ភ្នំពេញ៖ ​ការ​​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​នៃ​កម្មវិធី ​Mas ​Fight​ Cambodia ​នៅ​លើ​​សង្វៀន​ថោន​ បាន​បន្ត​រក​មិន​ឃើញ​អ្នក​ឈ្នះ​ប្រាក់​លាន ចំនួន ​៥ ​សប្តាហ៍​ជាប់ៗ​គ្នា បន្ទាប់​ពី អេលីត សាន់ និង ទូច ដេវីត មិន​អាច​ផ្តួល​គ្នា​ឲ្យ​សន្លប់​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ។

តាម​រយៈ​នៃ​ការ​ប្រកួត​នោះ កីឡាករ​ អេលីត​ សាន់​ របស់​​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ​បាន​យក​ឈ្នះ​ ណាម ​ម៉ូរ៉ាក់ ​ក្លិប​រស្មី​ពន្លឺ​សាមគ្គឺ​ខេត្ត​បាត់ដំបង ​ដោយ​ពិន្ទុ​មិន​​ឯកច្ឆន្ទ ២-១ ខណៈ​ជើង​ថ្មី​ ​ទូច​ ដេវីត​ ក្លិប​អរុណ​រះ​ខេត្ត​កណ្តាល ​​ឈ្នះ ​សេក​ ចាន់រាជ ​មក​ពី​ក្លិប​មក​ពី​ខេត្ត​សៀមរាប ​ដោយ​ពិន្ទុ​ដាច់។

យ៉ាង​ណា​ក៏​ដោយ ​ទាំង អេលីត សាន់ និង ទូច ដេវីត សុទ្ធ​តែ​គ្មាន​សំណាង​ទទួល​បាន​​ប្រាក់​លាន ៣,៤ ​លាន​រៀល ខណៈ​អ្នក​ទាំង ​២ មិន​អាច​ផ្តួល​គ្នា​ឲ្យ​សន្លប់​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ ហើយ​តាម​ច្បាប់ Mas Fight បើ​គ្មាន​អ្នក​សន្លប់​ក្នុង​ការ​ប្រកួត ​៩ នាទី​ពេញ​គ្មាន​ឈប់​ទេ​នោះ ត្រូវ​កំណត់​ឲ្យ​ស្មើ​គ្នា និង​ទទួល​បាន​ប្រាក់​រង្វាន់​ក្នុង​ម្នាក់ៗ​ចំនួន ​១,៨ លាន​រៀល។

ចំណែក​ការ​ប្រកួត ៤ សប្តាហ៍​ជាប់ៗ​គ្នា​កន្លង​មក​នេះ ពុទ្ធ ឆាយរិទ្ធី និង វង្ស វិឆ័យ, មឿន សុខហ៊ុច និង យ៉េន ឌីណា, ធន់ ចាន់តាក់ និង សុខ សាវិន ព្រម​ទាំង​ការ​ជួប​គ្នា​រវាង លាភ រដ្ឋា និង ធន់ អៀងឡៃ សុទ្ធ​បាន​បញ្ចប់​ដោយ​ការ​ស្មើ​គ្នា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​ដូច​គ្នា។

ទោះ​យ៉ាង​ណា ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​របស់ អេលីត សាន់ និង ទូច ដេវីត ត្រូវ​បាន​គេ​មើល​ឃើញ​ថា​​ ពួក​គេ​វ៉ៃ​សម្រុក​គ្នា​ក្នុង​​លក្ខណៈ​​ខ្លាច​ញញើត​គ្នា​ មិន​សូវ​ហ៊ាន​ប្តូរ​ក្បាច់​គ្នា​នោះ​ឡើយ​ នាំ​ឲ្យ​​អាជ្ញា​កណ្តាល​បាន​ព្រមាន​ទៅ​លើ​កីឡាករ​ទាំង ​២ ​ឲ្យ​ចូល​វាយ​សម្រុក​​ខ្លាំងៗ​ផង​ដែរ​។​

លោក​ ហាក់​ សុខហេង ​ផលិតករ​នៃ​កម្មវិធី​របស់​ទូរទស្សន៍​ថោន ​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍ ថា​ ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន ​នៅ​ Mas ​Fight ​Cambodia ​ចំនួន ​៥ ​សប្តាហ៍​ចុង​ក្រោយ​នេះ មិន​ទាន់​រក​ឃើញ​កីឡាករ​ជា​អ្នក​ឈ្នះ ​ដោយ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ ​ដើម្បី​ទទួល​បាន​ប្រាក់ ​៣,​៤ លាន​​រៀល​នេះ​នៅ​ឡើយ​ទេ​។​

លោក​បន្ត​ថា៖ ​«​ការ​ប្រកួត​របស់​ពួក​គាត់ ​គឺ​អស់​ពី​សមត្ថភាព ​និង​ទាក់​ទាញ​បំផុត ​ប៉ុន្តែ​តាម​ខ្ញុំ​មើល​ការ​ហ្វឹកហាត់​ល្អ ​កម្លាំង ​និង​កាយ​សម្បទា​ល្អ​ គឺ​ធានា​បាន​នូវ​ការ​ប្រកួត​មិន​អាច​សន្លប់​។​ទោះ​ជា​យ៉ាង​ណា​ក្តី​ កម្ម​វិធី​នឹង​ខិត​ខំ​ស្វែង​អ្នក​ប្រដាល់​ឆ្នើមៗ ​ដើម្បី​ឡើង​ប្រកួត​ឲ្យ​កាន់​តែ​ល្អ​ និង​ឈាន​ទៅ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់ ​ដើម្បី​យក​ប្រាក់​ចំនួន ​៣,​៤ ​លាន​​រៀល ​ដែល​តម្កល់​ទុក​ជា​ស្រេច​នៅ​សប្តាហ៍​ក្រោយៗ​ទៀត​»។​

ចំណែក​លោក​ ​សៅ​ ប៊ុន​ធឿន​ គ្រូ​បង្វឹក​ ណាម​ ម៉ូ​រ៉ាក់​ បាន​និយាយ​ថា​ ​ណាម ​ម៉ូរ៉ាក់ ​វាយ​បាន​ល្អ ​តែ​​លទ្ធផល​​ឲ្យ​ចាញ់​ អេលីត ​សាន់ ​២​-​១​ គឺ​គួរ​សម​ហើយ​ ​ព្រោះ​ក្នុង​ការ​ប្រកួត​ប្រហាក់​ប្រហែល​គ្នា​បែប​នេះ ​វា​អាស្រ័យ​​លើ​​អ្នក​ឲ្យ​ពិន្ទុ​ ចំណែក​យើង​មិន​ហ៊ាន​បញ្ចេញ​មតិ​ថា​ ខុស ​ឬ​ត្រូវ​នោះ​ទេ​។ ​លោក​ថា ​វ៉ៃ​ប៉ុណ្ណឹង ​បើ​គេ​លើក​ដៃ​ ណាម​ ម៉ូរ៉ាក់​ឲ្យ​ឈ្នះ​ ក៏​បាន​ដូច​តែ​គ្នា​ ​ព្រោះ​គេ​ហៅ​ថា​ចាញ់​ឬ​ឈ្នះ ​មិន​ដាច់​ដូច​គ្នា ​វា​ជា​សិទ្ធិ​របស់​គេ​។​

លោក ​ស៊ន​ អេលីត​ គ្រូ​បង្វឹក​របស់​ អេលីត​ សាន់​ បាន​និយាយ​ថា​៖ ​«​ការ​វិល​មក​កាន់​សង្វៀន​ប្រកួត​វិញ​​របស់ ​អេលីត​ សាន់​ ធ្វើ​បាន​ល្អ​ ប៉ុន្តែ​ក្នុង​ចំណោម​កីឡាករ​វ័យ​ក្មេងៗ​ដូច​គ្នា ​ហ្វឹកហាត់​បាន​ល្អ​ដូច​គ្នា ​គឺ​កម្លាំង​នៅ​ល្អ​ មិន​ងាយ​នឹង​សន្លប់​បាន​ឡើយ ​ហេតុ​នេះ​បើ​វ៉ៃ​តាម​ច្បាប់​ Mas​Fight ​មិន​គិត​ពី​ពិន្ទុ​នោះ​ គឺ​បាន​លទ្ធផល​ស្មើ​នេះ​ហើយ​»។​

ចំណែក​លោក​ អាត​ សំរិទ្ធ ​គ្រូ​បង្វឹក​ ​ទូច ​ដេវីត ​និយាយ​ថា៖ ​«​​វ៉ៃ​បាន​ប៉ុណ្ណឹង​​ខ្ញុំ​សរសើរ​ថា​ ដេវីត ធ្វើ​បាន​ល្អ​ណាស់។​​ ​​ខ្ញុំ​គិត​ថា ​វា​ទប់ទល់​ជា​មួយ​ អេលីត ​សាន់​ បាន ​៩ នាទី​ គឺ​ល្អ​ណាស់​ ព្រោះ​នៅ​ក្នុង​វគ្គ​នេះ​ ខ្ញុំ​សង្ឃឹម​ឈ្នះ​តិច​ អ៊ីចឹង​​បាន​លទ្ធផល​ត្រឹម​ស្មើ​ប៉ុណ្ណឹង​ គឺ​ជា​មោទនភាព​ល្អ​មួយ​ សម្រាប់​ឈាន​ទៅ​ប្រកួត​ក្នុង​ចំណោម​កីឡាករ​ខ្លាំងៗ​ លើក​ក្រោយៗ​ទៀត​»៕