ក្រុងប៉ារីសៈ ខ្សែប្រយុទ្ធ Kylian Mbappe បានប្ដេជ្ញាចិត្តនៅក្នុងពិធីអបអរជ័យជម្នះរបស់ខ្លួនថា រូបគេនៅតែបន្តស្ថិតនៅជាមួយក្រុម Paris Saint-Germain (PSG) ដែលជាម្ចាស់ជើងឯកទើបឈ្នះពាននៃក្របខ័ណ្ឌកំពូលបារាំង Ligue 1 កាលពីថ្ងៃអាទិត្យក្រោយពីក្រុមនេះបានយកឈ្នះក្រុម Manaco ក្នុងលទ្ធផល ៣-១ ជាមួយការដាក់ឲ្យចូលលេងវិញរបស់កំពូលខ្សែប្រយុទ្ធជាដៃគូរបស់គេគឺ Neymar។
តារាបាល់ទាត់ Mbappe បាននិយាយតាមទូរទស្សន៍ Canal+ ដោយរៀបរាប់យោងទៅនឹងក្រុម Real Madrid ថា៖ «ខ្ញុំនៅទីនេះព្រោះខ្ញុំបានចុះកុងត្រាជាមួយក្រុមនេះ (PSG) រួចហើយ។ វាល្អសម្រាប់ក្រុម Real Madrid បើមានលោក Zizou (គ្រូបង្វឹកក្រុម Madrid លោក Zinedine Zidane) ហើយខ្ញុំនឹងតាមឃ្លាំមើលការប្រកួតរបស់គេដោយយកចិត្តទុកដាក់បំផុត»។
ខ្សែប្រយុទ្ធ Mbappe រកបានគ្រាប់បាល់ក្នុងការប្រកួតលីកនៅរដូវកាលនេះ សរុបចំនួន ៣០ គ្រាប់រួមទាំង ៣ គ្រាប់ចុងក្រោយដែលរូបគេបានជួយឲ្យក្រុម PSG ឈ្នះក្រុម Monaco ៣-១ កាលពីថ្ងៃអាទិត្យ។ លទ្ធផលនេះបានជួយឲ្យ PSG គ្រងជាម្ចាស់ជើងឯកលើកទី ៦ ក្នុងរយៈពេល ៧ ឆ្នាំស្របពេលក្រុមដែលជាគូប្រជែងបំផុត Lille បានធ្លាក់ពិន្ទុ។
ការទទួលបានលទ្ធផលស្នើគ្នា ០-០ ជាមួយក្រុម Toulouse បានធ្វើឲ្យក្រុម Lille ចាញ់ក្រុម PSG ១៦ ពិន្ទុជាមួយការប្រកួតនៅសល់តែ ៥ លើកទៀតប៉ុណ្ណោះជាហេតុធ្វើឲ្យក្រុម PSG រៀបចំពិធីអបអរការលើកពានមុនពេលកំណត់ក្រោយបាត់បង់ឱកាសបែបនេះម្ដងហើយកាលពី ៣ ប្រកួតមុន។
ខ្សែប្រយុទ្ធវ័យក្មេង Mbappe បានប្រាប់ទូរទស្សន៍ Canal+ ថា៖ «ខ្ញុំសប្បាយចិត្តណាស់ បើទោះជារដូវកាលនេះមិនទាន់ចប់ក៏ដោយ ហើយខ្ញុំចង់រកគ្រាប់បាល់បន្ថែមទៀត»។
ខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះកំពុងផ្ដោតលើការលើកពានក្នុងស្រុកឲ្យបានចំនួន ២ នៅមុនពេលការប្រកួតផ្ដាច់ព្រ័ត្រពាន French Cup ជាមួយក្រុម Rennes នៅចុងសប្ដាហ៍នេះបន្ទាប់ពីក្រុមរបស់ខ្លួនបានធ្លាក់ក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។
នៅពេលរំឭកដល់ការចាញ់ក្រុម Man United ៣-១ ក្នុងការប្រកួតជើងទី ២ វគ្គ ១៦ ក្រុម Champion League ក្នុងទឹកដីខ្លួនឯងដែលបានលុបចោលការយកប្រៀបចំពោះការឈ្នះ Man United ២-០ ក្នុងជើងទី ១ នៅក្រៅទឹកដីនោះ Mbappe បាននិយាយថា៖ «យើងមានការខកចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើងជាមួយក្រុម Manchester United ប៉ុន្តែការប្រកួតនៅបន្តនៅឡើយ»។
តារាបាល់ទាត់វ័យក្មេងរូបនេះបានបន្តទៀតថា៖ «ជាការពិតយើងបានរំពឹងខ្លាំងពីការលើកពានក្របខ័ណ្ឌ Champions League ប៉ុន្តែយើងមិនអាចបណ្ដោយឲ្យខ្លួនឯងអស់សង្ឃឹមនោះទេ»។
ការដាក់ឲ្យចូលលេងរបស់ខ្សែប្រយុទ្ធ Neymar នៅពេលចាប់ផ្ដើមតង់ទី ២ ជំនួស Layvin Kurzawa នេះគឺជាការផ្សំគ្រឿងល្អមួយសម្រាប់ក្រុមរបស់លោក Thomas Tuchel ដែលមិនបានដាក់កំពូលតារាសញ្ជាតិប្រេស៊ីលរូបនេះឲ្យចូលលេងតាំងពីថ្ងៃទី ២៣ ខែមករាដោយសាររងរបួសជើងស្ដាំ។
ពាក់ព័ន្ធនឹងការប្រកួតរវាងក្រុម PSG និង Monaco នេះ Mbappe ជាអ្នករកបានគ្រាប់បាល់ទាំង ៣ គ្រាប់ដែលបានកើតឡើងនៅនាទីទី ១៥ នាទីទី ៣៨ ហើយគ្រាប់បាល់ទី ៣ របស់ខ្សែប្រយុទ្ធបារាំងរូបនេះរកបាននៅនាទីទី ៥៥ មុនពេលក្រុម Monaco រកបាន ១ គ្រាប់វិញដោយកីឡាករ Aleksandr Golovin នៅនាទីទី ៨០៕ SN