ក្រុង​មុយនិច៖ Kylian Mbappe និយាយ​ដោយ​ទទូច​ថា ក្រុម Paris Saint-Germain (PSG) នៅ​មាន​កិច្ចការ​ត្រូវ​ធ្វើ​ទៀត ក្រោយ​រូប​គេ​ស៊ុត​បញ្ចូល​ទី ២ គ្រាប់ ក្នុង​ជ័យជម្នះ ៣-២ អំឡុង​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ ៨ ក្រុម​ចុង​ក្រោយ ជើង​ទី១ នៅ​ផ្ទះ​របស់​ក្រុម​ជើងឯក​ចាស់ Bayern Munich។

ការ​លេង​មិន​ចាញ់​សោះ​ជា​បន្តបន្ទាប់​គ្នា​ដល់​ទៅ ១៩ ការ​ប្រកួត នៅ Champions League របស់​ក្រុម Bayern បាន​ដល់​ទី​បញ្ចប់​ក្នុង​ជំនួប​ជាមួយ​ក្រុម​គូប្រជែង​ចាស់ ដែល​ប៉ះគ្នា​កាល​ពី​ឆ្នាំ​មុន ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ក្រុម​យក្ស​អាល្លឺម៉ង់​ស្គាល់​ពាក្យ​បរាជ័យ​នៅ​អឺរ៉ុប​លើក​ដំបូង គិត​តាំង​ពី​ខែ​មីនា ឆ្នាំ ២០១៩ មក។

PSG បាន​ធ្វើ​ការ​នាំ​មុខ​យ៉ាង​លឿន ២-០ បន្ទាប់​ពី​ការ​ប្រកួត​ដែល​ធ្វើ​ដោយ​បិទ​ទ្វារ (អត់​មាន​អ្នក​ទស្សនា) នា​កីឡដ្ឋាន Allianz Arena ដំណើរការ​ទៅ​បាន ២៨ នាទី បន្ទាប់​ពី​ខ្សែប្រយុទ្ធ Neymar បង្កើត​ឱកាស​ឱ្យ Mbappe និង Marquinhos ស៊ុត​បញ្ចូល​ទី​មា្នក់ ១ គ្រាប់។

ក្រុម​ម្ចាស់​ផ្ទះ Bayern ដែល​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ Robert Lewandowski ត្រូវ​អវត្តមាន​ដោយសារ​របួស​ជង្គង់​បាន​តាម​ស្មើ​វិញ ដោយសារ​ការ​តែត​បាន​សម្រេច​មា្នក់ ១ គ្រាប់ របស់ Eric Maxim Choupo-Moting និង Thomas Mueller។

ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង Mbappe បាន​បង្ហាញ​ពី​សមត្ថភាព​កម្រិត​ពិភព​លោក ជាមួយ​នឹង​ការ​ស៊ុត​បាល់​គ្រាប់​ទី២ របស់​ខ្លួន​ក្នុង​ប្រកួត​នេះ យ៉ាង​អស្ចារ្យ ដើម្បី​ជួយ​ឱ្យ​ក្រុម​ភ្ញៀវ​មាន​ភាព​ចំណេញ​សម្រាប់​ការ​ប្រកួត​ជើង​ទី២។

«យើង​បាន​ប្រើប្រាស់​គ្រប់​ឱកាស​ទាំង​អស់ ហើយ​យើង​មាន​សំណាង​ជួយ​តិចតួច​ដែរ តែ​មិន​ទាន់​មាន​អ្វី​ច្បាស់លាស់​នៅ​ឡើយ​ទេ»។ នេះ​ជា​សម្ដី​របស់ Mbappe ដែល​និយាយ​ប្រាប់​ទូរទស្សន៍ Sky ខណៈ​ក្រុម​ទាំង ២ នឹង​ប៉ះគ្នា​ជើង​ទី២ នៅ​ក្រុង​ប៉ារីស​នា​យប់​ថ្ងៃ​អង្គារ។

អ្នក​ចាំទី Keylor Navas របស់​ក្រុម PSG បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ដោយ​ការ​ជួយ​សង្គ្រោះ​ជា​ច្រើន​លើក​ច្រើនសា ពេល Bayern ពង្រាយ​គ្នា​នៅ​មុខ​ទី ហើយ​ស៊ុត​ដល់​ទៅ ៣១ ជើង បើ​ធៀប​ជាមួយ​ក្រុម​អ្នក​មាន​ទៅ​ពី​បារាំង ដែល​មាន ៦ ដង​ប៉ុណ្ណោះ។

កីឡាករ Mueller របស់​ក្រុម Bayern បាន​និយាយ​ថា៖ «យើង​គួរតែ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន។ ប្រសិន​បើ​យើង​បញ្ចប់​ដោយ​ឈ្នះ ក្នុង​លទ្ធផល ៥-៣ ឬក៏ ៦-៣ គ្មាន​នរណា​ម្នាក់​អាច​មក​ប្រកែក​តវ៉ា​ជាមួយ​យើង ដោយ​ផ្អែក​លើ​ឱកាស ដែល​យើង​មាន​ជា​ច្រើន​ដង​នោះ​ឡើយ»។

គ្រូបង្វឹក​របស់ Bayern លោក Hansi Flick ដែល​បញ្ចប់​ការ​ប្រកួត ក្នុង​នាម​ជា​ក្រុម​ចាញ់​លើក​ដំបូង​នៅ Champions League ក៏​មាន​ការ​សោកស្ដាយ​ផង​ដែរ ​នូវ​ឱកាស​ជា​ច្រើន ដែល​ត្រូវ​បាត់បង់​ដោយ​អាសា​ឥត​ការ។

លោក Flick ពោល​ថា៖ «ជាមួយ​នឹង​ឱកាស ដែល​យើង​មាន យើង​គួ​តែ​អាច​ទទួល​បាន​លទ្ធផល​ល្អ បើ​ទោះ​ជា​របូត ៣ គ្រាប់​ក៏​ដោយ។ យើង​មិន​ចង់​ចាញ់​ឡើយ តែ​វិធីសាស្ត្រ​ដែល​ក្រុម​លេង​ត្រូវ​បាន​រារាំង»។

នេះ​ជា​ការ​បង្ហាញ​វត្តមាន​ជា​លើក​ទី​១៩ របស់​ក្រុម Bayern នៅ Champions League ក្នុង​វគ្គ ៨ ក្រុម តែ​អត់​មាន​អ្វី ដើម្បី​ឱ្យ​ពួក​គេ ធ្វើ​ការ​អបអរ​នោះ​ឡើយ នៅ​ពេល​សំឡេង​កញ្ចែ​ចុង​ក្រោយ​បន្លឺ​ឡើង។

ចំណែក​ឯ​អ្នក​ចាត់ការ​របស់​ក្រុម PSG លោក Maurico Pochettino បាន​ថ្លែង​ថា៖ «Kylian Mbappe បង្កើត​ឱ្យ​មាន​ភាព​ប្លែក ក្នុង​ក្រុម។ វា​គឺ​ជា​លទ្ធផល​វិជ្ជមាន​សម្រាប់​ពួក​យើង តែ​គ្រប់​យ៉ាង​មិន​ទាន់​ប្រាកដប្រជា​នៅ​ឡើយ​ទេ»៕ AFP/VN