន​ និង​ជា​កីឡាករ​ដែល​មាន​ប្រតិកម្ម​ខ្លាំង​ចំពោះ​​ចៅ ក្រម​របស់​សហព័ន្ធ​គុន​ខ្មែរ​ដែល​ពេល​ខ្លះ​មិន​ទទួល​យក​បាន​នោះ​ ​​និយាយ​ថា​៖​ «​ខ្ញុំ​វ៉ៃ​ក្នុង​ Mas ​Fight​ នេះ​ជា​លើក​ដំបូង​ និង​ពេញ​ចិត្ត​ទាំង​តម្លៃ​ខ្លួន​ទាំង​ការ​ប្រកួត​ដែល​គ្មាន​ចៅក្រម​ដាក់​ពិន្ទុ​ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ពី​សមត្ថភាព​របស់​កីឡា​ដៃគូ​នោះ​ទេ​ ហើយ​សង្ឃឹម​ត្រឹម​ ៥០ ​ភាគរយ​ប៉ុណ្ណោះ​»​៕