អាមេរិកៈ កីឡាករវាយកូនបាល់រុស្ស៊ី Daniil Dedvedev បានគេចផុតពីបរាជ័យជាបន្តទៀតនៅវគ្គផ្ដាច់ព្រ័ត្រក្របខ័ណ្ឌសមាគមវិជ្ជាជីវៈវាយកូនបាល់ (ATP) ដោយយកឈ្នះកីឡាករ David Goffin ៧-៦ (៧/៣), ៦៤ ពីថ្ងៃអាទិត្យដើម្បីឈ្នះពាន Cincinnati Masters នៃក្របខ័ណ្ឌ វាយកូនបាល់ ATP។
កីឡាករចំណាត់ថ្នាក់ទី៩ រូបនេះ បានបញ្ចប់ជាមួយការឈ្នះការវាយសឺវីសក្រោយពីសន្សំបានពិន្ទុពីការឈ្នះសឺវីសក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ធ្វើឲ្យរូបគាត់ឈ្នះពានរង្វាន់ Masters 1000 ជាលើកដំបូងក្រោយពីបានឈ្នះអ្នកជាប់លេខ ២ គឺកីឡាករ Nick Kyrgios ក្នុងទីក្រុងវ៉ាស៊ីនតោន និងបានឈ្នះកីឡាករ Rafael Nadal នៅទីក្រុង Montreal ពីចុងសប្ដាហ៍មុន។
កីឡាករ Medvedev បាននិយាយថា៖ «នេះជាការប្រកួតល្អបំផុតក្នុងជីវិតរបស់ខ្ញុំសម្រាប់រយៈពេល ៣ សប្ដាហ៍នេះ គឺថាទាំងទម្រង់លេង និងការវាយសឺវីសរបស់ខ្ញុំគឺល្អបំផុត ហើយការវាយកូនបាល់របស់ខ្ញុំក៏ស៊ីចង្វាក់គ្នាថែមទៀតផងដែរ»។
កីឡាកររូបនេះបានបន្ថែមថា៖ «ខ្ញុំគ្មានការប្រកួតណាមួយអាក្រក់ទេ ហើយខ្ញុំសង្ឃឹមថានឹងបន្តលេងបែបនេះសម្រាប់ការប្រកួតនៅពេល ២-៣ សប្ដាហ៍ទៀតនេះ»។
ក្រោយពីបានចូលរួមប្រកួតនៅក្រោយក្របខ័ណ្ឌ Wimbledon រួចមក ម្ចាស់ជើងឯករូបនេះបានសារភាពថា៖ «ខ្ញុំពិតជាអស់កម្លាំងមែនទែនដែលសឹងតែមិនអាចនិយាយបាននៅពេលនេះ»។
កីឡាកររុស្ស៊ីរូបនេះបាននិយាយដែរថា រូបគាត់បានចាប់ផ្ដើមដាក់កម្រិតក្នុងការប្រកួតចុងក្រោយនៅពេលរូបគេបានគប់ដងរ៉ាកែតចោលមុនពេលសន្សំបានពិន្ទុពីការឈ្នះសឺវីស។
កីឡាកររូបនេះបាននិយាយបន្តថា៖ «ខ្ញុំគិតថា វគ្គផ្ដាច់ព្រ័ត្រនៅទីក្រុង Montreal របស់ខ្ញុំជាមួយកីឡាករ Nadal គឺសំខាន់មែនទែន ហើយខ្ញុំប្រហែលជាអាចប្រើបទពិសោធនោះដែលកីឡាករ David មិនមាន»។
កីឡាករ Medvedev ដែលថ្មីៗនេះបានចំណាត់ថ្នាក់កំពូលទាំង ១០ នៃក្របខ័ណ្ឌ ATP នោះឥឡូវនឹងធ្វើឲ្យរូបគេបានចំណាត់ថ្នាក់ទី ៥ ដោយសារបានឈ្នះ ៣ សប្ដាហ៍មកនេះ។
កីឡាកររូបនេះបានបន្ថែមថា៖ «ខ្ញុំមិនពិនិត្យមើលចំណាត់ថ្នាក់នៅរាល់ពេល ២ នាទីម្ដងទេ ប៉ុន្តែខ្ញុំពិតជាពិនិត្យមើលនៅក្រោយពេលខ្ញុំប្រកួតបានល្អនៅព្រឹត្តិការណ៍ណាមួយព្រោះប្រសិនបើខ្ញុំចាញ់ ខ្ញុំនឹងមានចំណាត់ថ្នាក់ទី ៧ ប៉ុន្តែឥឡូវខ្ញុំមានចំណាត់ថ្នាក់ទី ៥»។
កីឡាករ Medvedev បានឈ្នះអ្នកការពារម្ចាស់ជើងឯក Novak Djokovic ខណៈរូបគេបានផ្ដួលកីឡាករបែលហ្ស៊ិក Goffin ដើម្បីឈ្នះការប្រកួតវាយកូនបាល់ឈានមុខគេលើកទី៣១ នៃក្របខ័ណ្ឌវាយកូនបាល់ ATP។
កីឡាកររូបនេះបានឈ្នះការប្រកួតច្រើនបំផុតនៅគ្រប់ការប្រកួតទាំងអស់នៅឆ្នាំនេះជាមួយការឈ្នះ ៤៣ លើក។
កំពូលតារាអេស្ប៉ាញ Nadal ដែលមិនបានលេងនៅសប្ដាហ៍នេះបានជាប់ចំណាត់ថ្នាក់ទី២ ជាមួយការឈ្នះ ៤១ លើក បន្ទាប់មកគឺកីឡាករ Roger Federer ដែលបានឈ្នះ ៣៩ លើក។
កីឡាករ Medvedev បានប្ដេជ្ញាប្រកួតយកឈ្នះពានរង្វាន់ US Open ដែលជាពានរង្វាន់ចុងក្រោយនៃក្របខ័ណ្ឌ Grand Slam នៅរដូវកាលនេះដែលនឹងចាប់ផ្ដើមនៅឧទ្យាន Flushing Meadows សហរដ្ឋអាមេរិកក្នុងរយៈពេល ១ សប្ដាហ៍ទៀត។
នេះជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រលើកទី២ របស់កីឡាករ Goffin នៅក្នុងឆ្នាំ ២០១៩ នេះក្រោយពីរូបគេបានចាញ់កីឡាករ Federer នៅទីក្រុង Halle ប្រទេស អាល្លឺម៉ង់ ហើយកីឡាកររូបនេះបានប្រាប់កីឡាករ Medvedev ថា៖ «ខ្ញុំសូមអបអរចំពោះក្រុមរបស់អ្នក ហើយជាថ្មីម្ដងទៀត ខ្ញុំគិតថា អ្នកត្រៀមខ្លួនរួចហើយសម្រាប់ការប្រកួតនៅក្នុងបុរីញូវយ៉កក្នុងរយៈពេល ១ សប្ដាហ៍ទៀតនេះ»៕ AFP/SN