ភ្នំពេញ៖ គ្រូបង្វឹកក្រុមលេខ ២ លីកកំពូលឡាវ Master 7 លោក Catalin Mihia Dini ហាក់ទទួលស្គាល់ និងបានដឹងពីជោគវាសនាទៅហើយថា ក្រុមរបស់លោកប្រហែលជាមិនអាចនឹងវាយបកយកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង ដើម្បីប្រជែងបានឱកាសឡើងទៅប្រកួតវគ្គបន្តនៃពានរង្វាន់ AFC Cup 2020 នោះទេ។
ការបង្ហាញពីក្តីបារម្ភរបស់លោក Catalin Mihia Dini បានកើតមានឡើង បន្ទាប់ពីក្រុម Master 7 របស់លោក បានចាញ់ក្រុមម្ចាស់ជើងឯកលីកកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង រហូតដល់ ៤-១ សម្រាប់ការប្រកួតជម្រុះវគ្គ Play-off ជើងទី១ ពានរង្វាន់ AFC Cup 2020 នៅពហុកីឡដ្ឋានជាតិ ដែលជាទឹកដីរបស់ក្រុមស្វាយរៀង កាលពីយប់ថ្ងៃពុធ។
លោក Catalin Mihia Dini បាននិយាយនៅក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖ «នេះជាការប្រកួតដ៏លំបាកមួយ ព្រោះព្រះខ័នរាជស្វាយរៀង គឺជាក្រុមដ៏ខ្លាំងមួយ។ ទោះបីជាយ៉ាងណាបាល់ទាត់យើងត្រូវតែហ៊ានលេង និងវាយលុកទៅលើគេវិញ ដើម្បីស្វែងរកគ្រាប់បាល់ ប៉ុន្តែយើងធ្វើមិនបានល្អ អ៊ីចឹងអ្វីដែលយើងត្រូវធ្វើនៅជំហានបន្ទាប់ គឺត្រូវរៀបចំក្រុមធ្វើយ៉ាងណាឲ្យការប្រកួតជើងទី២ នៅលើទឹកដីរបស់យើងបានល្អជាងការប្រកួតលើកនេះ»។
យ៉ាងណាក៏ដោយ នៅពេលសួរពីទំនុកចិត្តក្នុងការវាយបកយកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង សម្រាប់ការប្រកួតកាត់សេចក្តីជើងទី២ ដែលត្រូវធ្វើនៅថ្ងៃទី ២៩ ខែមករា ខាងមុខនេះ លោក Catalin Mihia Dini បានសារភាពថា វាពិតជាមានការលំបាកសម្រាប់ក្រុម Master 7 ក្នុងការបំពេញមហិច្ឆតាមួយនេះ។
លោក Catalin Mihia Dini បានបញ្ជាក់ថា៖ «ខ្ញុំនិយាយដោយស្មោះត្រង់ទៅចុះថា វាពិតជាមានការលំបាកដែលយើងចង់រកបានគ្រាប់ បាល់ ចំណេញ ៣ គ្រាប់ត្រឡប់មកវិញ នៅក្នុងការប្រកួតជើងទី២ អ៊ីចឹងយើងមានតែខំប្រឹងរៀបចំក្រុមឲ្យបានល្អ ព្រោះនៅក្នុងបាល់ទាត់អ្វីៗក៏អាចកើតមានដែរ គឺយើងមិនអាចមើលឃើញមុននោះទេ»។
សម្រាប់ការប្រកួតនៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃពុធ ខ្សែបម្រើ ហួយ ផល្លីន និងខ្សែប្រយុទ្ធឆ្នើម Privat រកបានម្នាក់ ២ គ្រាប់។ ផល្លីន រកបានគ្រាប់បើកឆាកឲ្យក្រុមស្វាយរៀង នៅនាទីទី ១៥ និង ១ គ្រាប់ទៀត នៅនាទីទី ៦៩ គឺនៅចន្លោះពេល Privat បានបន្ថែម ២ គ្រាប់ នៅនាទីទី ៤០ និងទី ៦២ ហើយ ១ គ្រាប់របស់ក្រុម Master 7 រកបានដោយខ្សែប្រយុទ្ធ Soulleymane នៅនាទីទី ២១។
យ៉ាងណាក៏ដោយ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ហាក់មិនទាន់ពេញចិត្តទៅលើប្រព័ន្ធលេងរបស់ក្រុមលោកប៉ុន្មានទេ។ លោកបាននិយាយក្នុងសន្និសីទកាសែតថា៖ «ការរកបាន ៤ គ្រាប់ ក្នុងការប្រកួតជម្រុះពាន AFC Cup វាជាចំណុចល្អហើយ ប៉ុន្តែការបង្ហាញទម្រង់លេង នៅមិនទាន់ដល់កម្រិតដែលយើងចង់បាននៅឡើយទេ»។
គ្រូបង្វឹកជនជាតិអៀរឡង់លោក Conor Nestor បានបន្ថែមថា៖ «យើងនៅមានការខ្វះខាតទៅលើការគ្រប់គ្រងការប្រកួតទាំងមូល ហើយយើងក៏ត្រូវកែសម្រួលតំបន់ប្រយុទ្ធបន្ថែមទៀតផងដែរ អ៊ីចឹងយើងត្រូវតែសម្រាកយកកម្លាំង និងរៀបចំខ្លួនឲ្យបានល្អសម្រាប់ត្រៀមការប្រកួតជើងទី ២ ព្រោះយើងចង់បានទាំងលទ្ធផលល្អ និងការគ្រប់គ្រងការប្រកួតបានល្អ»៕